​ភ្នំពេញៈ​ក្រសួង​បរិស្ថាន​នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២៣ បាន​ចេញ​ផ្សាយ​សៀវ​ភៅ​ ១០០ ថ្ងៃ ​ដំបូង​ដែល​មាន​កម្រាស់ ​៤៤៥ ​ទំព័រ​នៅលើ​ប្រព័ន្ធ​ Digital របស់​ខ្លួន ​ស្ដីពី​សមិទ្ធ​ផល​ការងារ​ក្រោយ​ពេល​លោក អ៊ាង សុ​ផល្លែត ទទួល​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​នេះ​ដោយ​ក្នុង​សៀវ​ភៅ​នោះ​បាន​ផ្តោត​លើ​វិស័យ​ការពារ​បរិស្ថាន​និង​ធន​ធាន​ធម្មជាតិ​ព្រម​ទាំង​កិច្ច​សហ​ការ​ជា​មួយ​អង្គ​ការ​ជាតិ​និង​អន្តរ​ជាតិ​ផង​ដែរ​។​

​នៅ​ក្នុង​អារម្ភក​ថា​នៃ​សៀវ​ភៅ​១០០​ថ្ងៃ​នេះ បាន​បញ្ជាក់​ថា សកម្ម​ភាព​ការងារ​របស់លោ​ក អ៊ាង សុផល្លែត រដ្ឋ​មន្ត្រី​បរិស្ថាន ​អំឡុងពេល​ ១០០ ​ថ្ងៃ ត្រូវ​បាន​ចង​ក្រង​ចាប់​តាំងពី​ថ្ងៃ​ដំបូង​ ដែល​លោក​ឡើង​ជា​រដ្ឋមន្ត្រី បន្ទាប់​ពី​ស្បថ​ចូល​កាន់​តំណែង​របស់​សមាជិក​សភា​អាណត្តិ​ថ្មី ​នីតិ​កាល​ទី៧ ក្រោម​ព្រះរាជា​ធិបតី ព្រះ​ករុណា ព្រះ​បាទ​សម្តេចព្រះ​បរមនាថ ន​រោ​ត្ត​ម សីហ​មុនី នៅ​ថ្ងៃទី​២១ ​ខែសីហា ឆ្នាំ​២០២៣​។ 

​នៅ​ក្នុង​អារម្ភ​កថា​បាន​លើក​ឡើង​ថា​៖«​យើង​ខ្ញុំ​សង្ឃឹម​ថា កម្រង​ព័ត៌​មាន ​និង​រូបភាព​១០០​ថ្ងៃ ដំបូង​របស់​ឯក​ឧត្តម ​រដ្ឋមន្ត្រី ​អាច​នឹង​ក្លាយ​ជា​ផ្នែក​ខ្លះ​ដើម្បី​ស្រាយ​ចម្ងល់​របស់​មិត្ត​អ្នក​អាន​ដែល​ឆ្ងល់​ថា រដ្ឋមន្ត្រី​បរិស្ថាន​បាន​ធ្វើ​ការងារ​អ្វីខ្លះ​?មាន​សមិទ្ធ​ផល​អ្វីខ្លះ​កើតឡើង​? មាន​ទំនាក់​ទំនង​ការ​បរទេស​ដូច​ម្តេច​?ហើយ​បាន​ឆ្លើយ​តប​និង​ដោះ​ស្រាយ​បញ្ហា​អ្វីខ្លះ​ជាមួយ​ប្រជា​ពលរដ្ឋ​?យ៉ាងហោចណាស់​មិត្ត​អ្នក​អាន​នឹង​បាន​ស្វែង​យល់​ ឬ​ដឹង​អំពី​បញ្ហា​ដែល​ជា​ចម្ងល់​ខាង​លើ​តាម​រយៈ​ទំព័រ​នីមួយៗ​នៃ​សៀវ​ភៅ​នេះ »​។​

