ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្តល់ជាអនុសាសន៍ និងណែនាំឱ្យស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ ត្រូវបន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលមានចរិតបំពុលសង្គម។
លោកបានលើកឡើងដូចនេះ តាមរយៈសារលិខិតអបអរសាទរវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២០ នៅថ្ងៃទី ២១ ខែធ្នូ ដែលវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាឆ្នាំ ២០២៣ ធ្វើឡើងក្រោមប្រធានបទ «ក្រមសីលធម៌ និងវិជ្ជាជីវៈ សារព័ត៌មាន»។
លោកបានលើកឡើងថា៖ «ប្រធានបទនេះពិតជាមានសារៈសំខាន់បំផុត ខណៈដែលការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន មួយចំនួននៅមានកម្រិត ជាពិសេសអ្នកសារព័ត៌មានតាមប្រព័ន្ធអនឡាញ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ និងការបណ្តុះបណ្តាលជំនាញ ដើម្បីបង្កើនសមត្ថភាពរបស់អ្នកសារព័ត៌មាន និងបង្កើនទំនុកចិត្តដល់សាធារណជន»។
ក្នុងឱកាសនេះដែរលោកនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ ដែលបានគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលនាពេលកន្លងមក ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលនេះជាកម្លាំងចលករក្នុងការចូលរួមចំណែកថែរក្សាសុខសន្តិភាព និងការកសាងប្រទេសឱ្យមានការរីកចម្រើនប្រកបដោយចីរភាព ដោយសម្លឹង ឆ្ពោះទៅបង្គោលចរណ៍ «ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០»។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់លើកកម្ពស់ សេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងជំរុញឱ្យមានការបណ្ដុះបណ្ដាលផ្នែកសារព័ត៌មាន និងបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយទំនើប ក៏ដូចជាពង្រឹងការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីឱ្យអ្នកសារព័ត៌មាន បំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ»។
ដើម្បីចូលរួមចំណែកក្នុងវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២០ នេះ លោកនាយករដ្ឋមន្ត្រីក៏បានផ្តល់ជាអនុសាសន៍សំខាន់ៗមួយចំនួនផងដែរ សម្រាប់ជាមូលដ្ឋានក្នុងការពិភាក្សាដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធការបំពានក្រមសីលធម៌ វិជ្ជាជីវៈ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បំភ្លៃការពិត មានចរិតបំពុលសង្គម ជេរប្រមាថ និងញុះញង់ បង្កឱ្យកើតមានអរិភាព ការបែកបាក់សាមគ្គីភាពជាតិ។
លោកថា៖ «ត្រូវបន្តចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ ផ្អែកលើការអនុវត្តច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងត្រូវលុបបំបាត់ជនឱកាសនិយម ដែលជ្រកក្រោមស្លាកសារព័ត៌មាន»។
លោក ហ៊ុន ម៉ាណែត បន្ថែមទៀតថា ផ្ដល់ព័ត៌មានពិតដល់សាធារណជនជាតិ-អន្តរជាតិ ពីសភាពការណ៍ពិតនៅកម្ពុជា, ធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងពីភាពពិតជាក់ស្ដែង និងភាពអសកម្មនៅក្នុងសង្គម,ផ្សព្វផ្សាយអប់រំពីវិធានការបង្ការគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់នៃគ្រឿងញៀន ការជួញដូរមនុស្ស គោលនយោបាយភូមិឃុំមានសុវត្ថិភាពជាដើម។
លោកបានបន្តថា៖ «រួមគ្នាបន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយដែលមានចរិតបំពុលសង្គម អាចធ្វើឱ្យប្រទេសជាតិ អស្ថិរភាពនយោបាយ ចលាចល ភាពវឹកវរ និងបាត់បង់សណ្តាប់ធ្នាប់សង្គម, ប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈ ផ្សាយព័ត៌មានពិតមានតុល្យភាព ចៀសវាងការផ្សាយព័ត៌មានដែលធ្វើឱ្យខូចផលប្រយោជន៍ជាតិ និងបាត់បង់ទំនុកចិត្តពីសាធារណជន»។
លោកក៏បានណែនាំឱ្យមានការបណ្តុះបណ្តាលសមត្ថភាពជំនាញរបស់អ្នកសារព័ត៌មានទាំងបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីលើកកម្ពស់គុណភាពព័ត៌មាន សណ្តាប់ធ្នាប់វិស័យព័ត៌មាន និងកិត្យានុភាពស្ថាប័នសារព័ត៌មាន។
ទាក់ទងនឹងសារលិខិតនេះដែរ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានប្រាប់ឱ្យដឹងថា ក្លឹបអ្នកកាសែតកម្ពុជានឹងបន្តបេសកកម្មសំខាន់ ដោយធ្វើយ៉ាងណាជួយបណ្តុះបណ្តាលទាំងក្រមសីលធម៌ និងវិជ្ជាជីវៈដល់អ្នកសារព័ត៌មាន។
លោកបានថ្លែងថា៖ «នៅពេលខាងមុខក្លិបអ្នកកាសែតកម្ពុជាមានមហិច្ឆតាធំណាស់ ដើម្បីធ្វើយ៉ាងណាបង្កើតក្រុមប្រឹក្សាក្រមសីលធម៌អ្នកសារព័ត៌មាន ដែលពេល នោះពួកគាត់ដែលជាអ្នកសារព័ត៌មានអាចមើល អាចវាយតម្លៃ និងដាក់ពិន័យដោយអ្នកសារព័ត៌មាន ឬក្រុមអ្នកសារព័ត៌មានខ្លួនឯង ជាជាងរាជរដ្ឋាភិបាលឬសមត្ថកិច្ចណាមួយ។ នេះជារឿងសំខាន់បំផុតដែលស្ទើរតែទូទាំងពិភពលោកបានអនុវត្តទម្រង់បែបនេះ»។
បច្ចុប្បន្ននៅកម្ពុជា មានសារព័ត៌មានបោះពុម្ពផ្សាយបានចុះបញ្ជីនៅក្រសួងព័ត៌មានចំនួនប្រមាណ ៥០០ អាជ្ញាប័ណ្ណ, វិទ្យុFM មានប្រមាណ ២២១ ស្ថានីយ, ស្ថានីយ ទូរទស្សន៍ មាន ២១ ប៉ុស្ត៍, ទូរទស្សន៍ខ្សែកាបមានជាង ៩០ ប៉ុស្ត៍និងសារព័ត៌មានអនឡាញមានចំនួនជាង ៩០០ អាជ្ញាប័ណ្ណ៕