ភ្នំពេញៈ មនុស្សពី ២០-៣០ នាក់ បានបំបែកគ្នាជាក្រុមតូចៗ ពិនិត្យមើលគំនរត្រីដែលអ្នកនេសាទស្រង់ចេញពីទូក នៅតាមមាត់ច្រាំងទន្លេក្នុងតំបន់គីឡូលេខ ៩ នៃសង្កាត់ច្រាំងចំរេះ ១ បង្ហាញពីសកម្មភាពអ្នកនិយមទិញត្រីយកទៅធ្វើ ប្រហុក ផ្អក និងត្រីឆ្អើរ ក្នុងរដូវនេសាទឆ្នាំ ២០២៣- ២០២៤ ដែលត្រីចាប់ផ្ដើមបម្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល និងរាជធានីភ្នំពេញ ក្នុងខែមិគសិរ ចាប់ពីថ្ងៃទី ១៩-២៥ ខែធ្នូ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។
រដូវធ្វើត្រីប្រហុក ផ្អក និងធ្វើត្រីឆ្អើរចូលដល់ជាងពាក់កណ្តាលខែធ្នូនេះហាក់កំពុងត្រូវបណ្តើរៗហើយសម្រាប់នៅតំបន់ព្រែកព្នៅ និងស្រុកពញាឮ ខេត្តកណ្តាល ហើយបើតាមមន្ត្រីនៃមន្ទីរកសិកម្មរាជធានីភ្នំពេញអះអាងថាសម្រាប់គន្លងដាយត្រី ១ អាចចាប់ត្រីបានចន្លោះពី ១០០ ទៅ ១៥០ គីឡូក្រាមក្នុងកន្លះម៉ោងម្តង ដូច្នេះរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៣ បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋរួសរាន់ធ្វើដំណើរទៅទិញត្រីតាមពេលវេលា។
លោក ប៊ុន គឹមហ៊ាង អាយុ ៤៥ ឆ្នាំ ដែលបានធ្វើដំណើរមកពីស្រុកត្រាំកក់ ខេត្តតាកែវ បានស្នាក់នៅតំបន់ច្រាំងចំរេះ រង់ចាំ ២-៣ ថ្ងៃ ដើម្បីទិញត្រីយកទៅធ្វើត្រីប្រហុកសម្រាប់ទុកលក់បន្តនៅខេត្ត។
លោក គឹមហ៊ាង ថ្លែងថា ត្រីដែលត្រូវច្រើនពេលនេះជាប្រភេទត្រីរៀលដែលអ្នកនេសាទ ឬឈ្មួញលក់ ក្នុង ១ គីឡូក្រាមថ្លៃ ១ ២០០ រៀល មិនទាន់ធ្វើ និងត្រីធ្វើរួចថ្លៃ៤ ២០០ រៀល។
លោកថ្លែងថា៖ «សម្រាប់ឆ្នាំនេះក៏ដូចជាឆ្នាំមុនៗដែរគឺខ្ញុំទិញត្រីពី ២-៣ តោន សម្រាប់ធ្វើប្រហុកទុក ១ ឆ្នាំ ខ្ញុំមកទិញត្រីធ្វើប្រហុកជារៀងរាល់ឆ្នាំមិនដែលខានទេ ហើយបើខ្ញុំមិនបានមកក៏ប្រពន្ធខ្ញុំមកដែរព្រោះយើងមានឱកាសតែរដូវត្រីត្រូវទេតែបើខុសពីរដូវត្រីត្រូវអត់មានឱកាសទិញត្រីបានច្រើនបែបនេះទេ»។
លោក គឹមហ៊ាង ប្រាប់បន្តថា ចំពោះតម្លៃត្រីរៀលក្នុងឆ្នាំនេះក៏មិនសូវខុសគ្នាពីឆ្នាំមុនៗប៉ុន្មានដែរហើយតម្លៃឆ្នាំនេះក៏អាចទទួលយកបានដើម្បីយកទៅធ្វើប្រហុកតាមធម្មជាតិ ដោយមិនប្រើសារធាតុគីមីនោះទេ ហើយប្រហុកដែលត្រូវលក់ចេញចន្លោះពី៨ពាន់ទៅ ១ ម៉ឺនរៀលក្នុង ១ គីឡូក្រាម។
