ភ្នំពេញៈ អង្គការយូនីសេហ្វ (UNICEF) និងដៃគូនៃសម្ព័ន្ធសម្រាប់ការកែលម្អអាហារបំពេញបន្ថែមនៅអាស៊ីអាគ្នេយ៍ (COMMIT) រកឃើញថា ៧២% នៃអាហារសម្រន់ និងនំចំណីសម្រាប់ក្មេងអាយុក្រោម ៣ ឆ្នាំនៅប្រទេសចំនួន ៧ មានបន្ថែមសារធាតុផ្អែមដែលអាចធ្វើឱ្យកុមារតូចៗពុកធ្មេញ និងឡើងទម្ងន់។
ប្រទេសទាំងនោះរួមមាន៖ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងវៀតណាម ដែលបានវាយតម្លៃទៅលើអាហារសម្រន់ និងនំចំណីសម្រាប់ក្មេងៗ មានផ្ទុកសារជាតិផ្អែមនៅក្នុងនោះ ហើយបានដាក់លក់ និងផ្សាយពាណិជ្ជកម្មនៅលើទីផ្សារឱ្យកុមារតូចៗប្រើប្រាស់យ៉ាងទូលំទូលាយ។ នេះបើយោងតាមការសិក្សាថ្មីមួយរបស់អង្គការយូនីសេហ្វ និងដៃគូនៃសម្ព័ន្ធសម្រាប់ការកែលម្អអាហារបំពេញបន្ថែមនៅអាស៊ីអាគ្នេយ៍ (COMMIT) បានចេញសេចក្តីប្រកាសកាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៣។
សេចក្តីប្រកាសបញ្ជាក់ថា៖ «ការស្រាវជ្រាវបានរកឃើញថា ជិតពាក់កណ្តាលនៃផលិតផលដែលបានសិក្សា (៤៤ ភាគរយ) មានបន្ថែមជាតិស្ករ និងសារធាតុផ្អែម ក្នុងចំណោមអាហារសម្រន់ និងនំចំណីសម្រាប់ក្មេងៗ បានកើនឡើងដល់ ៧២ ភាគរយ ហើយការទទួលទានអាហារមានជាតិស្ករក្នុងវ័យក្មេងនេះ អាចនាំឱ្យកុមារតូចៗ ពុកធ្មេញ ការឡើងទម្ងន់និងទម្លាប់ទទួលទានអាហារមិនល្អជាដើម»។
លើសពីនេះជិត ៩០ ភាគរយ នៃស្លាកនៅលើផលិតផលដែលបានសិក្សាស្រាវជ្រាវ រកឃើញថា មានការបំភាន់ ឬបញ្ឆោតពីសមាសភាពរបស់អាហារសម្រន់ និងនំចំណីទាំងនោះ ខណៈដែលការសិក្សានេះ ក៏បានកត់សម្គាល់ថា គ្មានប្រទេសណាមួយក្នុងចំណោមប្រទេសទាំង ៧ នេះមានគោលនយោបាយជាតិស្តីពីសមាសភាព និងការដាក់ស្លាកសញ្ញាអាហារបំពេញបន្ថែម ដែលអនុវត្តតាមការណែនាំរបស់អន្តរជាតិទាំងអស់។ ទន្ទឹមនេះ ប្រទេសទាំងនោះ ក៏មិនទាន់មានវិធានការផ្លូវច្បាប់ក្នុងការគ្រប់គ្រងបរិមាណជាតិស្ករឬអំបិលដែលមាននៅក្នុងអាហារសម្រន់ និងនំចំណីនោះដែរ។
លោកស្រី ដេបូរ៉ា ខូមីនី នាយិកាអង្គការយូនីសេហ្វប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក បានថ្លែងក្នុងសេចក្ដីប្រកាសថា នៅកម្ពុជា ហ្វីលីពីននិងឡាវ ផលិតផលភាគច្រើនត្រូវបានដាក់ស្លាកតែជាភាសាអង់គ្លេស ឬមិនមែនជាភាសាជាតិ ដែលធ្វើឱ្យសមត្ថភាពរបស់អាណាព្យាបាលមួយចំនួន ពិបាកក្នុងការទទួលព័ត៌មានពីផលិតផលទាំងអស់នោះ ដើម្បីធានាបាននូវរបបអាហារមានជីវជាតិសម្រាប់កូនរបស់ពួកគេ។
