ភ្នំពេញៈ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានថ្នាក់ដឹកនាំមន្ត្រីនៃគ.ស.ម.ក. ចុះទៅពន្ធនាគារខេត្តកណ្តាល ដើម្បីពិនិត្យពីស្ថានភាពនៃការឃុំឃាំង ការអនុវត្តសិទ្ធិមនុស្ស និងសួរសុខទុក្ខជនជាប់ឃុំ រួមទាំងលោក ខៀវ សំផន ផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.)នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសនៃការចុះពិនិត្យស្ថានភាពនេះ លោក កែវ រ៉េមី បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃពន្ធនាគារខេត្តកណ្តាល ដែលបានបំពេញតួនាទីភារកិច្ចដោយការយកចិត្តទុកដាក់ខ្ពស់ ដែលបង្កឱ្យស្ថានភាពនៃការរស់នៅរបស់ជនជាប់ឃុំមានលក្ខណៈល្អប្រសើរ និងទទួលបានសិទ្ធិតាមការកំណត់នៃច្បាប់ស្ដីពីពន្ធនាគារ។
ប្រភពដដែលបានបញ្ជាក់ថា៖ «គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អរគុណដល់ថ្នាក់ដឹកនាំ និងមន្ដ្រីពន្ធនាគារទាំងអស់ ដែលតែងតែផ្ដល់ការសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានាពេលកន្លងមក ក្នុងការលើកកម្ពស់ ការការពារសិទ្ធិ និងសេរីភាពរបស់ជនជាប់ឃុំ»។
ទន្ទឹមនេះ លោកក៏បានផ្តាំផ្ញើ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារឱ្យយកចិត្តទុកដាក់បន្ថែមទៀត ចៀសវាងការប្រើអំពើហិង្សានិងការធ្វើទារុណកម្ម ជាពិសេសសូមប្រកាន់ខ្ជាប់និងគោរពតាមបទដ្ឋានសិទ្ធិមនុស្សជាតិនិងអន្តរជាតិ។
សូមបញ្ជាក់ដែរថា លោក ខៀវ សំផន គឺជាអតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ និងជាអតីតមេដឹកនាំខ្មែរក្រហមតែ១គត់ដែលនៅមានជីវិតនៃសំណុំរឿង ០០២/០២ របស់ សាលាក្តីខ្មែរក្រហម ហើយកំពុងតែអនុវត្តទោសជាប់ពន្ធនាគារអស់ ១ជីវិត នៅក្នុងពន្ធនាគារខេត្តកណ្តាល។
លោក ខៀវ សំផន ត្រូវបានដាក់ឃុំនៅអគារនិងបន្ទប់ឃុំឃាំងដាច់ដោយឡែកពីជនជាប់ឃុំផ្សេងទៀត និងទទួលបានការមើលថែដោយយកចិត្តទុកដាក់ពីសំណាក់អ្នកមើលថែ គ្រូពេទ្យ និងមន្ត្រីពន្ធនាគារ ដោយមានសុខភាពធម្មតាតាមវ័យរបស់គាត់។
ដោយឡែកទាក់ទងនឹងពន្ធនាគារនេះដែរ យោងតាមហ្វេសប៊ុករបស់អគ្គនាយកដ្ឋានពន្ធនាគារ បានឱ្យដឹងថា បច្ចុប្បន្នជនជាប់ឃុំនៅពន្ធនាគារកម្ពុជា កំពុងមានស្ថានភាពចង្អៀតណែន ដោយសារកន្លែងស្នាក់នៅរបស់ជនជាប់ឃុំទាំងនោះ ជាមធ្យមមានជាង១ម៉ែត្រការ៉េពីគ្នាប៉ុណ្ណោះ ខណៈដែលតាមស្ដង់ដាអន្តរជាតិ ជនជាប់ឃុំទទួលបានកន្លែងស្នាក់នៅមានទំហំជាង ៣ម៉ែត្រការ៉េ។
ការលើកឡើងបែបនេះធ្វើឡើងដោយមន្ត្រីពន្ធនាគាររាជធានីខេត្ត និងប្រធានមណ្ឌលកែប្រែ នៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តន៍ការងារសម្រាប់ឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានពន្ធនាគារ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ។
អគ្គនាយកដ្ឋានពន្ធនាគារ បានបញ្ជាក់ថា ៖ «ការលើកឡើងរួមគ្នាពីស្ថានភាពជាក់ស្តែង និងបញ្ហាប្រឈមនានានេះ ដើម្បីទាមទាររកដំណោះស្រាយ ខណៈបច្ចុប្បន្ននេះ ជនជាប់ឃុំភាគច្រើនពាក់ព័ន្ធបទល្មើសគ្រឿងញៀន ហេតុនេះសំណង់ពន្ធនាគារ នៅមិនទាន់ឆ្លើយតបនឹងចំនួនជនជាប់ឃុំ ដែលជាហេតុផ្តល់ផលប៉ះពាល់អវិជ្ជមានដល់ការងារសន្តិសុខ សុខភាពមន្ត្រី និងជនជាប់ឃុំ»។
