ក្រចេះ: ​ថ្វីដ្បិត​តែ​មិន​ទាន់​បញ្ចប់​ថ្នាក់​បរិញ្ញា​បត្រ​លើ​ជំនាញ​ «​ការពារ​ដំណាំ​និង​បច្ចេក​វិទ្យា​ប្រមូល​ផល​»​ ក្តី​តែ​និស្សិត​ដួង ​មុនី ​និង​មិត្ត​រួម​ក្រុម​ប្រុស-​ស្រី​ចំនួន​ ៧ ​នាក់​ទៀត​នៃ​សាកល​វិទ្យាល័យ​ក្រចេះ​ បាន​ឆ្លៀត​ប្រើ​ជំនាញ​ដែល​កំពុង​សិក្សា​មក​កែ​ច្នៃ​គ្រាប់​ស្វាយ​ចន្ទី​គល់​ស្លឹកគ្រៃ​ផ្កា​ម្ជូរ​ព្រឹក្ស​ និង​ប្រទាល​កន្ទុយ​ក្រពើ​ និង​តែ​ជ្រក់​ទៅជា​ភេស​ជ្ជៈ ​៥ ​ប្រភេទ​ ខណៈ​និស្សិត​រូបនេះនិយាយ​ថា បើ​មាន​ជំនួយ​ជា​ទុន​ និង​អាច​ផលិត​បាន​ និង​កាត់​បន្ថយ​ភេសជ្ជៈ​នាំ​ចូល​។ 

​កាល​ពី​នៅ​សាលា​បឋម​សិក្សា​ដែល​សូម្បីតែ​ស្រមៃ​ក៏​មិន​ធ្លាប់​គិត​ថា​ ខ្លួន​នឹង​ក្លាយ​ជា​អ្នក​កែច្នៃ​ភេសជ្ជៈ​ផង​នោះ​យុវ​និស្សិត​ដួង​មុនី​អាយុ​២០​ឆ្នាំ​ជា​តំណាង​ឱ្យ​ក្រុម​បាន​ប្រាប់​ថា​រូបគេ​ជា​កូន​កសិករ​រស់នៅ​ភូមិ​ថ្ម​គ្រែ​លើ​ឃុំ​ថ្ម​គ្រែ​ស្រុក​ចិត្ត​បុរី​ខេត្តក្រចេះ​។​បច្ចុប្បន្ន​កំពុង​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​ក្រចេះ​ឆ្នាំ​ទី​៤​ លើ​មុខ​ជំនាញ​ការពារ​ដំណាំ​និង​បច្ចេក​វិទ្យា​ប្រមូល​ផល​។​

​យុវជន​ មុនី​ បាន​ប្រាប់​ថា​ មុន​នឹង​កែច្នៃ​ចេញ​ជា​ភេសជ្ជៈ​នេះ​គឺ​ក្រុម​របស់​ខ្លួន​បាន​លើក​ជា​គំនិត​ទៅ​ជម្រាប​គ្រូ​ដឹក​នាំ​ក្រុម​អំពី​គោល​បំណង​ចង់​ធ្វើ​អ្វីមួយ​ហើយ​បង្ហាញ​ដល់​គ្រូ​ថា​ដើម្បី​កែច្នៃ​កើត​ចេញ​ជា​លទ្ធ​ផល​អ្វី​១​ត្រូវយក​អ្វី​ផ្សំ​នឹង​អ្វី​?បន្ទាប់ពី​លោក​គ្រូ​យល់​ព្រម​ហើយ​ពួកគេ​ក៏​ចាប់​ជា​ក្រុម​ដែល​មាន​គ្នា​៨​នាក់​(​ស្រី​៤​នាក់​)​ហើយ​បានស្រា​ជ្រាវ ពី​ព្រោះ​នៅ​ក្នុង​សាកល​វិទ្យា​ល័យ​មាន​បន្ទប់​សម្រាប់​ឱ្យ​និស្សិត​អនុវត្ត​ជាក់​ស្តែង​។​

