កម្ពុជា និងថៃ សន្យានឹងជំរុញកិច្ចសហប្រតិបត្តិការ និងកងទ័ពប្រទេសទ្វេភាគី ព្រមទាំងការដោះមីននៅតាមព្រំដែនឱ្យអស់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការរស់នៅរបស់ប្រជាជន ក្នុងការបង្កបង្កើនផល ក៏ដូចជាការផ្លាស់ប្ដូរពាណិជ្ជកម្ម និងការបើកច្រកព្រំដែន ដើម្បីជំរុញទំហំពាណិជ្ជកម្មឱ្យកាន់តែមានភាពទូលំទូលាយថែមទៀត។
ការបង្ហាញឆន្ទៈរបស់ភាគីថៃ ធ្វើឡើងអំឡុងពេល លោក សុធីន ខ្លាំងសែង (SUTIN KLUNGSANG) រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានដឹកនាំគណៈប្រតិភូទស្សនកិច្ចនៅកម្ពុជា និងបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២៣។
នៅក្នុងជំនួបជាមួយលោក ហ៊ុន ម៉ាណែត នាពេលនោះ លោក សុធីន ខ្លាំងសែង បានថ្លែងថា ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ ជាពិសេស លើវិស័យការពារជាតិ ឱ្យបានកាន់តែរឹងមាំថែមទៀត ភាគីថៃនឹងបន្តផ្តល់អាហារូបករណ៍ដល់សិក្ខាកាមយោធាកម្ពុជា។
ជាការឆ្លើយតប លោក ហ៊ុន ម៉ាណែត បានអរគុណដល់ភាគីមិត្តថៃ ដែលបន្តផ្តល់នូវការគាំទ្រដល់ការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាតាមបណ្តាយោធភូមិភាគ និងមជ្ឈមណ្ឌលហ្វឹកហ្វឺននានា។ លោកបានបន្ថែមថា លោក ក៏បានគាំទ្រផងដែរដល់ការបន្តរៀបចំលំហាត់រួមគ្រប់កម្រិត និងប្រភេទទ័ព ព្រមទាំងបានបញ្ជាក់អំពីការគាំទ្រដល់កិច្ចសហប្រតិបត្តិការដែលបានឯកភាពគ្នារវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ កម្ពុជា-ថៃ។ នេះបើតាមគណនីតេឡេក្រាមផ្លូវការរបស់លោក ហ៊ុន ម៉ាណែត។
លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖«កម្ពុជា និងថៃ នឹងបន្តកិច្ចសហការជិតស្និទ្ធតាមខ្សែបន្ទាត់ព្រំដែន ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ និងការទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា សំដៅធានាបាននូវតំបន់ព្រំដែនសន្តិភាពជូនប្រជាពលរដ្ឋទាំងពីរ ដែលកំពុងរស់នៅ ប្រកបការងារ និងធ្វើពាណិជ្ជកម្មផ្សេងៗ ប្រកបដោយសុខសុវត្ថិភាព»។
នៅក្នុងជំនួបដាច់ដោយឡែកមួយទៀតរវាង លោក ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ នៅថ្ងៃដដែលនោះដែរ, លោក ហ៊ុន សែន បានលើកទឹកចិត្តរាជរដ្ឋាភិបាលប្រទេសទាំងពីរ កងទ័ពទាំងពីរ ដែលមានកិច្ចសហប្រតិបត្តិការល្អប្រសើរកន្លងមក បន្តកិច្ចសហប្រតិបត្តិការថែមទៀត លើយន្តការដែលមានស្រាប់ បន្ថែមលើយន្តការ JBC និង GBC គឺយើងនៅមានយន្តការជាច្រើនទៀតដូចជា៖ GMS, ACMEC, CLMTV , ASEAN ។ល។
លោកបានបង្ហាញពីក្តីសង្ឃឹមថា ទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងការពារជាតិថៃនៅពេលនេះ នឹងពង្រឹងថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេស រវាងកងទ័ពទាំងពីរ។
សង្ឃឹមថា រដ្ឋាភិបាលរបស់ថៃបច្ចុប្បន្ន និងរដ្ឋាភិបាលថ្មីដឹកនាំដោយអ្នកបន្តវេននៅកម្ពុជា នឹងបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀត ជាពិសេសក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែមានការរឹងមាំ និងលូតលាស់ជាលំដាប់ តាមរយៈការកើនឡើងទំហំពាណិជ្ជកម្ម ការផ្លាស់ប្ដូរទេសចរណ៍តាមព្រំដែន ជាពិសេសតួនាទីសំខាន់របស់កងទ័ព ដែលមានកិច្ចសហប្រតិបត្តិការល្អរវាងគ្នានឹងគ្នា»។ នេះជាបញ្ជាក់បន្ថែម របស់លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។
ជាមួយគ្នានោះដែរ លោក សុធីន ខ្លាំងសែង (Sutin Klungsang) បានកោតសរសើរចំពោះទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ ដែលមានភាពកាន់តែរលូន រឹងមាំជាលំដាប់ ដោយប្រទេសទាំងពីរបានប្រើយន្តការដែលមានស្រាប់នាពេលកន្លងមក ដូចជា៖ យន្តការ JBC (Joint Boundary Committee) ក្នុងការពង្រឹងទំនាក់ទំនងជាលំដាប់។
លោករដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានចាត់ទុកបទពិសោធន៍របស់លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ថាមានសារៈសំខាន់មិនគ្រាន់តែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ក៏ប៉ុន្តែនៅក្នុងវេទិកាពិភពលោក ក៏ដូចជាក្នុងវេទិកាអាស៊ានផងដែរ។
លោករដ្ឋមន្ត្រី បានកោតសរសើរ និងគាំទ្រចំពោះគោលនយោបាយប្រែក្លាយព្រំដែន នៃប្រទេសទាំងពីរ ឱ្យទៅជាព្រំដែនមានសុខសន្តិភាព មានកិច្ចសហប្រត្តិការ និងការអភិវឌ្ឍ ហើយនឹងគោលដៅក្នុងការបញ្ចប់មីននៅកម្ពុជា ក្នុងឆ្នាំ២០២៥។ ក្នុងរឿងនេះ លោកបានឯកភាព ហើយសន្យានឹងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កងទ័ពប្រទេសទាំងពីរ ក្នុងការដោះមីននៅតាមព្រំដែនឱ្យអស់ ដើម្បីបង្កល់លក្ខណៈងាយស្រួលដល់ការរស់នៅរបស់ប្រជាជន ក្នុងការបង្កបង្កើនផល ក៏ដូចជាការផ្លាស់ប្ដូរពាណិជ្ជកម្ម និងការបើកច្រកព្រំដែន ដើម្បីជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឱ្យកាន់តែទូលំទូលាយថែមទៀត៕