កម្ពុជាបានអបអរសាទរ និងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២៣) ដែលត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានលោក ហេង សំរិន លោក ជា ស៊ីម លោក ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ ១៩៧៩។
ក្នុងសារអបអរសាទររបស់លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលត្រូវបានផ្សព្វផ្សាយនៅបណ្តាញសង្គមតេឡេក្រាមនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៣ បញ្ជាក់ថា «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» បច្ចុប្បន្នត្រូវបានដូរឈ្មោះជា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលជាអង្គការចាត់តាំងមហាជនមួយឈានមុខ របស់គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។
នៅក្នុងសារអបអរសាទរដដែលនេះ សង្កត់ធ្ងន់ទៀតថា៖«ឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្ស ប្រជាជនគ្រប់ទិសទី បានក្រោកឈររួបរួមគ្នា ជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេង ពីកងទ័ពស្ម័គ្រចិត្ដវៀតណាម និងការគាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩»។
បើតាម លោក ហ៊ុន សែន មហាជ័យជម្នះ ៧ មករា ១៩៧៩ បានបពា្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្ដិសាស្ដ្រកម្ពុជា បានបើកឡើងនូវសករាជថ្មី ប្រជាជនកម្ពុជាយើងក៏បានទទួលមកវិញនូវសិទ្ធិសេរីភាព និងឱកាសដើម្បីស្ដារកសាងមាតុភូមិរបស់ខ្លួនឡើងវិញ។ ប្រជាជនគ្រប់រូបសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជម្នះ ៧ មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»។
ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ កម្ពុជាបានរៀបចំកម្មវិធី មិទ្ទិញមហាជនអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃថ្ងៃកំណើត «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» ក្រោមអធិបភាពលោកស្រី ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធាន នៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងលោក ជាម យៀប ប្រធានរដ្ឋសភាស្តីទី ដោយមានការចូលរួមពី សមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល តំណាងអង្គទូត និងបណ្តាស្ថាប័នពាក់ព័ន្ធ នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។
ចំណែក លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានចេញនូវសារអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយបានសរសេរថា ៖«ក្នុងនាមយុវជនខ្មែរជំនាន់ក្រោយមួយរូប សូមសម្តែងនូវការអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងប្តេជ្ញាចងចាំជានិច្ចនូវគុណូបការៈដ៏ធំធេងមិនអាចកាត់ថ្លៃរបស់សម្តេចទាំងបី និងវីរជនស្នេហាជាតិទាំងអស់ ដែលបានបូជាកម្លាំងកាយ និងអាយុជីវិត ដើម្បីរំដោះជាតិមាតុភូមិកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានធ្វើឱ្យប្រទេសជាតិ មានសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យដូចសព្វថ្ងៃនេះ»៕