ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី អំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់បន្តលើកកម្ពស់សិទ្ធិ និងការចូលរួមរបស់ជនមានពិការភាពកម្ពុជា ដោយមិនមានការរើសអើងពីសង្គមនិងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីជនមានពិការភាពទទួលបានសិទ្ធិពេញលេញ។
ការអំពាវនាវនេះធ្វើឡើងតាមរយៈព្រះរាជសារ នាឱកាស «ទិវាជនមានពិការភាពកម្ពុជាលើកទី ២៥ និងអន្តរជាតិលើកទី៤១» ថ្ងៃទី ៣ ធ្នូ ឆ្នាំ ២០២៣។
ព្រះមហាក្សត្រ បានសម្តែងព្រះទ័យស្ងើចសរសើរចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដោយបានដាក់ចេញនូវគោលនយោបាយជាតិគាំពារសង្គម២០១៦-២០២៥ សំដៅបង្កើតមូលនិធិជាតិជំនួយសង្គម បង្កើនប្រសិទ្ធភាពសេវាកម្មប្រកបដោយតម្លាភាព សមធម៌ និងបរិយាបន្ន ដែលជាការលើកកម្ពស់សុខុមាលភាពជនងាយរងគ្រោះ ជាពិសេស ជនមានពិការភាពឱ្យមានលំនឹងជីវភាពរស់នៅកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។
ឆ្លៀតក្នុងឱកាសនេះ ព្រះករុណា ផ្តាំផ្ញើដល់ជនមានពិការភាពកម្ពុជាសូមបន្តកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ចំណេះ ជំនាញឱ្យទាន់យុគសម័យអភិវឌ្ឍន៍ជឿនលឿន ពិសេសសម័យ បច្ចេកវិទ្យាទំនើបក្រោមដំបូលនៃសន្តិភាព ដើម្បីប្រកួតប្រជែងលើទីផ្សារការងារ និងមុខរបរ ឈានទៅសម្រេចបាននូវគុណភាពជីវិតល្អប្រសើរ។ ក្នុងន័យនេះ ព្រះករុណា អំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់បន្តលើកកម្ពស់សិទ្ធិ និងការចូលរួមរបស់ជនមានពិការភាពកម្ពុជាយើងដោយមិនមានការរើសអើង ដើម្បីសង្គមមួយសម្រាប់ទាំងអស់គ្នា។ ព្រះមហាក្សត្រគូសបញ្ជាក់ថា៖«ជនមានពិការភាពរបស់យើងត្រូវការភាពកក់ក្ដៅ ស្រឡាញ់ រាប់អាន ដែលប្រការនេះគឺជាការលើកទឹកចិត្តដ៏ធំធេងក្នុងការអភិវឌ្ឍខ្លួនរបស់ពួកគាត់ ដោយមិនមានការរើសអើងពីសង្គម និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីជនមានពិការភាពទទួលបានសិទ្ធិពេញលេញ។
ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញសារលិខិត នាឱកាស ទិវាជនមានពិការភាពកម្ពុជា ក្រោមប្រធានបទ «ដំណោះស្រាយប្រកបដោយនវានុវត្តន៍ដើម្បីសង្គមមួយមានផាសុកវត្ថុនិងសមធម៌»។
សារលិខិត បញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា មានមោទនភាពដោយបានចូលរួមរៀបចំប្រារព្ធទិវាដ៏ឱឡារិកនេះ ជាមួយប្រជាជាតិទូទាំងពិភពលោក ជាការអបអរសាទរចំពោះជោគជ័យថ្មីៗ នៃវិស័យពិការភាពដែលបង្ហាញពីឆន្ទៈដ៏មុះមុត និងយកចិត្តទុកដាក់ របស់រដ្ឋាភិបាលនៃប្រទេសនីមួយៗ ជាប្រទេសហត្ថលេខីនៃអនុសញ្ញាស្ដីពីសិទ្ធិជនមានពិការភាព។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា៖«ឆ្នាំ២០២៣នេះ កម្ពុជាបានជ្រើសរើសយកប្រធានបទគន្លឹះមួយ ក្នុងគោលដៅជំរុញឱ្យមានការគិតគូរសមស្រប ដើម្បីសង្គមមួយសម្រាប់យើងទាំងអស់គ្នា ក្នុងឋានៈកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍប៉ុន្តែមានការយកចិត្ត ទុកដាក់ក្នុងយុទ្ធសាស្ត្រនយោបាយយ៉ាងជាក់លាក់ សម្រាប់ការដាក់ចេញនូវចក្ខុវិស័យច្បាស់លាស់ ធ្វើយ៉ាងណាដើម្បីឈានទៅសម្រេចឱ្យបាននូវដំណោះស្រាយប្រកបដោយនាវានុវត្តន៍»។
តាងនាមរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានកិតិ្តយសក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ហ៊ុន ម៉ាណែត ប្តេជ្ញាចិត្តខ្ពស់អនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី១ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ដែលនឹងត្រូវដាក់ឱ្យអនុវត្តជាបន្តបន្ទាប់នាពេលខាងមុខ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង កាត់បន្ថយហានិភ័យសេដ្ឋកិច្ច និងធានាដល់សន្តិសុខប្រាក់ចំណូលរបស់ប្រជាជន ជាពិសេសជនមានពិការភាព៕