ភ្នំពេញៈ យុវជន យុវតី ​ដែល​រងគ្រោះ​ដោយសារ​គ្រឿងញៀន សរុប​ចំនួន ១៣០​ នាក់ នៅ​មជ្ឈមណ្ឌល​បន្សាប ព្យាបាល និង​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន កែ ស៊ីនួន ខេត្តបាត់ដំបង ​បាន​ទទួលវិញ្ញាបនបត្រ​បណ្តោះអាសន្ន​បញ្ជាក់​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ សម្រាប់​យកទៅ​បម្រើ​ការងារ និង​ចិញ្ចឹមជីវិត បន្ទាប់ពី​ចាកចេញ​ពី​មណ្ឌល​ទៅ​រស់នៅ​ក្នុ​សហគមន៍​របស់ខ្លួន​វិញ​។​

ពិធី​ប្រគល់​វិញ្ញាបនបត្រ​បណ្តោះអាសន្ន​បញ្ជាក់​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ដល់​ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន​នេះ បានធ្វើ​ឡើង​នា​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២៣ ក្រោម​អធិបតីភាព លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ជា​អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន រួម​នឹង​មន្ត្រី​ជាច្រើនរូប​ទៀត​។​

យោងតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងយុត្តិធម៌ បានឱ្យដឹងថា ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន​ទាំង ១៣០ ​នាក់ ត្រូវបាន​បណ្តុះបណ្តាល​ដោយ​ជោគជ័យ​លើ​ផ្នែក​ដំឡើង​បណ្តាញ​អគ្គិសនី​ក្នុង​អគារ​ចំនួន ២៨​ នាក់​, ផ្នែក​ថែទាំ​និង​ជួសជុល​រថយន្ត​ចំនួន ១៦​ នាក់​, ផ្នែក​សេវាកម្ម​កុំព្យូទ័រ​ចំនួន ២២ ​នាក់​, ផ្នែក​កែច្នៃ​បន្លែ​និង​ផ្លែឈើ​ចំនួន ៣៩​ នាក់ និង​ផ្នែក​បសុព្យាបាល​ចំនួន ២៥​ នាក់​។​

​នា​ពិធី​នោះ លោក កើត រិ​ទ្ធ បាន​ថ្លែង​កោតសរសើរ និង​អបអរសាទរ​ចំពោះ​ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន​ទាំងអស់ ដែលមាន​ភាពក្លាហាន ពិសេស ការតាំង​ចិត្ត និង​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​យកឈ្នះ​ខ្លួនឯង ការយក​ឈ្នះ​រាល់​ឧបសគ្គ និង​ការលំបាក​ទាំងអស់ ក្នុងការ​ផ្តាច់​គ្រឿងញៀន ដើម្បី​ចាប់យក​ឱកាស​ថ្មី​សម្រាប់​កសាង​ជីវិត​ថ្មី​នៅក្នុង​សង្គមជាតិ និង​ដើម្បី​ក្លាយខ្លួនជា​កូន​ល្អ និង​ពលរដ្ឋ​ល្អ​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សង្គមជាតិ​។​

លោក​បាន​ថ្លែងថា​៖«​ប្អូនៗ​ដែលមាន​ឱកាស​មកដល់​ទីនេះ និង​បានជា​សះស្បើយ​ពី​គ្រឿងញៀន ហើយ​មាន​វិជ្ជាជីវៈ​ជំនាញ​ច្បាស់លាស់​ពេលចេញ​ទៅវិញ​ត្រូវ​កែប្រែ​ខ្លួន ធ្វើ​សមាហរណកម្ម​ទៅក្នុង​សហគមន៍ ដើម្បី​ក្លាយខ្លួនជា​កូន​ល្អ និង​ប្រជាពលរដ្ឋ​ល្អ​បាន​»​។​

រាជរដ្ឋាភិបាល​បានចាត់ទុក​អ្នកប្រើប្រាស់​គ្រឿងញៀន​ទាំងអស់ គឺជា​ជនរងគ្រោះ​នៃ​គ្រឿងញៀន​មិនមែនជា​ជនល្មើស​នៃ​គ្រឿងញៀន​។

​ជាមួយគ្នា​នោះ លោក កើត រិ​ទ្ធ បាន​លើកទឹកចិត្ត និង​ជំរុញ​ឱ្យ​អ្នកប្រើប្រាស់​គ្រឿងញៀន​ទាំងអស់​ត្រូវបាន​បញ្ជូន​ទៅ​កន្លែង​បន្សាប ព្យាបាល និង​ស្តារនីតិសម្បទា នៅតាម​មជ្ឈមណ្ឌល​បន្សាប ព្យាបាល និង​ស្តារនីតិសម្បទា​ទាំង ១៩ មជ្ឈមណ្ឌល​នៅ​ទូទាំងប្រទេស​។​