អ្នកស្រី លី ណា អាយុ ៤០ ឆ្នាំ ជាខ្មែរអ៊ិស្លាម ដែលជាឈ្មួញកណ្តាលទិញត្រីពីដាយ បានថ្លែងថា ត្រីលក់ចេញវិញក្នុង ១ គីឡូក្រាមថ្លៃ ២ ៨០០ ទៅ ៣ ពាន់រៀល (ត្រីមិនទាន់កាត់ក្បាល) តែបើត្រីកាត់ក្បាលយកអាចម៍អស់ថ្លៃ ៤ ២០០-៤ ៥០០ រៀលក្នុង ១ គីឡូក្រាម។ អ្នកស្រីបានឱ្យដឹងថា ដើមរដូវត្រីត្រូវនេះមិនទាន់មានអ្នកមកពីខេត្តឆ្ងាយៗទិញទេព្រោះប្រហែលជាអាចរវល់ច្រូតស្រូវ។
អ្នកស្រីប្រាប់ថា៖ «បើប្រៀបធៀបដើមរដូវត្រីត្រូវឆ្នាំមុននិងឆ្នាំនេះខ្ញុំឃើញថា នៅដើមរដូវត្រីត្រូវឆ្នាំនេះច្រើនជាងឆ្នាំមុន។ខ្ញុំឃើញទឹកឡើងជាងឆ្នាំទៅហើយត្រីវាសម្បូរហ្មងហ្នឹងត្រីមានតែមិនទាន់មានអ៊ុំៗយាយៗមកប្រហែលគាត់ជាប់ច្រូតទេដឹង»។
យុវតីលក់អំបិលម្នាក់ក្នុងសង្កាត់ច្រាំងចំរេះ ១ គីឡូលេខ ៩ ឈ្មោះ ហ័រ រី ថ្លែងថា អំបិលម៉ដ្តសម្រាប់ប្រឡាក់ត្រីប្រហុកក្នុង ១ គីឡូក្រាមថ្លៃ ១ ពាន់រៀល ប៉ុន្តែពេលនេះលក់មិនទាន់ដាច់ទេអាចមកពីអ្នកស្រែជាប់ប្រមូលផលស្រូវក្នុងរដូវច្រូវកាត់។
យុវតី ហ័រ រី ប្រាប់ថា៖ «ពេលនេះខ្ញុំលក់អំបិលមិនសូវដាច់ទេនៅស្ងាត់អ្នកមកទិញត្រីប្រហុកនៅឡើយ ប៉ុន្តែជារៀងរាល់ឆ្នាំចាប់ពីថ្ងៃទី ២០ ខែធ្នូ ទៅមានមនុស្សមកទិញត្រីប្រហុកច្រើនឆ្នាំនេះអាចដូចឆ្នាំមុនដែរ»។
លោក ចាន់ រិទ្ធី ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ ប្រាប់ភ្នំពេញប៉ុស្តិ៍ថា សម្រាប់ឆ្នាំនេះមានដាយត្រីទាំងអស់ ៥ ជួរ ចាប់ពីឫស្សីកែវរហូតដល់ព្រែកព្នៅហើយភាគច្រើនចាប់ពីខែខ្នើតទៅ គឺត្រីចាប់ផ្តើមត្រូវរហូតដល់ខែមករាឬអាចចូលដល់ខែកុម្ភះផង។
ដាយជួរខ្លះអាចក្នុងកន្លះម៉ោងលើកម្តង អាចចាប់ត្រីរៀលបានចន្លោះពី ១០០ ទៅ ១៥០ គីឡូក្រាមដែលអាចសន្និដ្ឋានបានថា ត្រីត្រូវល្អមិនមានបញ្ហាអ្វីទេ សង្ឃឹមថានឹងមានអ្នកមកធ្វើប្រហុកច្រើន។
លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកណ្តាលបានឱ្យដឹងថា សម្រាប់នៅស្រុកពញាឮ ក្នុងខេត្តកណ្តាល មានជាង ២០ មាត់តែត្រីវាមានពេលវេលាដែលវាចុះដែលវាអាចចុះ ១ ឆាវៗហើយបើអាកាសធាតុមេឃងងឹតឬមានភ្លៀវគឺត្រីមិនចុះតែម្តង។ប៉ុន្តែពេលនេះនៅគន្លងដៃផ្នែកខាងលើអាចលើកម្តងបាន ៧០០ ទៅ ៨០០ គីឡូក្រាមដែលចាត់ទុកថាត្រីត្រូវគួរសមហើយ។
លោកបញ្ជាក់ថា៖ «ត្រីសម្រាប់ធ្វើប្រហុកគឺបានតែត្រីរៀលទេតែឥឡូវសម្បូរត្រីស្លឹកឫស្សីច្រើនដែរហើយត្រីស្លឹកឫស្សីនេះមិនអាចធ្វើប្រហុកបានទេតែប្រភេទត្រីរៀលត្រូវច្រើនហើយមានបងប្អូនយើងមកទិញយកទៅផ្ទះធ្វើប្រហុកបណ្តើរៗហើយ»។
កាលពីព្រឹកថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៣ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រី បានចុះពិនិត្យការប្រមូលផលត្រីប្រហុកនៅដាយត្រី ស្ថិតក្នុងភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល បានឱ្យដឹងថា ផលត្រីដែលមានការកើនឡើង ហើយប្រជាពលរដ្ឋសប្បាយចិត្តក្នុងការទិញយកទៅធ្វើប្រហុកបានកាន់តែច្រើន ហើយក្រសួងបាននិងបន្តចុះពិនិត្យការប្រមូលផលត្រីជារៀងរាល់ឆ្នាំ ក្នុងឆ្នាំនេះ ផលត្រីមានការកើនឡើងជាងឆ្នាំមុនប្រមាណ ៥% ដោយសារការសហការបង្ការនិងបង្ក្រាបបទល្មើសនេសាទប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់។
លោក ឌិត ទីណា ថ្លែងថា ផលត្រីដែលប្រមូលបានជាប្រភេទត្រីប្រហុក ហើយភាគច្រើននៅដើមដៃនេះ ត្រីប្រមាណ ៧០% ជាប្រភេទត្រីស្លឹកឫស្សី ១០% ត្រីឆ្វៀត និង ២០% ត្រីចម្រុះ។ ចំពោះស្តង់ដានៃការកែច្នៃប្រហុកវិញ គឺត្រូវគោរពតាមគោលការណ៍ភូតគាមអនាម័យ (SPS) សម្រាប់ផ្នែកបច្ចេកទេស និងស្តង់ដាទីផ្សារនាំចេញ។ ការធ្វើប្រហុក រហូតមកទល់ពេលនេះ ប្រជាពលរដ្ឋភាគច្រើននៅតែបន្តធ្វើប្រហុកតាមបែបប្រពៃណីសម្រាប់ការប្រើប្រាស់ប្រចាំគ្រួសារ។
រីឯសហគ្រិនខ្នាតតូច និងមធ្យមវិញ កំពុងកែច្នៃប្រហុកស្ងួតតាមតម្រូវការទីផ្សារ ហើយបច្ចុប្បន្នកំពុងស្នើសុំវិញ្ញាបនបត្របញ្ជាក់គុណភាព សុវត្ថិភាព ដើម្បីបង្កើនទំនុកចិត្ត និងតម្លៃបន្ថែមសម្រាប់ការនាំចេញ។ លើសពីនេះទៀត ក្រសួងបានចាប់ផ្តើមសាកល្បងឱ្យមានការប្រកួតប្រជែងការកែច្នៃប្រហុកឆ្ងាញ់កាលពីឆ្នាំកន្លងទៅ ដោយមានការគាំទ្រពីក្រុមហ៊ុន Conferel៕