ភ្នំពេញៈ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក ហ្សាក់ ប៉ឺឡេ នាថ្ងៃទី១៩ ខែធ្នូបានសម្ពោធមជ្ឈមណ្ឌល TLScontact ស្ថិតនៅជាន់ទី៥ នៃអគារវឌ្ឍនៈក្នុងរាជធានីភ្នំពេញ សម្រាប់ផ្តល់ព័ត៌មាន រៀបចំការណាត់ ទទួលពាក្យសុំទិដ្ឋាការ និងប្រមូលថ្លៃសេវា ទៅប្រទេសបារាំង និងប្រទេសផ្សេងៗទៀតនៅអឺរ៉ុប។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជានាថ្ងៃទី១៩ ខែធ្នូ។
ការដាក់ពាក្យសុំទិដ្ឋាការទៅប្រទេសបារាំង និងប្រទេស ១២ទៀតនៅអឺរ៉ុប (តំបន់ស៊ែនហ្គែន) នៅមជ្ឈមណ្ឌល TLScontact នោះ គឺត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១៣ ខែធ្នូតទៅ ហើយការដកលិខិតឆ្លងដែនក៏ធ្វើនៅមជ្ឈមណ្ឌលនេះផងដែរ។
ស្ថានទូតបារាំងបានបញ្ជាក់ថា៖«ការជ្រើសរើសមជ្ឈមណ្ឌលខាងលើ ឱ្យទទួលពាក្យសុំទិដ្ឋាការ គឺបានបង្ហាញពីឆន្ទៈរបស់ស្ថានទូតបារំាង ក្នុងការកែលម្អលក្ខខណ្ឌទទួលស្វាគមន៍អ្នកស្នើសុំទិដ្ឋាការ ដែលមានចំនួនកើនឡើងជាលំដាប់ ក៏ដូចជាជួយកាត់បន្ថយថិរវេលានៃការណាត់ និងផ្តល់សេវាផ្សេងៗបន្ថែម ដើម្បីធានាផាសុកភាពប្រសើរបំផុតរបស់អ្នកស្នើសុំទិដ្ឋាការ»។
មជ្ឈមណ្ឌលនេះបើកទ្វារទទួលស្វាគមន៍អ្នកស្នើសុំទិដ្ឋាការ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៤រសៀល ឬនៅម៉ោងណាមួយក្រៅពីនេះ បើមានតម្រូវការ និងនៅព្រឹកថ្ងៃសៅរ៍ផងដែរ។ មជ្ឈមណ្ឌលនេះក៏ផ្តល់ផងដែរនូវសេវាផ្សេងៗទៀត ដូចជាការជួយរៀបចំឯកសារ ឬការទៅយកស្នាមខ្ចៅដៃ (ស្នាមម្រាមដៃ)ដល់គេហដ្ឋានអ្នកស្នើសុំទិដ្ឋាការ។
ទោះយ៉ាងណាក្តី ការប្រើប្រាស់សេវាបន្ថែមទាំងនេះ មិនធានាពីការទទួលបានទិដ្ឋាការ ឬការណាត់ជួបឆាប់រហ័ស ឬការពិនិត្យពាក្យសុំលឿនជាងអ្នកផ្សេងដោយសា្ថនទូតបារាំងនោះទេ ហើយការបង់ថ្លៃពិនិត្យពាក្យសុំ និងសេវាផ្សេងទៀតអាចធ្វើឡើងតាមប្រព័ន្ធបាគង។ នេះបើយោងតាមសេចក្តីប្រកាសដដែល។
ប្រភេទអ្នកស្នើសុំទិដ្ឋាការខាងក្រោម នៅតែបន្តអាចដាក់ពាក្យសុំនៅការិយាល័យទិដ្ឋាការនៅស្ថានទូតបារាំងដដែល បើពួកគេចង់ ដើម្បីចៀសវាងការបង់ថ្លៃសេវាផ្សេងៗ។
ក្នុងនោះរួមមាន៖ ជនបរទេសដែលជាប្តី ឬប្រពន្ធរបស់ជនជាតិបារាំង (ត្រូវផ្តល់ច្បាប់ដើមនៃសេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍បារាំង ដែលមានកាលបរិច្ឆេទក្រោម ៣ខែ) ជនបរទេសដែលជាប្តី ឬប្រពន្ធរបស់ពលរដ្ឋនៃប្រទេសសមាជិកសហភាពអឺរ៉ុប ឬត្រូវផ្តល់ច្បាប់ដើមនៃសេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍) និងចុងក្រោយ គឺនិស្សិតទៅរៀនរយៈពេលវែងនៅប្រទេសបារាំង (ច្រើនជាង ៣ខែ)។
ប៉ុន្តែ អ្នកស្នើសុំទាំងនេះត្រូវទាក់ទងមជ្ឈមណ្ឌល TLScontact ដើម្បីរៀបចំការណាត់ជួបជាមួយមន្ត្រីស្ថានទូតបារាំង។ ស្ថានទូតបារាំងក៏បានបញ្ជាក់ផងដែរថា ពលរដ្ឋកម្ពុជាទាំងអស់ត្រូវស្នើសុំទិដ្ឋាការ ដើម្បីអាចធ្វើដំណើរទៅប្រទេសបារាំង ដោយមិនថា រយៈពេលស្នាក់នៅប៉ុន្មានថ្ងៃ ឬកាន់ឯកសារធ្វើដំណើរអ្វីនោះទេ (លិខិតឆ្លងដែនធម្មតា ផ្លូវការ ឬការទូត)។
លើកលែងតែករណីពួកគេមានបណ្ណស្នាក់នៅបារាំង ដែលនៅមានសុពលភាព សម្រាប់ការស្នាក់នៅប្រទេសបារំាង ឬប្រទេសណាមួយនៃតំបន់ស៊ែនហ្គែន។
ស្ថានទូតបារាំងប្រចាំកម្ពុជាពិនិត្យលើពាក្យសុំទិដ្ឋាការស្នាក់នៅរយៈពេលខ្លីទៅកាន់ប្រទេសនៃតំបន់ស៊ែនហ្គែនទាំងនេះផងដែរ រួមមាន៖ បែលហ្ស៊ិក អេស្ប៉ាញ អេស្តូនី ក្រិក ហុងគ្រី អ៊ីស្លង់ ឡេតូនី ម៉ាល់ត៍ ន័រវែស ព័រទុយហ្គាល់ ស្លូវ៉េនី និងសាធារណរដ្ឋឆែក៕