លោក កែ ស៊ីនួន នាយក​មជ្ឈមណ្ឌល​បន្សា​ប​ព្យាបាល និង​ស្តារនីតិសម្បទា​គ្រឿងញៀន កែ ស៊ីនួន ខេត្តបាត់ដំបង បានឱ្យដឹង​ដែរ​ថា ក្នុង​រយៈពេល​ពេញ​១​ឆ្នាំ បន្ទាប់ពី​មជ្ឈមណ្ឌល​នេះ​ត្រូវបាន​បង្កើតឡើង បានរួម​ចំណែក​យ៉ាងសំខាន់ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការជួយ​ដល់​ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន ដែល​មក​ទទួល​សេវា​របស់​មជ្ឈមណ្ឌល តាមរយៈ​ការអប់រំ​ផ្លូវចិត្ត ការ​បន្សាប​ព្យាបាល និង​ការបណ្តុះបណ្តាល​ផ្នែក​ជំនាញ​វិជ្ជាជីវៈ ដើម្បីឱ្យ​ជនរងគ្រោះ​ដោយសាគ្រឿងញៀន​ទាំងនេះ អាចមាន​ឱកាស​ថ្មី​នៅក្នុង​ជីវិត ដើម្បី​ក្លាយខ្លួនជា​កូន​ល្អ និង​ជា​ពលរដ្ឋ​ល្អ រួមចំណែក​នៅក្នុង​ការ​អភិវឌ្ឍ​សង្គមជាតិ​របស់​យើង​។​

​លោក​បាន​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២៣​នេះ មជ្ឈមណ្ឌល​ទទួលបាន​យុវជន​ដែល​ញៀន​គ្រឿងញៀន​មក​ទទួល​សេវា​បន្សាប ព្យាបាល​និង​ស្តារនីតិសម្បទា សរុប​ចំនួន ​៥៥៩ ​នាក់ ក្នុងនោះ​គ្រួសារ ឬ​អាណាព្យាបាល​បាន​បញ្ជូនមក​ផ្ទាល់​ចំនួន​៣២០​នាក់ តុលាការ​បង្គាប់​ឱ្យមក​ទទួល​ការព្យាបាល មាន​ចំនួន​២១០​នាក់ និង​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្តបាត់ដំបង ចំនួន​២៩​នាក់​។​

លោក​បន្ថែមថា ជា​លទ្ធផល​ការងារ​របស់​មជ្ឈមណ្ឌល ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន ចំនួន​២៦៥​នាក់ ក្នុង​ស្រី​១៥​នាក់ បានធ្វើ​សមាហរណកម្ម​បាន​ដោយ​ជោគជ័យ​ចូលទៅក្នុង​សហគមន៍​ដើម្បី​ទៅ​រួមរស់​ជាមួយ​ក្រុមគ្រួសារ​វិញ​។​

លោក អំ សំអាត នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ  បាន​ប្រាប់ឱ្យដឹង​ដែរ​ថា បញ្ហា​គ្រឿងញៀន​ជា​បញ្ហា​មួយ​ដែល​ញាំញី​យុវជន​ជាច្រើន​ឱ្យ​រងគ្រោះ​ដោយសារ​ឥទ្ធិពល​គ្រឿងញៀន ហើយ​ជន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ភាគច្រើន​ក៏​ជា​បទល្មើស​គ្រឿងញៀន​។ 

លោក​បាន​បន្តថា ដូច្នេះ​យុវជន និង​ជនរងគ្រោះ​ដោយសារ​ការប្រើប្រាស់​គ្រឿងញៀន​គឺ​ត្រូវ​ការទទួល​ការព្យាបាល និង​ការស្តារ​យុវនីតិសម្បទា​ឡើងវិញ ដូចជា​ការព្យាបាល​បន្សា​ប​គ្រឿងញៀន ការបណ្តុះបណ្តាល​វិជ្ជាជីវៈ នៅពេល​ពួកគេ​វិលត្រឡប់​ទៅ​រស់នៅក្នុង​សហគមន៍ និង​គ្រួសារ​ពួកគេ​យក​ជំនាញ​នេះ​ទៅប្រើ​ប្រាស់​ប្រក​បរបរ​ចិញ្ចឹមជីវិត និង​ចាក​ឆ្ងាយ​ផុតពី​ឥទ្ធិពល​គ្រឿងញៀន​»​។​


​លោក​បាន​បញ្ជាក់ថា ៖ «​ដូច្នេះ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ដល់​អ្នករងគ្រោះ​ជា​រឿង​សំខាន់ ប៉ុន្តែ​យើង​ជា​អង្គការ​ធ្វើការ​លើ​ការលើកកម្ពស់​សិទ្ធិមនុស្ស​ចង់ឃើញ​មណ្ឌល​ព្យាបាល​និង​បន្សាប​គ្រឿងញៀន​ទាំងអស់​គឺជា​មណ្ឌល​ព្យាបាល បន្សាប​គ្រឿងញៀន និង​មានការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សម្រាប់​ពួកគាត់ ព្រោះ​កន្លងមក​មាន​មណ្ឌល​មួយចំនួន​រង​ការរិះគន់​ថា​ជា​មណ្ឌល​មានការ​ប្រើប្រាស់​ហិង្សា និង​ធ្វើ​ទា​រុ​ណ្ឌ​កម្ម​ដល់​ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន​មួយចំនួន​»៕