ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម និងស្ថាប័នរាជរដ្ឋាភិបាលពាក់ព័ន្ធ រួមទាំងសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA)កំពុងប្រឹងប្រែងរួមគ្នា ដើម្បីបង្កើនបរិយាកាសពាណិជ្ជកម្មរបស់កម្ពុជា និងជំរុញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងព្រំដែន ជាពិសេសការអនុវត្តក្របខ័ណ្ឌគោលនយោបាយជាមួយនឹងវិស័យឯកជនអំពីការនាំចេញកញ្ចប់ទំនិញខ្នាតតូច។
កិច្ចខិតខំប្រឹងប្រែងនេះ គឺជាការសហការរវាងក្រសួងពាណិជ្ជកម្ម ជាមួយស្វ៊ីសខនថាក់ (Swisscontact) ក្រោមគម្រោង «ធ្វើឱ្យប្រសើឡើងនូវពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៃកញ្ចប់ទំនិញខ្នាតតូចសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម (SeT4SME)» រួមជាមួយសហគ្រិនខ្មែរ តាមរយៈការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ក្របខ័ណ្ឌគោលនយោបាយជាមួយនឹងវិស័យឯកជនអំពីការនាំចេញកញ្ចប់ទំនិញខ្នាតតូច» នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។
លោកស្រី ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថា រាជរដ្ឋាភិបាល មានគោលនយោបាយ សម្រាប់គាំទ្រការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងព្រំដែន និងលើកកម្ពស់វិស័យនេះ ជាពិសេសការជួយគាំទ្រដល់វិស័យឯកជន និងស្វែងរកធាតុចូលសម្រាប់ឆ្លើយតបនឹងការអភិវឌ្ឍសមត្ថភាព ដើម្បីទាញយកឱកាសដែលបង្កើតឡើងដោយពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម។
សិក្ខាសាលានេះ មានគោលបំណងចម្បង ២សំខាន់ ទី១. កំណត់ចងក្រងជាឯកសារ និងផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ រួមទាំងប្រមូលធាតុចូល សំដៅជួយដល់ការកសាងក្របខ័ណ្ឌគោលនយោបាយ និងយន្តការប្រតិបត្តិការពាក់ព័ន្ធ ដើម្បីលើកកម្ពស់បរិយាកាសពាណិជ្ជកម្ម និងគាំទ្រការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងព្រំដែន។
ចំណែកទី២. សម្របសម្រួលការពិភាក្សាជាយុទ្ធសាស្រ្ត លើឱកាសនៃការរួមចំណែក តួនាទី និងការទទួលខុសត្រូវរបស់ភាគីពាក់ព័ន្ធផ្សេងៗ សម្រាប់ការលើកកម្ពស់សមត្ថភាពនាំចេញរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីរួមចំណែកដល់ការអនុវត្តរបៀបវារៈសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ និងវឌ្ឍនភាពឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។
លោកស្រីបានបញ្ជាក់ថា៖«ធាតុចូលដែលនឹងទទួលបានពីសិក្ខាសាលានេះ នឹងរួមចំណែកដល់ការពង្រឹងគោលនយោបាយ យុទ្ធសាស្ត្រ និងគំនិតផ្តួចផ្តើមនាពេលអនាគត សំដៅលើកកម្ពស់សមត្ថភាពនាំចេញរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងពង្រីកសក្តានុពលនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងព្រំដែនសម្រាប់កម្ពុជា»។
ជាមួយគ្នានោះដែរ លោក រ៉ាជីវ ប្រាដ្ឋាន នាយកប្រចាំប្រទេសនៃអង្គការស្វ៊ីសខនថាក់(Swisscontact)បានថ្លែងថា វិស័យឯកជន គួរតែដើរតួនាទីដឹកនាំ ក្នុងការអភិវឌ្ឍ និងការប្រើប្រាស់ពាណិជ្ជកម្មអេឡិចត្រូនិក រីឯភាគីរដ្ឋាភិបាលក៏មានតួនាទីសំខាន់ក្នុងការជំរុញកំណើនតាមប្រព័ន្ធអេឡិចត្រូនិកតាមរយៈការបង្កើតគោលនយោបាយ ដែលអំណោយផលសម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិក និងការធ្វើឱ្យទៅជាបរិបទដែលឈានមុខគេក្នុងការប្រើប្រាស់ E-commerce។
លោកបានបញ្ជាក់ថា៖«ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ(E-commerce) គឺស្ថិតនៅជាមួយយើងជាយូរមកហើយហើយយើងដឹងថា កម្ពុជាកំពុងតែលើកកម្ពស់មែនទែន ចំពោះវិស័យមួយនេះ ដែលមិនត្រឹមតែថ្នាក់ជាតិទេ គឺថ្នាក់អន្តរជាតិដោយមានភាគីពាក់ព័ន្ធចូលរួមការផ្សព្វផ្សាយ និងផលិតផលិតផលសម្រាប់ទីផ្សារក្រៅប្រទេស។ នេះជាការចូលរួមចំណែកក្នុងការបង្កើនការនាំចេញរបស់យើង»។
បើតាមលោក រ៉ាជីវ ប្រាដ្ឋាន សេដ្ឋកិច្ចកម្ពុជា ត្រូវបានជំរុញដោយវិស័យឯកជន ដោយភាគច្រើនជាអាជីវកម្មខ្នាតតូច និងដំណើរការជាលក្ខណៈគ្រួសារ ដោយអាជីវកម្មជាប្រភេទសហគ្រាសធុនតូច និងមធ្យមទាំងនោះ បានរួមចំណែកក្នុងការនាំចេញប្រមាណ ១០ ភាគរយ នៃការនាំចេញសរុប ដែលស្មើនឹង ១,៦ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២០៕