ភ្នំពេញៈ អ្នកជំនាញក្នុងវិស័យអប់រំបានចាត់ទុកគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាល ដែលផ្តោតការយកចិត្តទុកដាក់សំខាន់លើទារកដ្ឋានតាមសហគមន៍ថា ជាជំហានឆ្ពោះទៅរកភាពស៊ីវិល័យដូចបណ្តាប្រទេសមួយចំនួននៅអាស៊ាន។
ការលើកឡើងដូចនេះ បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើមប្រជុំជាលើកដំបូងជាមួយអន្តរក្រសួងស្តីពីការបង្កើត និងគ្រប់គ្រងទារកដ្ឋាន ដឹកនាំដោយលោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ និងជាប្រធានក្រុមការងារអន្តរក្រសួង។ នេះបើយោងតាមហ្វេសប៊ុកក្រសួងអប់រំនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៣។
ប្រភពដដែលបានឱ្យដឹងថា កិច្ចប្រជុំនេះមានការចូលរួមពីភាគីពាក់ព័ន្ធរួមមាន នាយកដ្ឋានអប់រំកុមារតូច, គណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍន៍កុមារតូច,មន្ត្រីបច្ចេកទេសសុខាភិបាល,មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព,មជ្ឈមណ្ឌលគាំពារមាតា និងទារក, នាយកដ្ឋានការងារ, នាយកដ្ឋានផែនការ ស្ថិតិ និងនីតិកម្ម រួមនឹងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។
ក្រសួងអប់រំបានបន្តថា៖ «គោលបំណងនៃកិច្ចប្រជុំនេះធ្វើឡើងដើម្បីកំណត់ក្របខ័ណ្ឌរៀបចំសេចក្តីព្រាង ចែករំលែកទស្សនទាន និងបទពិសោធន៍ទូទៅ ឈានឆ្ពោះទៅបង្កើតទារកដ្ឋានសហគមន៍មួយប្រកបដោយវិជ្ជាជីវៈ និងនិរន្តរភាពក្នុងគោលដៅចូលរួមជួយសម្រាលបន្ទុកមាតា បិតាបានមួយកម្រិតធំ ក៏ដូចជាបន្ថែមការយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលធនធានមនុស្សតាំងពីវ័យក្មេង»។
ពាក់ព័ន្ធនឹងការបង្កើតទារកដ្ឋានតាមសហគមន៍ និងរោងចក្រសហគ្រាសនេះ លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំកម្ពុជាបានថ្លែងនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៣ ថា គោលនយោបាយស្តីពីការបង្កើត និងគ្រប់គ្រងទារកដ្ឋាន របស់រាជរដ្ឋាភិបាល គឺជាជំហានថ្មីមួយទៀត មិនធ្លាប់មានពីមុនដែលជួយជំរុញកម្រិតជីវភាពប្រជាពលរដ្ឋផង និងជួយបង្កើនគុណភាពអប់រំនៅកម្ពុជាផង។
លោក គង់ សំនៀង បានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលយកចិត្តទុកដាក់បង្កើតឱ្យមានទារកដ្ឋាននេះគឺជារឿងមួយល្អ និងជាជំហានថ្មីមួយទៀតដែលធ្វើឱ្យប្រទេសយើងមានភាពស៊ីវិល័យ បង្កើនគុណភាពអប់រំនៅកម្ពុជាថែមមួយកម្រិតទៀត»។
សូមរំឭកដែរថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្តល់ជាអនុសាសន៍លើការបង្កើតឱ្យមានទារកដ្ឋាននេះដែលកំណត់ការអភិវឌ្ឍធនធានមនុស្សជាវិស័យអាទិភាព និងត្រូវយកចិត្តទុកដាក់តាំងពីតូច ក៏ដូចជាចង់ឱ្យមានទារកដ្ឋានសម្រាប់គ្រួសារកម្មករ និយោជិតនៅតាមសហគ្រាសរោងចក្រផងដែរ។
ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ«របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស» និង «កម្មវិធីបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» កាលពីថ្ងៃទី ១៤ វិច្ឆិកា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា ការបង្កើតទារកដ្ឋាន និងមតេ្តយ្យសហគមន៍ គឺជាកិច្ចការសំខាន់សម្រាប់លើកកម្ពស់សុខុមាលភាពទារក និងការអប់រំឱ្យកាន់តែឈ្លាសវៃ។
លោកបានមានប្រសាសន៍ថា៖ «ការរៀបចំទារកដ្ឋាន និងមត្តេយ្យសហគមន៍នេះជាការរួមចំណែកក្នុងការយកចិត្តទុកដាក់ទៅលើសុខភាព ជួយក្នុងការថែទាំសុខុមាលភាពរបស់ទារកតាមរយៈការគ្រប់គ្រងការជួយបំប៉ន គ្រប់គ្រងទាំងការហូបចុកទាំងអាហារូបត្ថម្ភ និងការបង្ហាត់បង្រៀនផ្សេងៗ»៕