រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន ពេញចិត្តនឹងបន្តសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ដោយបានចាត់ទុកការរួមចំណែក កយកា គឺជាការបង្កើតនូវក្តីសង្ឃឹមថ្មីជូនដល់ក្រុមគ្រួសារក្រីក្រនៅក្នុងសហគមន៍ ដែលទទួលបានការគាំទ្រផ្នែកមនុស្សធម៌លើការងារបោសសម្អាតមីន។
នេះជាការលើកឡើង របស់លោក លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន ក្នុងពេលដែលលោកបានពិភាក្សាការងារស្តីពីសកម្មភាពមីននៅកម្ពុជា ជាមួយលោកស្រី CHOI Moon Jung នាយកទីភ្នាក់ងារកយកាប្រចាំកម្ពុជាតែងតាំងថ្មី ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន។ នេះបើតាមអាជ្ញាធរមីន។
លោក លី ធុជ បានថ្លែងថា តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា លោកពិតជាអរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារកយកាប្រចាំកម្ពុជា ដែលបានចូលរួមដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ហើយការរួមចំណែកនេះ នឹងបានជួយសង្គ្រោះជីវិតមនុស្សរួចផុតពីការគំរាមដោយសារមីន លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទ និងរួមចំណែកដោយការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា តាមរយៈការប្រើប្រាស់ដីប្រកបដោយសុវត្ថិភាព។
លោកបានបញ្ជាក់ថា៖«រដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន ពេញចិត្តនឹងបន្តសហការជាមួយទីភ្នាក់ងារកយការ លើការងារបោសសម្អាតមីននេះ សម្រាប់ភាពជោគជ័យនៃ «គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ (CFR-IV)-សកម្មភាពមីនសម្រាប់គម្រោងអភិវឌ្ឍន៍មនុស្ស»។
លោកស្រី CHOI Moon Jung បានលើកឡើងដែរថា ទីភ្នាក់ងារ កយកា មានតួនាទី ក្នុងការគាំទ្រដល់កិច្ចការអភិវឌ្ឍន៍នៅកម្ពុជាលើវិស័យធ្វើឱ្យប្រសើរឡើងនូវការថែទាំសុខភាពជាសកល និងការអប់រំវិទ្យាសាស្ត្រ ដើម្បីលើកកម្ពស់ទេពកោសល្យនាពេលអនាគត និងលើកកម្ពស់ភាពចម្រុះឧស្សាហកម្ម និងការអភិវឌ្ឍជនបទ ជាដើម។
លោកស្រី Choi ក៏បានកោតសរសើរដល់អាជ្ញាធរមីន ចំពោះភាពជោគជ័យរបស់ខ្លួនក្នុងការអនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដែលបានចូលរួមជួយឱ្យមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការកាត់បន្ថយការគំរាមកំហែងដោយសារគ្រាប់មីននៅក្នុងប្រទេស។
គួររំឭកថា កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៣នេះ កម្ពុជា ទើបតែត្រូវបានអង្គសន្និសីទរដ្ឋភាគីលើកទី២១ នៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា) បោះឆ្នោតជ្រើសតាំងជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឆ្នាំ២០២៤ ដែលកម្ពុជាប្រសិទ្ធនាមជា “កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន”។ កាលបោះឆ្នោតជ្រើសតាំងនេះ ត្រូវបានធ្វើឡើង នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
អាជ្ញាធរមីន បានបញ្ជាក់ថា ក្នុងកិច្ចប្រជុំឆ្នាំ២០២៤ នឹងមានការចូលរួមពីរដ្ឋសមាជិកចំនួន ១៦៤ រដ្ឋអង្កេតការណ៍ដទៃទៀត រួមទាំងអង្គការ-ស្ថាប័នពិភពលោកជាច្រើន។
តាមរយៈសេចក្តីថ្លែង នៅក្នុងអង្គសន្និសីទ លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា កម្ពុជា គឺ ជាប្រទេសទី ៥ នៅលើសកលលោក និង ជាប្រទេសដំបូងគេ បង្អស់ ក្នុងតំបន់អាស៊ី ដែលធ្វើជាប្រធាននិងជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំនេះ ៕