លោក ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ បានថ្លែងក្នុងពិធីសន្និបាតនោះដោយបានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ត្រូវរៀបចំឱ្យមានកន្លែងដាក់សម្ភារជនជាប់ឃុំ ឱ្យនៅខាងក្រៅបន្ទប់ឃុំឃាំង និងត្រូវកាត់បន្ថយសម្ភារផ្ទាល់ខ្លួនរបស់ជនជាប់ឃុំដែលមិនចាំបាច់ដាក់ក្នុងបន្ទប់ឃុំឃាំងឡើយ។
លោកបានឱ្យដឹងថា៖ «អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសហការជាមួយក្រសួងយុត្តិធម៌ ដើម្បីចុះស្រង់ស្ថិតិជនជាប់ឃុំចាស់ជរា និងជនវិបល្លាសស្មារតី ដើម្បីស្នើសុំដោះលែងដោយមានលក្ខខណ្ឌ និងអនុវត្តន៍ទោសសហគមន៍ ក្នុងការរួមចំណែកកាត់បន្ថយភាពចង្អៀតណែននៅក្នុងពន្ធនាគារ»។
បើតាមលោក ឈន សាណាត ក្រៅពីនេះ ក៏ត្រូវរៀបចំបន្ថែមម៉ោងចេញហាត់ប្រាណសម្រាប់ជនជាប់ឃុំ ដើម្បីកាត់បន្ថយភាពចង្អៀតណែន ជាពិសេសត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះក្មេងតាមម្តាយ និងស្ត្រីមានផ្ទៃពោះ និងជនងាយរងគ្រោះផងដែរ។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ បានឱ្យដឹងនៅថ្ងៃទី២០ ខែធ្នូថា កន្លងមកអង្គការលោក និងអង្គការសង្គមស៊ីវិលមួយចំនួន ក៏ធ្លាប់ផ្ដល់អនុសាសន៍រួចមកហើយ ខណៈដែលក្រសួងយុត្តិធម៌ ក៏បានបើកយុទ្ធនាការពន្លឿននីតិវិធីនៅតាមសាលាដំបូងរាជធានីខេត្ត និងតុលាការ ក្នុងគោលបំណងដើម្បីចូលរួមកាត់បន្ថយភាពចង្អៀតណែននៅក្នុងពន្ធនាគារ ប៉ុន្តែដំណោះស្រាយទាំងនេះ តែនៅមិនទាន់មានការឆ្លើយតបនៅឡើយទេ។
លោកបន្តថា ចំណែកការពង្រីកពន្ធនាគារបន្ថែម វាក៏មិនមែនជាការឆ្លើយតបល្អដែរ ប៉ុន្តែអ្វីដែលជាដំណោះស្រាយឆ្លើយតបល្អនោះ គឺពិនិត្យមើលជនជាប់ឃុំណាដែលអាចអនុវត្តទោសសហគមន៍បាន គួរតែរៀបចំជនជាប់ឃុំទាំងនោះ។
ក្រៅពីនេះ ពិនិត្យមើលជនជាប់ឃុំដែលជាសកម្មជនសិទ្ធិមនុស្ស សកម្មជនការងារសង្គម និងសកម្មជននយោបាយផ្សេងៗ គួរតែដោះលែងឱ្យនៅក្រៅឃុំ។ មួយវិញទៀត អាជ្ញាធរ ក៏ត្រូវពិនិត្យមើលជនជាប់ឃុំដែលជាជនចាស់ជរា និងជនជិតផុតទោស គួរតែដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ដោយធ្វើការងារជួយសហគមន៍ជាដើម។
លោក អំ សំអាត បានបញ្ជាក់ថា៖ «ដូច្នេះដំណោះស្រាយទាំងអស់ហ្នឹង វានឹងឆ្លើយតបក្នុងការជួយកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារផងដែរ ខណៈដែលបញ្ហាចង្អៀតណែននេះ បានធ្វើឱ្យជនជាប់ឃុំ ប្រឈមនឹងបញ្ហាសុខភាព កើតជំងឺថប់អារម្មណ៍ និងជំងឺឆ្លងផ្សេងៗទៀត»។
យោងតាមរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅការងារបន្តឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានពន្ធនាគារ បង្ហាញថា គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ចំនួនជនជាប់ឃុំនៅពន្ធនាគារ មានសរុប ៤២ ៦៦០នាក់ (ស្រី ២៥៦០ នាក់), ជនបរទេសមានចំនួន ២ ៣០៤នាក់(ស្រី ២៥៥ នាក់) អនីតិជន ២ ៣០៣ នាក់ ចំណែកស្ត្រីមានផ្ទៃពោះមាន ២៧ នាក់ កូនតាមម្តាយមាន ១១៥នាក់។
របាយការណ៍ដដែលបង្ហាញទៀតថា ជនជាប់ឃុំដែលប្រព្រឹត្តបទល្មើសគ្រឿងញៀនមានច្រើនជាងគេ គឺ ៤៨,៩៥ ភាគរយ, បទល្មើសលួចមានស្ថានទម្ងន់ទោស ១០,១៤ ភាគរយ, បទល្មើសលួច ១១,៩៨ ភាគរយ, រំលោភសេពសន្ថវៈ ៥,៨១ ភាគរយ, បទល្មើសឃាតកម្ម ៥,២៩ ភាគរយ និងបទល្មើសផ្សេងៗទៀតមាន ១៧,៨៣ ភាគរយ។ ចំនួននេះមានការកើនឡើងបើធៀបនឹងឆ្នាំ២០២២ ក្នុងអត្រា ១២,៧៣ ភាគរយ ស្មើនឹងជនជាប់ឃុំចំនួន ៤៨២០ នាក់៕