ភ្នំពេញៈ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមីអូ បានសន្យាធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត គ្រប់ជ្រុងជ្រោយតាមរយៈគម្រោងកិច្ចសហប្រតិបត្តិការជាក់ស្ដែងលើគ្រប់វិស័យ ដោយនាយករដ្ឋមន្ត្រីទាំង ២ បានទទួលស្គាល់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរួមគ្នាផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៣ ស្តីពី «កម្ពុជា និងជប៉ុនប្ដេជ្ញាពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា៖«ប្រទេសទាំង ២ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូត នៅក្នុងឆ្នាំនេះ នាយករដ្ឋមន្ត្រីទាំង២ បានសន្យាធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត គ្រប់ជ្រុងជ្រោយ តាមរយៈគម្រោងកិច្ចសហប្រតិបត្តិការជាក់ស្ដែងលើគ្រប់វិស័យ»។
ប្រភពដដែលបន្តថា៖«នាយករដ្ឋមន្ត្រីទាំង ២ បានទទួលស្គាល់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិ និងសន្តិសុខ ថាមពល អភិវឌ្ឍន៍ឌីជីថល ការបោសសម្អាតមីន និងសុខភាពសាធារណៈ»។
តាមរយៈសេចក្តីប្រកាសព័ត៌មាននេះដែរលោក គីស៊ីដា ហ្វូមីអូ បានសម្តែងអំណរគុណចំពោះការចូលរួមដោយសកម្មរបស់លោកហ៊ុន ម៉ាណែត នៅក្នុងកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន និងកិច្ចប្រជុំកំពូលលើកទី ១ ស្តីពីសហគមន៍បំភាយ ឧស្ម័នសូន្យអាស៊ី (AZEC)។
ជាមួយគ្នានេះដែរ លោក ហ៊ុន ម៉ាណែតក៏បានសម្តែងអំណរសាទរយ៉ាងកក់ក្តៅចំពោះប្រទេសជប៉ុន ដែលបានធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះប្រកបដោយជោគជ័យដោយលោកបានសម្តែងការគាំទ្រយ៉ាងពេញលេញចំពោះគំនិតផ្តួចផ្តើមថ្មីចំនួន ៣ របស់ជប៉ុន ដែលរួមមាន៖«ដៃគូចិត្ត និងចិត្តគ្រប់ជំនាន់»,«ដៃគូសម្រាប់សហបង្កើតសេដ្ឋកិច្ច និងសង្គម» និង «ដៃគូសម្រាប់សន្តិភាព និងស្ថិរភាព»។
ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុនលើកទី ៥០ ដែលបានធ្វើឡើងចាប់ពីថ្ងៃទី ១៥-១៩ ខែធ្នូ ឆ្នាំ ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន លោកហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ជាថ្មីនូវអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនសម្រាប់ការគាំទ្រ និងជំនួយដ៏ថ្លៃថ្លាដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។ លោកលើកឡើងថា៖«សូមថ្លែងការអរគុណដ៏ជ្រាលជ្រៅ ជូនចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីគីស៊ីដាសម្រាប់ការសន្យាផ្តល់ឥណទានសម្បទានចំនួន ២០ ប៊ីលានយ៉េន ដើម្បីជួយដល់វិស័យសុខាភិបាលរបស់កម្ពុជា តាមទីជនបទនៅកម្ពុជា»។
ក្រោយពីជំនួបប្រកបដោយផ្លែផ្កាខាងលើលោកគីស៊ីដា បានប្រគល់ជូនលោកហ៊ុន ម៉ាណែត នូវកាសប្រាក់អនុស្សាវរីយ៍ប្រភេទ ៥ ០០០ រៀល ដើម្បីអបអរសាទរខួបទី៧០ឆ្នាំនៃមិត្តភាពកម្ពុជា-ជប៉ុនផងដែរ។
ទាក់ទងនឹងការណ៍នេះដែរលោក តាន់ ហ្សង់ ហ្រ្វង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃការចូលរួមកិច្ចប្រជុំកំពូលនេះ នាយប់ថ្ងៃទី ១៩ ខែធ្នូថា កម្ពុជា និងជប៉ុន មានទំនាក់ទំនងការទូត ជាមួយនឹងគ្នា ៧០ ឆ្នាំកន្លងមកហើយ ហើយនៅចុងទសវត្សរ៍ ៨០ ដើមទសវត្សរ៍ ៩០ ប្រទេសជប៉ុន បានចូលរួមក្នុងការស្វែងរកសន្តិភាព និងរៀបចំឱ្យមានសន្តិភាព នៅក្នុងប្រទេសកម្ពុជាផងដែរ។
លោកបញ្ជាក់ថា ៖ «ទំនាក់ទំនង កម្ពុជា-ជប៉ុន គ្មានការប្រួលប្រែឡើយ ទោះបីជាកម្ពុជា ទើបដូរនាយករដ្ឋមន្ត្រីក៏ដោយព្រោះថា ទំនាក់ទំនងការទូត រវាងប្រទេសទាំង ២ មានចំនួន ៧០ ឆ្នាំមកហើយ។ មួយវិញទៀត មិនមែនអាស្រ័យ ទៅលើបុគ្គលិកលក្ខណៈរបស់នាយករដ្ឋមន្ត្រី ឆ្លងចេញពីសម្តេចតេជោ ហ៊ុន សែន ទៅសម្តេចធិបតី ហ៊ុន ម៉ាណែត នោះទេ គឺវាមានមូលហេតុមួយចំនួនដែលធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំង ២ មានលក្ខណៈកាន់តែល្អប្រសើរ»។
លោក តាន់ ហ្សង់ ហ្រ្វង់ស័រ បន្ថែមថា តទៅមុខទៀតក៏ដោយ ក៏មិនគួរឱ្យមានការបារម្ភដែរពីទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ទោះបីជាសព្វថ្ងៃនេះ កម្ពុជានឹងបន្តត្រូវការជំនួយពីជប៉ុនក៏ដោយ ហើយសព្វថ្ងៃនេះ ជប៉ុនសម្លឹងឃើញកម្ពុជា ជាប្រទេសមួយដែលមានការអភិវឌ្ឍសង្គម និងកំណើនសេដ្ឋកិច្ចខ្លាំងក្លា។
លោកថ្លែងថា ៖ «ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាស្គាល់កំណើនសេដ្ឋកិច្ចខ្លាំងក្លា ស្គាល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចខ្លាំងក្លាគឺនៅពេលនោះហើយ ដែលជប៉ុនមើលឃើញកម្ពុជា ដូចជាដៃគូសេដ្ឋកិច្ចមួយខានមិនបាន ដោយសារកម្ពុជាជាប្រទេសសមាជិកអាស៊ានដែលអាស៊ាន គឺជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយ ប៉ូលទាក់ទាញសេដ្ឋកិច្ចជាងគេនៅក្នុងអាស៊ីប៉ាស៊ីហ្វិក ដែលកម្ពុជាគឺជាដៃគូខានមិនបានរបស់ជប៉ុន»។
មួយវិញទៀតលោកតាន់ ហ្សង់ ហ្រ្វង់ស័រក៏បានលើកឡើងដែរថា វិនិយោគទុនរបស់ជប៉ុនមាននៅគ្រប់កន្លែងដូចជាចិន វៀតណាម ភូមា ដូចនេះកុំនិយាយពីរបបនយោបាយ ដោយសារតែលុយគ្មានក្លិនប្រជាធិបតេយ្យ លុយគ្មានក្លិនផ្តាច់ការនោះទេ ទីណាគេរកបាន គឺគេទៅហើយ៕