​បើ​តាម​ក្រសួង​បរិស្ថាន​ យុទ្ធ​សាស្ត្រ​បញ្ច​កោណ​គឺជា​យុទ្ធ​សាស្ត្រ​សម្លឹង​ទៅមុខ​ក្នុង​រយៈ​ពេល​២៥​ឆ្នាំ ដោយ​បាន​គិត​គូរនិង​ដាក់​ចេញ​ជា​៥​ដំណាក់​កាល​ដើម្បី​តម្រង់​ទិស​អនុវត្ត​កម្មវិធី​នយោ​បាយ​របស់រា​ជរដ្ឋាភិ​បាល​នៃ​នីតិ​កាល​នីមួយៗ​នៃ​រដ្ឋសភា​។ភាព​ច្បាស់​លាស់ ឥត​ស្រពេច​ស្រពិល​នេះ​ គឺជា​ត្រី​វិស័យ​បង្ហាញ​ផ្លូវ​ដល់​ថ្នាក់​ដឹក​នាំ ​ក្រសួង​ស្ថា​ប័នរ​ដ្ឋ​ ឱ្យ​ចាប់​ផ្តើម​តម្រង់​ចង្កូត​នាវា​ ឆ្ពោះ​ទៅ​គោល​ដៅ​រួម​របស់​រាជ​រដ្ឋាភិ​បាល​កម្ពុជា ​ហើយ​ក្នុង​នោះ​ក្រសួង​បរិស្ថាន ​ដឹកនាំ​ដោយ ​លោក អ៊ាង សុផល្លែត បាន​ដាក់​ចេញ​នូវ​យុទ្ធ​សាស្ត្រ​ច​ក្រា​របស់​ខ្លួន​ ដោយ​ផ្តោត​លើ​ការងារ​អាទិ​ភាព​ចម្បង​៣ ​គឺ​ ភាព​ស្អាត​ ភាព​បៃ​តង និង​ចីរ​ភាព​។​

​ជុំវិញ្ញ​បញ្ហា​នេះ ​លោក ​ហេង គឹមហុង ប្រធាន​ផ្នែក​កម្មវិធី​ស្រាវ​ជ្រាវ ​និង​តស៊ូ​មតិ​នៃ​សមា​គម​បណ្តាញ​យុវជន​កម្ពុជា ​នៅ​ថ្ងៃទី​២០ ខែធ្នូ​ បាន​ទទួល​ស្គាល់​ថា ក្នុង​រយៈ​ពេល​នៃ​ការ​អនុវត្ត​ ១០០ ​ថ្ងៃ​ ដំបូង​របស់​ក្រសួង​បរិស្ថាន​នៃ​រដ្ឋាភិ​បាល​អាណត្តិ​ថ្មី​នេះ ​មាន​ភាព​សកម្ម និង​ល្អ​ប្រសើរ​ជាង​ក្នុង​អាណត្តិ​មុន​។ 

​ជា​មួយ​គ្នានេះ​ លោក​នៅតែ​គាំទ្រ​និង​លើក​ទឹក​ចិត្ត​ឱ្យ​ក្រសួង​បរិស្ថាន​បន្ត​ពង្រឹង​និង​ពង្រីក​ភាព​សកម្ម​របស់ខ្លួន​ប​ន្ថែ​ម​ទៀត​ជា​ពិសេស​គឺ​ការ​បើក​ចំហ​នូវ​សិទ្ធិ​សេរី​ភាព​ឱ្យ​មាន​ការ​ចូល​រួម​ពី​ភាគី​ពាក់​ព័ន្ធ​លើ​ការ​ការពារ​ធន​ធាន​ធម្មជា​តិ និង​បរិស្ថាន​។

​លោក ​ហេង គឹមហុង បាន​ថ្លែង​ថា​៖ «​យើង​ឃើញ​ថា ការដា​ក់​ទិសដៅ​បង្ក្រាប​បទ​ល្មើស និង​ការ​អនុវត្ត​ដោយ​គ្មាន​ការ​លើក​លែង​ចំពោះ​បទ​ល្មើស​ធនធាន​ធម្មជា​តិ ការ​ដា​ក់ចេញ​នូវ​គោល​នយោ​បាយ និង​យុទ្ធ​នាការ​ជាច្រើន​ផ្សេង​ទៀត​របស់​ក្រសួង​បរិស្ថាន​គឺជា​រឿង​ល្អ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​ដែរ​ ក្រសួង​បរិស្ថាន​គួរតែ​ពង្រឹង​ភាព​សកម្ម​របស់​ខ្លួន​នៅក្នុង​អាណត្តិ៥​ឆ្នាំ នេះ ឱ្យ​ដូច​ទៅនឹង​ការ​ប្តេជ្ញា​ចិត្ត ១០០​ថ្ងៃ​នេះ​»​។
   
