ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភាកម្ពុជា លោក សួស យ៉ារ៉ា និងលោក វ៉ូ ហាយហា ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃរដ្ឋសភាសាធារណរដ្ឋសង្គមនិយមវៀតណាម បានប្តេជ្ញាចិត្តរួមគ្នានៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។
ការប្តេជ្ញាចិត្តរួមគ្នារវាងប្រធានគណៈកម្មការកិច្ចការបរទេស នៃរដ្ឋសភាប្រទេសទាំងពីរ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាទ្វេភាគី កាលពីរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ប្រទេសវៀតណាម ខណៈដែលលោក សួស យ៉ារ៉ា បានចូលរួមបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលដឹកនាំដោយ លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងជំនួបពិភាក្សាទ្វេភាគីនោះ លោក សួស យ៉ារ៉ា បានមានប្រសាសន៍ថា ចំណងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសយើងទាំងពីរ ត្រូវបានពង្រឹងនិងពង្រីកយ៉ាងខ្លាំងក្លាជាលំដាប់នៅគ្រប់កម្រិតនិងគ្រប់វិស័យ ជាគុណប្រយោជន៍ និងការអភិវឌ្ឍរបស់ប្រទេសរៀងខ្លួន និងដើម្បីសន្ដិភាព ស្ថិរភាពក្នុងតំបន់ និងពិភពលោក។
លោកក៏បានថ្លែងអំណរគុណចំពោះការបញ្ជូនប្រតិភូរដ្ឋសភាវៀតណាម នៅក្នុងគណៈប្រតិភូអន្តរសភាអាស៊ាន ចូលរួមសង្កេតការណ៍បោះឆ្នោតសកលឆ្នាំ២០២៣ និងបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំ២០២២ ដែលនេះគឺសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការរក្សាបាននូវសាមគ្គីភាពនៃសភានៅក្នុងតំបន់។
លោកបញ្ជាក់ថា៖«ដើម្បីកិច្ចសហប្រតិបត្តិការសភារបស់យើង យើងត្រូវការផ្លាស់ប្តូរទស្សនកិច្ចផ្លូវការនៅគ្រប់កម្រិត រួមមានថ្នាក់ដឹកនាំសភា ក្រុមមិត្តភាព តំណាងរាស្រ្ត និងអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងពីរ។ ជាមួយគ្នានេះ យើងត្រូវបន្តយកចិត្តទុកដាក់កសាងសមត្ថភាពមន្រ្តីជំនាញនៃអគ្គលេខាធិការដ្ឋាន និងធ្វើទំនើបភាវូនីយកម្មស្ថាប័នសភា ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការផ្តល់សេវាសំខាន់ៗជូនដល់តំណាងរាស្ត្រ ដើម្បីបំពេញតួនាទីរបស់ខ្លួនឱ្យមានប្រសិទ្ធភាព ក្នុងការបម្រើដល់ប្រជាពលរដ្ឋ និងឧត្តមប្រយោជន៍ជាតិ»។
ក្នុងជំនួបនោះលោក វ៉ូ ហាយហា បានស្នើឱ្យរដ្ឋសភាប្រទេសទាំងពីរ គាំទ្រការចុះអនុស្សរណៈយោគយល់គ្នានៃរដ្ឋាភិបាលវៀតណាម និងកម្ពុជា នាពេលថ្មីៗនេះ ហើយបន្តកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមកទាំងក្របខ័ណ្ឌនីតិប្រតិបត្តិនិងនីតិប្បញ្ញត្តិ។ លោកក៏បានគាំទ្រចំពោះការលើកឡើងរបស់ លោក សួស យ៉ារ៉ា ដោយបានគូសបញ្ជាក់បន្ថែមថា ការស្នើពិនិត្យ និងកែសម្រួល ដើម្បីបំពេញបន្ថែមនូវចំណុចខ្វះខាតនៅក្នុងកិច្ចព្រមព្រៀងរវាងរដ្ឋសភាប្រទេសទាំងពីរ លោកនឹងពាំនាំជូនថ្នាក់ដឹកនាំរដ្ឋសភាវៀតណាមពិនិត្យពិចារណាបន្ថែម។
បន្ថែមពីនេះលោក វ៉ូ ហាយហា បានអបអរសាទរចំពោះការរីកចម្រើនឥតឈប់ឈររបស់កម្ពុជា ជាពិសេសការគ្រប់គ្រងប្រកបដោយជោគជ័យនៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងបានអបអរសាទរចំពោះជោគជ័យនៃការរៀបចំកិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ាន(AIPA)លើកទី៤៣ ដែលសភានៃព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