ភ្នំពេញៈក្រសួងទេសចរណ៍ បើកកិច្ចពិភាក្សាជាមួយផ្នែកឯកជនក្នុងវិស័យទេសចរណ៍ដើម្បីជំរុញកិច្ចសហការនិងពិភាក្សាពីសេចក្តីព្រាង អនុក្រឹត្យស្តីពីការកែសម្រួលក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទីផ្សារទេសចរណ៍កម្ពុជាឱ្យទៅជាក្រុមប្រឹក្សាទេសចរណ៍កម្ពុជា ដើម្បីប្រសិទ្ធភាពការងារក្នុងវិស័យនេះ។
កិច្ចប្រជុំនេះ បានរៀបចំឡើងកាលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចូលរួមពីសមាគមចុងភៅកម្ពុជា សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា សមាគមភោជនីយដ្ឋានកម្ពុជា និងសមាគមសណ្ឋាគារកម្ពុជា ដើម្បីទទួលបានឯកភាពគ្នាជាគោលការណ៍លើការបញ្ចប់សេចក្ដីព្រាងអនុក្រឹត្យជាគោលដៅទេសចរណ៍ប្រកបដោយការប្រកួតប្រជែង និរន្តរភាពនិងបរិយាបន្ន។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ដែលបានចេញផ្សាយកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។
បើតាមសេចក្តីប្រកាសព័ត៌មាននេះ លោកសុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាប្រធានក្រុមការងារទេសចរណ៍ដែលបានដឹកនាំកិច្ចប្រជុំបានលើកឡើងថា ដោយមានការសហការពីផ្នែកឯកជនជាបន្តបន្ទាប់ ពិតមានសារៈសំខាន់ណាស់ដើម្បីជំរុញសកម្មភាពក្រុមប្រឹក្សាភិបាលទេសចរណ៍កម្ពុជា។
លោកបានបញ្ជាក់ថា៖«រាជរដ្ឋាភិបាលប្តេជ្ញាចិត្តក្នុងការធានាការសម្របសម្រួលក្របខ័ណ្ឌខាងលើនេះដើម្បីធ្វើយ៉ាងណាជំរុញសកម្មភាពក្រុមប្រឹក្សាទេសចរណ៍កម្ពុជាឱ្យមានលក្ខណៈសមស្របតាមតម្រូវការនៃការវិវឌ្ឍរបស់ឧស្សាហកម្មទេសចរណ៍កម្ពុជា»។
លោកសុខ សូកេន បានបន្តថា៖ «ការជំរុញសកម្មភាពក្រុមប្រឹក្សាទេសចរណ៍កម្ពុជា បានបង្ហាញពីជំហានដ៏សំខាន់មួយ ដែលស្របតាមចក្ខុវិស័យដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។
លោកបានបន្ថែមថា គំនិតផ្តួចផ្តើមនេះ បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញភាពជាដៃគូរវាងវិស័យសាធារណៈ ផ្នែកឯកជន និងប្រជាជន ដើម្បីតភ្ជាប់ទីផ្សារទេសចរណ៍អាទិភាពដែលនាំទៅដល់ការបង្កើនសម្ទុះអភិវឌ្ឍន៍ទេសចរណ៍ និងជំរុញសេដ្ឋកិច្ច និងផលិតផលក្នុងស្រុកសរុប។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាបានប្រាប់នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ថាក្នុងនាមផ្នែកឯកជននៃវិស័យទេសចរណ៍ លោកសាទរនិងកោតសរសើរចំពោះកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងទេសចរណ៍ ក្នុងរៀបចំរចនាសម្ព័ន្ធ ផែនការ និងសកម្មភាពនានា ដើម្បីភាពរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជា។
លោកបានថ្លែងថា៖«យើងខ្ញុំរីករាយដែលមានឱកាសចូលរួមជាមួយក្រសួងទេសចរណ៍ និងរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ដើម្បីរៀបចំនិងកែឈ្មោះក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ដែល «ទាំងអស់គ្នាដើម្បីកម្ពុជារួមគ្នាខ្លាំង»។
សូមជម្រាបថា ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា(ក.ផ.ផ) ជាស្ថាប័នចម្រុះរវាងរដ្ឋនិងវិស័យឯកជនកំពុងពិចារណាដាក់សំណើមួយចំនួនទាក់ទងនឹងការសម្រួលភ្ញៀវទេសចរទៅរដ្ឋាភិបាលដើម្បីបង្កើនភាពទាក់ទាញបន្ថែមទៀត។ក.ផ.ផ ត្រូវបានបង្កើតឡើងកាលពីអំឡុងឆ្នាំ២០១៩ ដោយមានការចូលរួមពីក្រសួងទេសចរណ៍ ក្រសួងការបរទេស រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា សមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក និងក្រុមហ៊ុនអាកាសចរណ៍អង្គរអ៊ែរ៕