​ក្រៅ​ពីនោះ​លោក​ហេង គឹមហុង ក៏​ចង់​ឃើញ​ភាព​សកម្ម​នៃ​ក្រសួង​បរិស្ថាន​ក្រោម​ការ​ដឹក​នាំ​របស់​លោក អ៊ាង សុ​ផល្លែត លើ​កិច្ចសហ​ការ​ជា​មួយ​ដៃគូ​ពាក់​ព័ន្ធ​ប្រកប​ដោយ​តម្លា​ភាព គុណ​ភាព និង​គណ​នេយ្យភា​ពផង​ដែរ ជា​ពិសេស​ទទួល​យក​នូវ​មតិ​យោប​ល់​របស់​ពលរ​ដ្ឋ និង​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ ​ដើម្បី​ជំរុញ​ការ​ងារ​របស់ខ្លួ​ន​ឱ្យមាន​ប្រសិទ្ធ​ភាព​លើ​ការ​ការពារ​ធន​ធាន​ធម្ម​ជាតិ​។

​នៅ​ក្នុង​ពិធី​បើក​សន្និ​បាត​បូកសរុប​លទ្ធផល​ការងារ​បរិស្ថាន​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៤ នៅ​ថ្ងៃទី​២០ ​ខែធ្នូ ​ឆ្នាំ​២០២៣ ​លោក អ៊ាង សុផល្លែត ក៏បាន​លើក​ឡើង​ដែរ​ថា​ក្នុង​រយៈ​ពេល​ជាង​ ១០០​ ថ្ងៃ ​នៃ​រាជរដ្ឋា​ភិបាល​ទី​៧​នៃ​រដ្ឋសភា​ក្រសួងបរិស្ថាន​និង​ក្រុម​ប្រឹក្សាជា​តិ​អភិវ​ឌ្ឍន៍​ដោយ​ចីរភាព​សម្រេច​បាន​សមិទ្ធ​ផល​ជា​ច្រើន​និង​ធ្វើ​ដ​ណើ​រ​ឆ្ពោះ​ទៅ​សុក្រឹត​កម្ម​បរិស្ថាន​កិច្ច​ឈរ​លើ​មូល​ដ្ឋាន​យុទ្ធ​សាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថានដោ​យមា​ន​គោល​នយោ​បាយ យុទ្ធ​សាស្ត្រ និង​ការ​ផ្សព្វ​ផ្សាយជា​ស្នូល​ឆ្ពោះ​ទៅរក​ភាព​ស្អាត ​បៃតង និង​ចីរភាព​។ 

​លោក​បាន​បញ្ជាក់​ថា៖«​ក្នុង​រយៈពេល​១០០​ថ្ងៃនេះ​យើង​សម្រេច​បាន​លទ្ធ​ផល​គួរ​ជា​មោទន​: ដូចជា យុទ្ធ​នាការ​កាត់​បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​,​យុទ្ធ​នា​ការដាំ​ដើម​ឈើ​១​លាន​ដើម​ក្នុង​១​ឆ្នាំ​,​ដាក់​វិធាន​ការ​យ៉ាង​ម៉ឺងម៉ាត់​ក្នុងការ​ទប់ស្កា​ត់​បទល្មើស​ធនធាន​ធម្មជាតិ គឺ​មិន​មាន​វប្បធម៌​ចុះ​កិច្ច​សន្យា​ដោះ​លែង​ទេ​,យុទ្ធ​សាស្ត្រ​វិស័យ​ច​ក្រា​វិស័យ​បរិស្ថាន២​០២៣-​២០២៨រួម​នឹង​លទ្ធ​ផល​ជា​ច្រើន​ទៀត​៕