ភ្នំពេញៈ អង្គការមូលនិធិបង្ការរបួសអាស៊ី និងនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានពិភាក្សាគ្នានូវគំនិតផ្តួចផ្តើមសាកល្បងរបស់អង្គការនេះ ក្នុងការបណ្តុះបណ្តាលគ្រូបង្គោល សម្រាប់ការបង្រៀនបច្ចេកទេស(ទាំងទ្រឹស្តី និងការអនុវត្តដៃចង្កូត) ក្នុងការបើកបរម៉ូតូ ដែលមានទំហំស៊ីឡាំងមិនលើសពី ១២៥ សង់ទីម៉ែត្រគុប ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
បើតាមអង្គការមូលនិធិបង្ការរបួសអាស៊ី កិច្ចពិភាក្សានេះ ធ្វើឡើងកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ដោយអង្គការនេះបានស្នើសុំអនុសាសន៍ និងការសហការក្នុងការបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ដែលវគ្គនេះនឹងគ្រោងចាប់ផ្តើមឡើងពីខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ ដែលគ្រូបង្គោលនឹងត្រូវជ្រើសរើសចេញពីរោងចក្រ និងសាលារៀនគោលដៅមួយចំនួន ព្រមទាំងពីមន្រ្តីនៃស្ថាប័ន រាជរដ្ឋាភិបាលពាក់ព័ន្ធផងដែរ។
ប្រភពដដែលបានបន្តថា ផ្អែកលើផែនការដែលបានកសាងក្នុងវគ្គបណ្តុះបណ្តាល និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា គ្រូបង្គោលទាំងនេះ នឹងត្រូវបានជំរុញលើកទឹកចិត្តឱ្យធ្វើការបណ្តុះបណ្តាលជាបន្តបន្ទាប់ដល់កម្មករនិយោជិត សិស្សានុសិស្សផងដែរ ដែលជាអ្នកបើកបរម៉ូតូមានទំហំស៊ីឡាំងមិនលើសពី ១២៥ សង់ទីម៉ែត្រគុប និងជាអ្នកដែលងាយរងគ្រោះបំផុតពីគ្រោះថ្នាក់ចរាចរណ៍។
ជុំវិញកិច្ចពិភាក្សានេះលោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី បានថ្លែងប្រាប់បន្ថែមនៅថ្ងៃទី២០ ខែធ្នូ ថា នាយកដ្ឋានដឹកជញ្ជូនផ្លូវគោកបានឯកភាពជាគោលការណ៍ ប៉ុន្តែត្រូវមានការអនុវត្តតាមនីតិវិធីរដ្ឋបាលតាមរយៈការធ្វើលិខិតស្នើសុំទៅថ្នាក់ដឹកនាំរបស់ក្រសួងក្នុងការផ្តល់នូវការគាំទ្រ និងឯកភាព បញ្ជូនមន្ត្រីដែលទទួលបន្ទុកក្នុងការបណ្តុះបណ្តាលទៅបណ្តុះបណ្តាល ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៤ តទៅ។
លោក គឹម បញ្ញា បានសង្កត់ធ្ងន់ថា គម្រោងគំនិតផ្តួចផ្តើមសាកល្បងនេះ មានចំនួន ៤ វគ្គដែលនឹងមានការចូលរួមពីគ្រូបង្គោលប្រមាណជាង ១០០នាក់។ ការបណ្តុះបណ្តាលគ្រូបង្គោលពាក់ព័ន្ធនឹងការបណ្តុះបណ្តាលបច្ចេកទេសបើកបរម៉ូតូដែលមានទំហំស៊ីឡាំងមិនលើសពី ១២៥ សង់ទីម៉ែត្រគុបនេះ មានសារៈសំខាន់ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ។
