ភ្នំពេញៈ នៅក្នុងឆ្នាំ ២០២៣ នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានធ្វើការលែងត្រីរាជចំនួន ១២ ក្បាល ត្រីគល់រាំង ៧ ក្បាល អណ្តើកសមុទ្រ ៧០ ក្បាល អណ្តើកហ្លួង ២២ ក្បាល ក្នុងចំណោមប្រភេទធនធានជលផលដែលកំពុងរងគ្រោះថ្នាក់មាន ៥៨ ប្រភេទ ដែលនៅក្នុងនោះមានទឹកសាប ២៩ ប្រភេទ និងទឹកប្រៃ ២៩ ប្រភេទ។
តាមលោកឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ត្រីរាជមិនសម្បូរទេនៅក្នុងធម្មជាតិដោយសារប្រភេទត្រីនេះអាចបន្តពូជបាន នៅពេលមានអាយុរហូតដល់៧ឆ្នាំ ដូចនេះរាជរដ្ឋាភិបាលបានចាត់ប្រភេទត្រីនេះ ជាក្រុមជិតផុតពូជ ដោយអនុក្រឹត្យលេខ១២៣អនក្រ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ និងហាមឃាត់ការចាប់ ការសម្លាប់ និងការជួញដូរ។
លោក ហ្វីណង់ ថ្លែងថា៖ «ក្នុងករណីបងប្អូនអ្នកនេសាទចាប់បានត្រូវលែងត្រឡប់វិញដោយគ្មានលក្ខខណ្ឌ ឬត្រូវផ្តល់ដំណឹងដល់មន្ត្រីមានសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍។
លោកថ្លែងថា នៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០២៣ នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានធ្វើការដោះលែង ត្រីរាជ ដែលប្រជានេសាទចាប់បានចំនួន ៣ក្បាលរួចមកហើយ។
ជាក់ស្តែង ត្រីរាជញី១ក្បាលដែលមានទម្ងន់ ១៦៣គីឡូក្រាម ប្រវែងដងខ្លួន ២,២៥ម៉ែត្រ ត្រូវបានដោះលែងកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅខេត្តត្បូងឃ្មុំ ដោយមានការសហការជាមួយរដ្ឋបាលជលផលខេត្តត្បូងឃ្មុំក្រុមការងារវិទ្យាស្ថានស្រាវជ្រាវជលផលទឹកសាប និងក្រុមការងារអច្ឆរិយភាពនៃទន្លេមេគង្គ ដែលបានរកឃើញដោយអ្នកនេសាទឈ្មោះ ស៊េន យ៉ាក់កូប នៅគល់ស្ពានគីហ្សូណា ខេត្តត្បូងឃ្មុំ។ ត្រីរាជញីនេះដែរ ត្រូវបានដាក់ឈ្មោះថា “នារីរ័ត្នត្បូងឃ្មុំ”។
កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ត្រីរាជ ១ក្បាលទៀតដែលមានទម្ងន់ ១១៥គីឡូក្រាម ប្រវែង ២,២ម៉ែត្រ ដែលត្រូវនេសាទដោយលោក ម៉ុត សាវឿន អាយុ ៥១ឆ្នាំ នៅភូមិពាមជំនីក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។
ចំណែកត្រីរាជ ១ក្បាលចុងក្រោយគឺ មានទម្ងន់ត្រឹមតែ ៧៥ គីឡូក្រាម និងប្រវែង ១,៦ម៉ែត្រ ត្រូវបាននេសាទបាន និងដោះលែងវិញជាស្ថាបពរដូចគ្នានៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ដោយលោក ហ្វា លី អាយុ ៤៦ឆ្នាំ នៅខេត្តកំពង់ឆ្នាំង។នៅក្នុងរយៈពេល ៣ឆ្នាំមកនេះ ចំនួនត្រីរាជដែលបានដោះលែង គឺនៅក្នុងឆ្នាំ២០២១ មានចំនួន ៨ក្បាល ឆ្នាំ២០២២ មានចំនួន ៦ក្បាល និងឆ្នាំ២០២៣ មានចំនួន ១២ក្បាល៕កុសល សិរីកន្យា