ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចាត់ទុកធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាប្រៀបដូចជាបេះដូង និងជាផ្នែកដ៏សំខាន់សម្រាប់គាំទ្រដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ខណៈលោកបានផ្តល់អនុសាសន៍ និងលើកទឹកចិត្តដល់ធនាគារពិនិត្យលទ្ធភាពក្នុងការផ្តល់សេវាកម្មរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ។
នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារធនាគារវីងថៅវើ នៅថ្ងៃទី ២០ ខែធ្នូ លោក ហ៊ុន ម៉ាណែត ថ្លែងថា ការសម្ពោធអគារធនាគារវីងនាពេលនេះ គឺជានិមិត្តរូបនៃការរីកចម្រើនរបស់វិស័យធនាគារឯកជន ជាពិសេសអ្នកវិនិយោគក្នុងស្រុក។ ជាមួយគ្នានេះលោកក៏បានចូលរួមត្រេកអរផងដែរ ចំពោះការពង្រីកធនាគារក្នុងស្រុករយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលធ្វើឱ្យកម្ពុជាមានម្ចាស់ការ និងអាចបង្វិលសាច់ប្រាក់ក្នុងស្រុកបាន។
លោកមានប្រសាសន៍ថា៖ «វិស័យធនាគារ កាលណាពង្រីកនឹងសម្រួលលទ្ធភាពដល់អតិថិជន ប៉ុន្តែយើងក៏មានកាតព្វកិច្ចមួយត្រូវរក្សាលំនឹង ហើយការបញ្ជូនសាច់ប្រាក់ទៅឱ្យអតិថិជន ត្រូវមានការវាយតម្លៃច្បាស់លាស់ ជាពិសេសក្នុងគ្រាលំបាកនេះ។ ព្រោះបញ្ហាសំខាន់សេដ្ឋកិច្ចរបស់យើង បើសិនជាអត់មានចរន្ត
ថវិកាទេ សេដ្ឋកិច្ចអត់ដើរទេ»។
លោកបានបញ្ជាក់ថា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីជំរុញសម្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅសម្រេចចក្ខុវិស័យឆ្នាំ ២០៣០ និង ២០៥០ និងដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ ការរីកចម្រើនវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសកល ដែលបច្ចេកវិទ្យាឌីជីថលកំពុងដើរតួនាទីស្នូល និងជាចលករសំខាន់ គ្របដណ្តប់លើគ្រប់ទិដ្ឋភាពនៃសេដ្ឋកិច្ចសង្គម រួមទាំងវិស័យហិរញ្ញវត្ថុធនាគារ។
បន្ថែមលើនេះ រាជរដ្ឋាភិបាលក៏បានដាក់ឱ្យអនុវត្តនូវគោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ឆ្នាំ ២០២៣-២០២៨ ដែលមានចក្ខុវិស័យរយៈពេលវែងអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ការរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និងការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ។
លោក ហ៊ុន ម៉ាណែត ថ្លែងថា៖ «គោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាឆ្នាំ ២០២៣-២០២៨ គឺជាសមិទ្ធផលមួយដែលមានសារៈសំខាន់គួជាទីមោទនភាព ក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យា នៅក្នុងវិស័យហិរញ្ញវត្ថុសំដៅចូលរួមលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ»។