បើតាម លោក គឹម បញ្ញា តាមច្បាប់មិនបានកំណត់ឱ្យអ្នកបើកបរ ដែលមានទំហំស៊ីឡាំងមិនលើសពី ១២៥ សង់ទីម៉ែត្រគុប ចុះក្រោមមិនតម្រូវឱ្យមានបណ្ណបើកបរនោះទេ។ ដូច្នេះ បានជាកាលពីពេលថ្មីៗកន្លងមកនេះ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានឱ្យសិក្សាតម្រូវឱ្យអ្នកបើកបរម៉ូតូដែលមានទំហំស៊ីឡាំងមិនលើសពី ៦០ សង់ទីម៉ែត្រគុប ត្រូវមានបណ្ណបើកបរ ប៉ុន្តែយ៉ាងណាការងារនេះត្រូវការពេលវេលាសិក្សាឱ្យបានហ្មត់ចត់។
លោក គឹម បញ្ញា បានថ្លែងថា៖«ដោយសារតែអ្នកបើកបរម៉ូតូដែលមានទំហំស៊ីឡាំងមិនលើសពី ១២៥ សង់ទីម៉ែត្រគុប មិនតម្រូវឱ្យមានបណ្ណបើកបរ ដែលជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ ព្រោះពួកគាត់មិនបានឆ្លងកាត់ការរៀន ទាំងទឹ្រស្តី ស្លាកសញ្ញា ច្បាប់ សិទ្ធិអាទិភាព ជាដើម។ ទន្ទឹមគ្នានោះ ការបញ្ជាដៃចង្កូត របស់គាត់ក៏អត់មានដែរ គាត់រៀនបន្តិចបន្តួចពីបងប្អូន និងមិត្តភក្តិប៉ុណ្ណោះ ហើយបើកបរបាន»។
វគ្គបណ្តុះណ្តាលនេះធ្វើឡើងក្នុងគោលបំណង ដើម្បីធ្វើយ៉ាងណាចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឱ្យតិចតួចបំផុត ព្រោះថា ពីមួយឆ្នាំទៅមួយឆ្នាំ ករណីគ្រោះថ្នាក់ចរាចរណ៍នៅតែមានការឡើងចុះដដែលជាដដែល។ ដូច្នេះ កិច្ចខិតខំប្រឹងប្រែងរបស់អង្គការមូលនិធិបង្ការរបួសអាស៊ីគឺចង់ឃើញករណីគ្រោះថ្នាក់ចរាចរណ៍នេះ មានការធ្លាក់ចុះរហូត។
សូមរំឭកដែរថា នៅក្នុងពិធីប្រកាសផ្លាស់ប្តូរមុខតំណែង អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីចុងខែសីហា ឆ្នាំ២០២៣កន្លងទៅ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា បានស្នើភាគីពាក់ព័ន្ធពិចារណាឡើងវិញ ចំពោះការធ្វើបណ្ណបើកបរម៉ូតូ ចាប់ពីកម្លាំងម៉ាស៊ីន ៦០CC ឡើងទៅ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍។
លោកបានថ្លែងថា ៖ «ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នេះ យើងគប្បីពិចារណាឡើងវិញ ដោយធ្វើការពិភាក្សា ឱ្យបានហ្មត់ចត់ ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីពាក់ព័ន្ធផ្សេងទៀត ក្នុងការធ្វើបណ្ណបើកបរម៉ូតូជូនដល់ពលរដ្ឋ ដើម្បីកំណត់នូវល្បឿននៃការបើកបររបស់ពួកគាត់ និងត្រូវធ្វើតាមកម្រិតណាមួយនៃកម្លាំងម៉ាស៊ីន ដោយគប្បីត្រូវធ្វើចាប់ពីកម្លាំងម៉ាស៊ីន៦០ សេសេឡើងទៅ»។
ជាមួយគ្នានោះ លោក ស សុខា ក៏បានជំរុញដល់ស្នងការគ្រប់រាជធានីខេត្ត ទាំងអស់ត្រូវរឹតបន្តឹងនូវច្បាប់ចរាចរណ៍ឱ្យបានតឹងរ៉ឹងបំផុតផងដែរ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាប ខណៈបច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងជារៀងរាល់ថ្ងៃ ដោយបានសម្លាប់មនុស្ស ជាមធ្យមពី៤ទៅ៥នាក់ក្នុង១ថ្ងៃៗ៕