​មុនី​ បាន​រៀប​រាប់​ថា​ ចំពោះ​ភេសជ្ជៈ​ដែល​ពួក​គេ​ជ្រើស​រើស​កែ​ច្នៃ​មាន​៥​ប្រភេទ​រួមមាន​​ភេសជ្ជៈ​ទឹក​គ្រាប់​ស្វាយ​ចន្ទី, ​ភេសជ្ជៈ​គល់​ស្លឹក​គ្រៃ,​ភេសជ្ជៈ​តែ​ម្ជូរ​ព្រឹក្ស​តែ​ជ្រក់​និង​ភេសជ្ជៈ​ប្រទាល​កន្ទុយ​ក្រពើ​។​រីឯ​វិធី​ស្ងោរ​ចម្អិន​និង​លាយ​វត្ថុធាតុដើម​វិញ​​គឺមាន​សភាព​ប្រហាក់​ប្រហែល​គ្នា​ទេ​។តួយ៉ាង​ដូច​ជា​ ផ្កា​ម្ជូរ​ព្រឹក្ស​ដែល​ផ្កា​របស់​វា​មាន​រសជាតិ​ជូរជាដើម​​ដើម្បីឱ្យ​កើតជា​ទឹក​ភេសជ្ជៈ​ម្ជូរ​ព្រឹក្ស​បាន​ដំបូង​ត្រូវយក​ផ្កា​វា​មក​ស​ម្ងួ​ត​ហើយ​ដាំ​ក្នុង​ទឹក​ដែល​ពុះ​ដើម្បី​ឱ្យចេញ​ជាតិ​ជូរ​និង​ចេញ​ពណ៌​របស់​វា​។​បន្ទាប់មក​លាយ​ស្ករ​តាម​កម្រិត​កំណត់​ហើយ​ស្ងោរ​ចន្លោះពេល​១​ទៅ​២​ម៉ោង​គឺ​កើត​បាន​ជា​ភេសជ្ជៈ​ហើយ​។​

​បើតាម​យុវ​និស្សិត ​ដួង មុនី​ ចំពោះ​ភេសជ្ជៈ​ទាំង​៥​ប្រភេទ​នេះ​បើ​ឱ្យ​ត្រូវ​តាម​កម្រិត​ស្តង់​ដា​សកល​នោះ​គឺ​មិន​ទាន់​ដល់​កម្រិត​ស្តង់​ដា​ទេ​ដោយ​សារ​បញ្ហា​នេះ​ពួក​គេ​មិនទាន់​បាន​សិក្សា​លម្អិត​បន្ថែម​ទៅលើ​សារ​ធាតុ​ចិញ្ចឹម​និង​ប្រូ​តេ​អ៊ីន​ដែល​មាន​នៅក្នុង​ភេសជ្ជៈ​នៅឡើយ​។​ប៉ុន្តែ​ភេសជ្ជៈ​នេះ​គេ​អាច​ញ៉ាំ​បានជា​ទូទៅ​មិន​ប៉ះពាល់​ដល់​សុខ​ភាព​ឡើយ​ព្រោះ​ការកែច្នៃ​នេះ​បាន​កំណត់​កម្រិត​ជាតិ​ស្ករ​និង​គ្រឿង​ផ្សំ​គិត​ជា​ភាគ​រយ​ត្រឹម​ត្រូវ​អស់​ហើយ​។​រាល់​ភេសជ្ជៈ​នីមួយៗ​ប្រើ​ស្ករ​ចន្លោះ​ពី​៨​ទៅ​១០​ភាគ​រយ​នៃ​ទឹក​តែបើ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​អាច​ប៉ះពាល់​ដល់​សុខ​ភាព​របស់​គាត់​ខ្លះ​ដែរ​។​

​យុវ​និស្សិត​ មុនី​ បាន​ពោល​ថា​៖ «​មូលហេតុ​ដែល​ក្រុម​ខ្ញុំ​ផ្តើម​គំនិត​កែច្នៃ​ភេសជ្ជៈ​នេះ​ឡើង​ ព្រោះយល់​ថា​ប្រសិនបើ​ជោគ​ជ័យ​មែន​នឹង​ជួយ​បង្កើន​តម្លៃ​ទីផ្សារ​លក់​វត្ថុ​ធាតុ​ដើម​ក្នុងស្រុក​បាន​ច្រើន​។នេះ​ខ្ញុំ​គិតថា​ បើ​ភេសជ្ជៈ​ទាំង​នេះ​នឹង​ក្លាយ​ជា​ផលិត​ផល​មួយ​អាច​ដំណើរ​ការ​លក់​បាន​មែន​»​។

