រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការដៃគូ នឹងរៀបចំសិក្ខាសាលាបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្ដីពី «គោលការណ៍ណែនាំការគ្រប់គ្រងថវិកាសម្រាប់ដំណើរការអភិវឌ្ឍន៍សហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រី» នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២៣ខាងមុខនេះ។
សិក្ខាសាលានេះ គាំទ្របច្ចេកទេសដោយអង្គការស្បៀង និងកសិកម្មសហប្រជាជាតិ (FAO) តាមរយៈកម្មវិធី CAPFISH-Capture ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប។
សេចក្តីប្រកាសព័ត៌មានរបស់ FAO បានឱ្យដឹងថា គោលការណ៍ណែនាំការគ្រប់គ្រងថវិកាសម្រាប់ដំណើរការអភិវឌ្ឍន៍សហគមន៍នេសាទ ត្រូវបានបង្កើតឡើងដើម្បីឱ្យមានការគ្រប់គ្រងកាន់តែប្រសើរឡើងនូវថវិកាដែលផ្ដល់ជូនសហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រី តាមរយៈកម្មវិធីជំរុញកំណើនវិស័យជលផល ប្រកបដោយចីរភាព និងបរិយាបន្ន (CAPFISH-Capture)។
សិក្ខាសាលា នឹងមានសុន្ទរកថាផ្លូវការរបស់លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុកជាប្រធានរដ្ឋបាលជលផល លោក Everaert Koen អនុប្រធានផ្នែកសហប្រតិបត្តិការនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា និងលោកស្រី Rebekah Bell នាយកប្រចាំប្រទេសអង្គការ FA។ តាមរយៈសិក្ខាសាលានេះផងដែរ នឹងមានធ្វើបទបង្ហាញនានា និងការប្រគល់វិញ្ញាបនបត្រចំនួន ៥៦៨ ដល់សិក្ខាកាមតំណាងមកពីខណ្ឌរដ្ឋបាលជលផល សហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រី។
សូមជម្រាបថា កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាបន្ន (ផ្នែកនេសាទ) (CAPFISH-Capture) ដែលជាកម្មវិធីជលផលដ៏ធំបំផុតមួយរបស់សហភាពអឺរ៉ុប។
កម្មវិធីនេះ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រង ការអភិរក្សជលផល និងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិនានាស្តីពីជលផល រួមទាំងផែនការសកម្មភាពដើម្បីទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត ក្នុងដែននេសាទសមុទ្រ និងទឹកសាប។
ជាពិសេសពង្រឹងក្របខ័ណ្ឌគ្រប់គ្រងជលផល តាមរយៈជួយដល់រាជរដ្ឋាភិបាលកម្ពុជាឱ្យសម្រេចបាននូវការអភិវឌ្ឍធនធានជលផលទឹកសាប និងសមុទ្រឱ្យមាននិរន្តរភាព រួមចំណែកដល់សន្តិសុខស្បៀង និងការកាត់បន្ថយភាពក្រីក្រ តាមរយៈការកែលម្អការអភិរក្ស ការគ្រប់គ្រង និងការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជលផលក្នុងដែននេសាទសមុទ្រ និងទឹកសាប រួមចំណែក ដល់ការអភិវឌ្ឍជលផលក្រោយការប្រមូលផល និងការកែលម្អភាពធន់របស់សហគមន៍នេសាទបឹង ទន្លេសាប និងតំបន់ឆ្នេរ៕