លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រមុខនៃរាជរដ្ឋាភិបាល បានចេញអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ (អ.ជ.ក) ដើម្បីគាំទ្រដល់កិច្ចដំណើរការងារ របស់ អ.ជ.ក ជាពិសេសគ្រប់គ្រងការងាររដ្ឋបាល បុគ្គលិក និងហិរញ្ញវត្ថុ ជាដើម។
អនុក្រឹត្យដែលចុះហត្ថលេខានៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣ បានបញ្ជាក់ថា៖«(អ.ជ.ក) មានតួនាទី និងភារកិច្ច រៀបចំសេចក្តីព្រាងគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ នឹងការងារសម្រុះសម្រួលផ្សះផ្សាវិវាទក្នុងក្របខ័ណ្ឌ អ.ជ.ក. និងរៀបចំសេចក្តីព្រាងក្រមសីលធម៌ ក្រមប្រតិបត្តិ សេចក្តីណែនាំ វិធាន និងលិខិតបទដ្ឋានគតិយុត្តនានា សម្រាប់អនុវត្តការសម្រុះសម្រួលផ្សះផ្សាវិវាទ»។
ស្ថាប័ននេះ ត្រូវរៀបចំយន្តការសម្រាប់ទទួលពាក្យបណ្ដឹង និងសំណុំរឿងវិវាទ ដែលស្នើសុំឱ្យមានការសម្រុះសម្រួល ផ្សះផ្សាវិវាទ ពិនិត្យ និងផ្តល់យោបល់លើសំណើសុំនីតិសម្បទាជាមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ និង រៀបចំ អនុវត្តកម្មវិធីបណ្តុះបណ្តាលដល់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ។
អនុក្រឹត្យនេះបញ្ជាក់ថា«អ.ជ.ក ក៏នឹងពិនិត្យ ស្រាវជ្រាវ ស៊ើបអង្កេត និងផ្តល់យោបល់លើបណ្ដឹងតវ៉ាចំពោះកំណត់ហេតុព្រមព្រៀង បញ្ចប់វិវាទ, ពិនិត្យ និងផ្តល់យោបល់លើទិដ្ឋភាពច្បាប់ចំពោះពាក្យបណ្ដឹង និងសំណុំរឿងវិវាទ ក្នុងក្របខ័ណ្ឌ អ.ជ.ក. ធ្វើកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ, រៀបចំចងក្រង និងបោះពុម្ពផ្សាយនូវច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងឯកសារចាំបាច់នានា ពាក់ព័ន្ធនឹងការងារសម្រុះសម្រួលផ្សះផ្សាវិវាទក្នុងក្របខ័ណ្ឌ អ.ជ.ក.»។
បើតាមអនុក្រឹត្យនេះ អ.ជ.ក មានភារកិច្ចក្នុងការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីការសម្រុះសម្រួលផ្សះផ្សាវិវាទដល់សាធារណជន និង អាជ្ញាធរពាក់ព័ន្ធ, រៀបចំផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពរបស់អគ្គលេខាធិការដ្ឋាននៃ អ.ជ.ក., រៀបចំផែនការយុទ្ធសាស្ត្រថវិកា និងគម្រោងថវិកាប្រចាំឆ្នាំរបស់ អ.ជ.ក. ជាដើម។
សូមបញ្ជាក់ថា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាព លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអនុម័តទាំងស្រុងលើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីការបង្កើតការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ។
បើតាម លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានបង្កើតឡើងដើម្បីជាយន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទនៅកម្ពុជា សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័ស នៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួល ផ្សះផ្សាក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី បង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែទៅកៀកនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន និងធានាបាននូវភាពសុខដុមរមនា និងយុត្តិធម៌ក្នុងសង្គមជាតិ៕