​ដួង ​មុនី​ បាន​រៀបរាប់​បន្ត​ថា ​បើទោះ​ជា​ការកែ​ច្នៃ​ភេសជ្ជៈ​របស់​ក្រុម​ខ្លួន​ទើបតែ​ជា​គំរូ​ក្តី​តែ​ភេសជ្ជៈ​ទាំង​៥​ប្រភេទ​នេះ​អាច​យក​ទៅ​ទទួល​ទាន​បាន​។​ដូច្នេះ​ប្រសិន​បើមាន​ការ​ជួយ​ឧបត្ថម្ភ​ពី​ស្ថា​ប័ន​ណា​មួយ​ក្នុង​ការ​បង្កើត​ជា​សហ​គ្រាស​ឬ​សិប្ប​កម្ម​គឺ​នឹង​អាច​ដំណើរ​ការ​បាន​ ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ថែមទាំងផ្តល់​ការងារ​ដល់​ប្រជា​ពលរដ្ឋ​បាន​ទៀត​ផង​។​បច្ចុប្បន្ន​ភេសជ្ជៈ​ទាំង​៥​ប្រភេទ​នេះ​មាន​ដាក់​លក់​នៅក្នុង​សា​កល​វិទ្យា​ល័យ​ក្រចេះ​និង​នៅ​តាម​សាខា​ស្ថានីយប្រេង​ឥន្ទ​នៈ​PTT​ក្នុង​ក្រុង​ក្រចេះ​​។​

​​យុវជន​ ដួង មុនី​ បាន​ឱ្យ​ដឹង​ថា ​បច្ចុប្បន្ន ​យុវជន​ក៏​ដូចជា​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ចូល​ចិត្ត​ទទួល​ទាន​ភេសជ្ជៈ​ទូទៅ ជា​គ្រឿង​កំប៉ុង​ដែល​មាន​ប្រើ​សារ​ធាតុ​រក្សាទុក​បាន​យូរ​ក្នុង​កម្រិត​ខ្ពស់​តែ​ពួក​គាត់​មិន​សូវ​ចូល​ចិត្ត​ភេជ្ជៈ​ដែល​មានអ័រ​ហ្គា​និក(​ប្រភេទ​អាហារ​សរី​រាង្គ​)​ទេ។

លោកស្រី អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម (កណ្ដាលស្ដាំ) និងអ្នកជំនាញអឺរ៉ុបពិនិត្យភេសជ្ជៈផលិតដោយនិស្សិតនៅក្រចេះ ក្នុងខែធ្នូនេះ៕ហុង មិនា

​ចំពោះ​ភេសជ្ជៈ​ទាំង ​៥​ ប្រភេទ​ខាង​លើ​មាន​៤​ប្រភេទ​អាច​រក្សា​ទុក​ក្នុង​សីតុណ្ហ​ភាព​៥​អង្សា​បាន​ក្នុង​រយៈ​ពេល​ប្រហែល​ជា​កន្លះ​ខែ​តែបើ​ភេសជ្ជៈ​គ្រាប់​ស្វាយ​ចន្ទី​ទុក​ឆាប់​ខូច​ព្រោះ​វា​សម្បូរ​ដោយ​សារ​ធាតុ​ចិញ្ចឹម​ច្រើន​។​

​ជុំវិញ​ការ​ងារ​កែច្នៃ​ភេសជ្ជៈ​នេះលោ​ក ហ៊​ន មេត្តា ជា​គ្រូ​ដឹក​នាំ​ក្រុម​របស់​យុវជន​ដួង ​មុនី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ ចំពោះ​ក្រុម​និស្សិត​៨​នាក់​នេះ​ជាម​នុស្ស​ដែល​មាន​ភាព​សកម្ម​ហើយ​បើ​លោក​ពន្យល់​ប្រាប់​អ្វី​មួយ​គឺ​ពួក​គាត់​ឆាប់​ចាប់​បាន​។​ឧទា​ហរណ៍​ថាបើ​ពួក​គាត់​ចង់​បង្កើត​ជា​អ្វី​១​ក៏​លើក​ជា​គម្រោង​ដាក់​មកឱ្យ​លោក​ពិនិត្យ​មើល​សិន​ថា​តើ​អាច​ធ្វើ​បាន​ឬ​អត់​?​ដោយ​ឡែក​ភេសជ្ជៈ​ទាំង​ ៥ ​ប្រភេទ​នេះ​ខាង​សា​កល​វិទ្យា​ល័យ​ក្រចេះ​កំពុង​រៀបចំ​ក្នុង​កម្មវិធី​ភូមិ ​១​ ផលិត​ផល​ ១​ នៅ​ខេត្ត​ក្រចេះ​ហើយ​ភ្ញៀវ​អាច​ទិញ​យក​ទៅ​ទទួល​ទាន​បាន។​

