ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា និងដៃគូអភិវឌ្ឍន៍ បានបើកសិក្ខាសាលាដល់គ្រូបង្រៀនផ្នែកអប់រំបច្ចេកទេសជំនាញមកពី ១៤ សាលា ឱ្យយល់ដឹងពីសុខភាពតែ១ សំដៅលើការបង្ការជំងឺឆ្លង កុំឱ្យប៉ះពាល់ដល់សុខភាព មនុស្ស សត្វ និងបរិស្ថាន ដើម្បីផ្សព្វផ្សាយបន្តពីគោលគំនិតនេះដល់សិស្សានុសិស្សនៅតាមសាលារៀន។
សិក្ខាសាលានេះ រៀបចំឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ក្រោមកិច្ចសហការរៀបចំដោយក្រសួងអប់រំ បណ្ដាញសាកលវិទ្យាល័យសុខភាពតែ១អាស៊ីអាគ្នេយ៍ (SEAOHUN) និងទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ដោយបានផ្ដល់ការយល់ដឹងពីសុខភាពតែ១ ដល់បុគ្គលិកអប់រំ និងគ្រូបង្រៀនផ្នែកអប់រំបច្ចេកទេសជំនាញ ក្សេត្រសាស្ត្រ បសុវប្បកម្ម និងកែច្នៃអាហារ នៅតាមវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ចំនួន ១៤ សាលា។
តាមរយៈហ្វេសប៊ុករបស់ក្រសួងអប់រំ លោក ជួន ជីវិន រដ្ឋលេខាធិការនៃក្រសួងអប់រំ បានថ្លែងថា លោកគាំទ្រចំពោះការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងសុខភាពតែ១ នៅតាមសាលារៀន ក៏ដូចជាសាធារណជនទូទៅ។ ទន្ទឹមនេះ លោកក៏បានលើកយកនូវបទពិសោធន៍ផ្ទាល់ខ្លួនលើវិស័យកសិកម្ម ដោយការប្រើប្រាស់សារធាតុគីមី ក្នុងការជំរុញ ផលិតភាពនៃទិន្នផលកសិកម្ម ដែលជាកត្តាជះឥទ្ធិពលអាក្រក់ដល់សុខភាព មនុស្ស សត្វ និងបរិស្ថាន។
លោកបានថ្លែងថា៖ «សិក្ខាកាម និងអ្នកចូលរួមទាំងអស់ តើធ្វើយ៉ាងណាដើម្បីទទួលបានទិន្នផលខ្ពស់ និងមានផលប៉ះពាល់តិចតួចដល់សុខភាព មនុស្ស សត្វ និងបរិស្ថាន? ខ្ញុំសូមលើកទឹកចិត្តឱ្យអង្គសិក្ខាសាលាពិភាក្សាលើ គុណសម្បត្តិ និងគុណវិបត្តិនៃការធ្វើកសិកម្មតាមបែបប្រពៃណី និងបែបសម័យទំនើប»។
ជាមួយគ្នានេះ លោកក៏បានលើកទឹកចិត្តដល់បុគ្គលិកអប់រំ និងគ្រូបង្រៀនផ្នែកអប់រំបច្ចេកទេសជំនាញទាំងនោះ ក្រោយពីទទួលបានចំណេះដឹងលើប្រធានបទ «សុខភាពតែ១» ហើយ អាចយកទៅចែករំលែក និងបន្តការផ្សព្វផ្សាយពីគោលគំនិតសុខភាពតែ១ ដល់គ្រូបង្រៀនផ្សេងទៀត ជាពិសេសសិស្សានុសិស្សនៅតាមសាលារៀន។
យោងតាមអង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា សុខភាពតែ១គឺជាវិធីសាស្ត្ររួមបញ្ចូលគ្នា ដើម្បីធ្វើឱ្យមានតុល្យភាព និងបង្កើនប្រសិទ្ធភាពសុខភាពរបស់មនុស្ស សត្វ និងបរិស្ថាន ហើយវាមានសារៈសំខាន់ ក្នុងការទប់ស្កាត់ និងឆ្លើយតប ពីការរកឃើញជំងឺឆ្លងផ្សេងៗ ដែលគំរាមកំហែងផ្នែកសុខភាពសកល ដូចជាជំងឺកូវីដ១៩ ជាដើម។
អង្គការដដែលបានបញ្ជាក់ថា សុខភាពតែ១ វាក៏ពាក់ព័ន្ធនឹងវិស័យសុខភាពសាធារណៈ បសុពេទ្យ និងផ្នែកបរិស្ថាន ហើយជាពិសេសវាទាក់ទងនឹងសុវត្ថិភាពចំណីអាហារ ទឹក និងការគ្រប់គ្រងជំងឺដែលអាចឆ្លងរីករាលដាលរវាងសត្វ ទៅមនុស្ស ដូចជា ជំងឺគ្រុនផ្តាសាយ និងជំងឺឆ្កែឆ្កួតជាដើម៕