«ផលិតផលម្ហូបអាហារច្រើនពេកដែលត្រូវបានដាក់លក់លើទីផ្សារសម្រាប់ក្មេងស្រី និងក្មេងប្រុសដែលជាកុមារតូចៗ គឺមិនល្អចំពោះសុខភាព និងត្រូវបានដាក់ស្លាកថា អាចបោកប្រាស់អាណាព្យាបាល»។
លោកស្រីបញ្ជាក់ថា៖ «រដ្ឋាភិបាល និងអ្នកផលិតអាហារ អាចនឹងត្រូវដើរតួនាទីកាន់តែសំខាន់ ក្នុងការការពារសុខភាពរបស់កុមារតូចៗ ពីព្រោះការផ្ដល់អាហារូបត្ថម្ភល្អនៅវ័យក្មេង ជួយដល់កុមារឱ្យលូតលាស់និងផ្តល់ថាមពលប្រាជ្ញា»។ ម្យ៉ាងវិញទៀត អាហារូបត្ថម្ភមិនល្អវានឹងបង្កើនហានិភ័យដល់កុមារតូចៗ មានភាពក្រិន កង្វះមីក្រូសារជាតិ លើសទម្ងន់ ធាត់ និងជំងឺផ្សេងទៀត ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។
អង្គការ UNICEF និងដៃគូ COMMIT បានអំពាវនាវឱ្យរាជរដ្ឋាភិបាលប្រទេសទាំងនោះ ហាមឃាត់ការប្រើប្រាស់ជាតិស្ករបន្ថែម និងសារធាតុផ្អែម នៅក្នុងអាហារសម្រន់ និងនំចំណីសម្រាប់ក្មេងហើយរដ្ឋាភិបាល ក៏ត្រូវត្រួតពិនិត្យយ៉ាងតឹងរ៉ឹង និងការអនុវត្តបទប្បញ្ញត្តិជាតិស្តីពីអាហារបំពេញបន្ថែមដែលផលិតផ្សាយពាណិជ្ជកម្ម។
ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានលើកឡើងកាលពីថ្ងៃទី ១៩ ខែធ្នូដែរថា ការអភិវឌ្ឍធនធានមនុស្ស ចាំបាច់ត្រូវផ្អែកលើកត្តាចំណេះដឹង សមត្ថភាព និងសុខភាព ដូច្នេះការផ្គត់ផ្គង់ចំណីអាហារប្រកបដោយគុណភាព និងសុវត្ថិភាព ជាកត្តាអាទិភាពចម្បង។
លោកលើកឡើងបែបនេះ នាឱកាសជំនួបពិភាក្សាការងារជាមួយលោក កាត្សឹណារី ម៉ាត្សឹដា (Katsunari Matsuda) នាយកក្រុមហ៊ុន Meiji Co., Ltd ជប៉ុនដែលមានបំណងចង់មកវិនិយោគ និងបើកអាជីវកម្មលើភាពសម្បូរបែបនៃផលិតផល និងទាំងលើបច្ចេកវិទ្យាទំនើប នៅក្នុងប្រទេសកម្ពុជានាពេលខាងមុខ។
លោក ហ៊ុន ម៉ាណែត លើកឡើងថា៖ «រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស ដែលចាំបាច់ត្រូវផ្អែកលើកត្តាចំណេះដឹង សមត្ថភាព និងសុខភាព ដូច្នេះការផ្គត់ផ្គង់ចំណីអាហារប្រកបដោយគុណភាព និងសុវត្ថិភាព ជាកត្តាអាទិភាពចម្បង»៕