​លោក​បាន​បញ្ជាក់​ថា​៖ «​ឱ្យថា​ត្រូវតាម​ស្តង់​ដា​ដូច​របស់គេ​គឺ​វា​មិន​ទាន់​ដូច​គេ​ទេ​ព្រោះ​យើង​កែច្នៃ​ជា​រយៈ​ពេល​ខ្លី​មិន​ដាក់​សារ​ធាតុ​ចិញ្ចឹម​។​ខាង​សា​កល​វិទ្យា​ល័យ​គ្រោង​នឹង​រៀបចំ​ឱ្យមាន​ការផលិត​លក់​នៅ​តាម​ទីផ្សារ​តែ​បច្ចុប្បន្ន​យើង​មិន​អាច​ធ្វើ​បាន​ភ្លាម​ទេ​»​។​

​ជុំវិញ​បញ្ហា​នេះ​ដែរ​ លោក​ស្រី ​ឃួន វិច្ឆិកា ​អ្នក​នាំពា​ក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ ទាក់​ទង​ទៅ​នឹង​ចំណុច​នេះ​កន្លង​មក​ក្រសួង​អប់រំ​យុវជន​និង​កីឡា​មាន​គម្រោង​មួយ​ដែល​ហៅ​ថា​គម្រោង​កែ​លម្អ​កម្រិត​ឧ​ត្ត​មសិ​ក្សា​ដោយ​ក្នុង​នោះ​ក្រសួង​ជំរុញ​ឱ្យមាន​ការស​ហកា​រ​គ្នា​រវាង​វិទ្យា​ល័យ​ក៏ដូចជា​នៅ​សា​ក​លវិទ្យា​ល័យគឺ​ជំរុញ​ស្ថាប័​ន​សិក្សា​ទាំង​២​កម្រិត​នេះ​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​និង​កែច្នៃ​ម្ហូប​អាហារ​ឬក៏​​ប្រើ​ប្រាស់​ធន​ធាន​ដែល​មាន​នៅ​តាម​ស្រុក​ខេត្ត​នីមួយៗ​ ដើម្បី​កែច្នៃ​សម្រាប់​ប្រើ​ប្រាស់​និង​បញ្ចេញ​ជា​ផលិត​ផល​។​នៅ​ក្នុង​នោះ​ដែរ​មិន​មែន​ទាក់​ទង​តែទៅ​នឹង​វិស័យ​កសិកម្ម​ដូចជា​ការកែ​ច្នៃ​ម្ហូប​អាហា​រនេះ​ទេ​ក៏ប៉ុន្តែ​វា​ទាក់​ទង​នឹង​វិស័យ​ផ្សេងៗ​ទៀត​ផង​ដែរ​។​

​លោក​ស្រី​បាន​បញ្ជាក់​ថា​៖ «​ក្រៅ​ពីនោះ​ក្រសួងក៏​មាន​កញ្ចប់​ថវិកា​គាំទ្រ​ពី​រាជ​រដ្ឋាភិ​បាល​ក្នុងការ​ដំណើរ​ការ​និង​ជំរុ​ញឱ្យធ្វើ​ការ​ស្រាវ​ជ្រាវ​និង​ជំរុញ​ឱ្យ​សិស្សានុ​សិស្ស​ខិតខំ​ស្រាវ​ជ្រាវ​សាក​ល្បង​និង​កែច្នៃ​ម្ហូប​អាហារ​ក៏ដូច​ជា​ការងារ​ផ្សេងៗ​ទៀត​ទាក់​ទង​តាំងពី​អេ​ឡិច​ត្រូ​និ​កឬ​ក៏​ដូចជា​ឌីជីថល​ជា​ដើមដែរ​»​។​