ក្របខ័ណ្ឌគោលនយោបាយទាំងនេះនឹងមានសារៈសំខាន់សម្រាប់វិស័យធនាគារនៅកម្ពុជា ក្នុងបរិការណ៍នៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាជាពិសេសបច្ចេកវិទ្យាហិរញ្ញវត្ថុ ការចាប់យក និងការសម្របខ្លួនទៅនឹងប្រព័ន្ធឌីជីថលរបស់ធនាគារមិនត្រឹមតែរួមចំណែកលើកកម្ពស់កម្រិតបរិយាបន្នហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីលើកកម្ពស់កំណើននិងប្រកបដោយចីរភាព។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លោក ហុង វណ្ណៈ បានថ្លែងថា បើនិយាយពីវិស័យធនាគារ មាន ២ ប្រភេទ គឺប្រភេទធនាគាររបស់រដ្ឋ និងធនាគារឯកជនរួមទាំងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានមុខងារនិងភារកិច្ចខុសៗគ្នា។
យ៉ាងណាមិញលោកបញ្ជាក់ពីសារៈសំខាន់ជារួមនៃធនាគារថា៖ «ធនាគារ មានតួនាទីក្នុងរក្សាលុយ ផ្តល់លុយ ការគ្រប់គ្រង ចាត់ចែង និងរៀបចំលុយ គឺជារឿងសំខាន់។ ដូច្នះហើយបានជាធនាគារមានសារៈសំខាន់ ព្រោះកាលណាយើងចាត់ចែងគ្រប់គ្រងលុយដល់គោលដៅ នោះហើយ គឺជាបេះដូងនៃសេដ្ឋកិច្ចដែលជំរុញឱ្យមានសកម្មភាពសេដ្ឋកិច្ច កម្រើកសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ច»។
ដើម្បីបន្តធានារក្សាបានភាពរឹងមាំនៃវិស័យហិរញ្ញវត្ថុ និងធនាគារព្រមទាំងលើកកម្ពស់តួនាទីរបស់ធនាគារក្នុងសកម្មភាពសេដ្ឋកិច្ច លោកនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍មួយចំនួនរួមមាន៖ការពិនិត្យលទ្ធភាពក្នុងការផ្តល់សេវាកម្មរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ, ពិនិត្យលទ្ធភាពផ្តល់ឥណទានឱ្យបានកាន់តែច្រើនដល់ សហគ្រាសមីក្រូ ធុនតូច និងធុនមធ្យម។
ពង្រីកឥណទាន ដល់វិស័យកសិកម្មជាពិសេសឥណទានសម្រាប់ដំណាំស្រូវ និងឥណទានបៃតង, លើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញដើម្បីជួយវិស័យទេសចរណ៍, រៀបចំកម្មវិធីផ្តល់កម្ចីដោយផ្ទាល់ដល់ប្រតិបត្តិករទេសចរណ៍ជាមួយអត្រាការប្រាក់សមរម្យ និងធនាគារជាតិនៃកម្ពុជា គួររិះរកវិធីសមស្របដើម្បីបន្ធូរបន្ថយនូវបទប្បញ្ញត្តិប្រុងប្រយ័ត្នមួយចំនួនដែលចាំបាច់ក្នុងការផ្តល់លទ្ធភាពឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តដើរតួនាទីកាន់តែសំខាន់ក្នុងការរួមចំណែកគាំទ្រទៅដល់ក្រុមហ៊ុន និងសហគ្រាសឯកជន។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា៖ «កិច្ចការងារនេះគឺមានសារៈសំខាន់ណាស់ ដើម្បីឱ្យសេដ្ឋកិច្ចមួយ ដើរត្រូវចរន្ត ដែលក្នុងនោះហិរញ្ញវត្ថុបានដើរតួនាទីសំខាន់ខាងប្រព័ន្ធធនាគារហើយធនាគារជាតិរបស់យើង ដើរតួនាទីក្នុងការជួយសម្រួលគាំទ្រទៅដល់ប្រតិបត្តិការដល់ប្រព័ន្ធធនាគារ»។
លោកថា ថ្មីៗនេះធនាគារជាតិ បានដើរតួនាទីយ៉ាងសកម្មចរចាជាមួយបណ្តាប្រទេសទាំងអស់ក្នុងការរៀបចំប្រព័ន្ធទំនាក់ទំនងក្នុងការជួយធ្វើពាណិជ្ជកម្មទេសចរណ៍ផ្សេងៗ តាមរយៈរៀបចំប្រព័ន្ធទូទាត់ត្រង់ ក៏ដូចជាការរៀបចំ QR code ជាដើម៕