​បើ​តាម​លោក​ស្រីអ្នក​នាំពាក្យនៅ​សាកល​វិទ្យា​ល័យ​ក្រចេះ​ក៏មាន​កម្មវិធី​ដែល​ទាក់​ទង​ទៅនឹង​ការ​អភិ​វឌ្ឍ​កសិ​កម្ម​និង​សហ​គមន៍​ដែរ។​នៅក្នុង​នោះ​មុខ​វិជ្ជា​នេះ​ក៏​ផ្តោត​លើ​ការ​កែច្នៃ​ម្ហូប​អាហារ​​និង​ការប្រើ​ប្រាស់​​ធន​ធាន​ដែល​ខ្លួន​មាន​ដើម្បី​អភិ​វឌ្ឍ​កែច្នៃ​ឱ្យ​ទៅ​ជា​របស់របរ​ប្រើ​ប្រាស់​និង​សម្ភារ​ក៏ដូច​ជា​ម្ហូប​អាហារ​ផង​ដែរ​។​

​លោក​ស្រី​ វិច្ឆិកា ​បាន​បន្ត​ថា ​ដើម្បី​លើកក​ម្ពស់​ក៏​ដូច​ជា​គាំទ្រ​ដល់​និស្សិត​ឱ្យ​ខិតខំ​ប្រឹង​ប្រែង​ស្រាវ​ជ្រាវ​​ដែរនោះ សា​កល​វិទ្យា​ល័យ​បាន​ធ្វើ​ការងារ​ជាច្រើ​ន​គឺ​ទី​១​ទាក់ទ​ង​នឹង​កិច្ច​សហ​ការ​ជាមួយ​សហ​គមន៍​និង​បណ្តាញ​នានា​នៅ​ជុំវិញ​នោះ​ដើម្បី​ឱ្យ​សិស្ស​និស្សិត​អាច​ចុះទៅ​ស្រាវ​ជ្រាវ​ក៏ដូច​ជា​បង្ហាត់​បង្ហាញ​និង​ចូលរួម​ជួយ​ដល់​អ្នក​ដែល​រស់​នៅ​ក្នុង​ខេត្ត​ហ្នឹង​ក្នុង​ការ​កែច្នៃ​ម្ហូប​អាហារ​ដែល​ខ្លួន​មាន​។

​ទី​២​ឧទា​ហរណ៍​ថា​នៅក្នុង​សា​កល​វិទ្យា​ល័យ​មាន​រៀបចំ​ជា​កម្មវិធី​ផ្សេងៗ​គឺ​ក្រុម​និស្សិត​គាត់​មាន​ឱកាស​ក្នុង​ការ​បញ្ចេញ​ស្នា​ដៃ​ឱ្យឃើញ​និង​ទាក់​ទង​ជា​មួយ​ដៃគូ​ដូច​ជា​អង្គការ​FAO​ជា​ដើម​ដែល​ពួក​គាត់​ចូល​រួម​ស​ហ​ការ​ក្នុង​ការ​ស្រាវ​ជ្រាវ​និង​ចុះ​ធ្វើ​កម្ម​សិក្សា​ផង​ដែរ​។​

​បើ​តាម​លោក​ស្រី​ វិច្ឆិកា ​កន្លង​មក​ខាង​សា​កល​វិទ្យា​ល័យ​ក្រចេះ​បានធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​សហ​គ្រាស​ក៏​ដូចជា​អ្នក​ដែល​គាត់​អាច​ពាក់​ព័ន្ធ​ហើយ​ក៏បាន​ផ្តល់​ឱកាស​ការ​ងារ​ផង​ដែរ​។​ដូច្នេះ​ហើយ​តាម​ប្រសា​សន៍​របស់​លោក​សា​កល​វិទ្យា​ធិ​ការ​គឺ​និស្សិត​ដែល​រៀន​ចប់​និង​កំពុង​សិក្សា​ក៏ដោយ​គឺ​ពួក​គាត់​សុទ្ធ​តែ​មាន​ការ​ងារ​ធ្វើ​ទាក់​ទង​ទៅ​នឹង​ជំនាញ​ដែល​ពួក​គាត់​កំពុង​សិក្សា​ផង​ដែរ​៕

ផលិតផល ដែលកែច្នៃ​វត្ថុ​ធាតុ​ដើម​ក្នុង​ស្រុក​។ហុង មិនា