បាត់ដំបងៈមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានជំរុញគណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង ស្រុក ខេត្តបាត់ដំបងឱ្យខិតខំ បន្តការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីឈានទៅកាត់បន្ថយបទល្មើសនានាជាពិសេសករណីជួញដូរ និងការប្រើប្រាស់គ្រឿងញៀនក្នុងមូលដ្ឋាន។
លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បានជំរុញបែបនេះនៅឱកាសលោកធ្វើជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យនិងជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព នៅរដ្ឋបាលខេត្តបាត់ដំបងកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។
ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមពីលោក សុខ លូ អភិបាលខេត្តបាត់ដំបង, លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្តព្រមទាំងមន្ត្រីចំណុះរដ្ឋបាលខេត្តនេះជាច្រើនរូបផងដែរ។នេះបើតាមរដ្ឋបាលខេត្តបាត់ដំបង។
បើតាមរដ្ឋបាលខេត្តនេះ នៅក្នុងឱកាសនោះលោក សុខ ផល បានជំរុញគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បន្តការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាព និងស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាដែលការងារចំពោះមុខសំខាន់ៗនៅឆ្នាំ២០២៤ត្រូវផ្តោតការយកចិត្តទុកដាក់ ជាពិសេសការកាត់បន្ថយ និងឈានទៅដល់ការលុបបំបាត់ការជួញដូរនិងការប្រើប្រាស់គ្រឿងញៀននៅក្នុងសហគមន៍។
លោកបានថ្លែងថា៖«កិច្ចការងារនេះមានក្រសួងមហាផ្ទៃ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងស្ថាប័ន អាជ្ញាធរពាក់ព័ន្ធផ្សេងទៀតជាអ្នកចង្អុលបង្ហាញដើម្បីធានាដល់បរិយាកាសសង្គមដែលមានសន្តិភាព និងសុវត្ថិភាពល្អប្រសើរជាមួយនឹងការជំរុញរៀបចំសណ្តាប់ធ្នាប់ សោភណភាព និងអនាម័យ នៅក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ ដើម្បីចូលរួមលើកកម្ពស់មុខមាត់ កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិ»។
លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានឱ្យដឹងថា តាមរយៈការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចគ្រប់ថ្នាក់ និងគ្រប់ផ្នែក ត្រូវបានវាយតម្លៃ និងឆ្លុះបញ្ចាំងតាមរយៈលទ្ធផលនៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលរដ្ឋបាលខេត្តទទួលបានគួរជាទីមោទនៈក្នុងឆ្នាំ២០២៣។
ក្នុងចំណោម ១០៣ ឃុំ សង្កាត់ នៅទូទាំងខេត្តបាត់ដំបង ឃុំ សង្កាត់ ដែលទទួលបានចំណាត់ថ្នាក់លេខ១ មានចំនួន ៦៨ ឃុំ សង្កាត់ ចំណាត់ថ្នាក់លេខ២ មានចំនួន ៣៤ឃុំ សង្កាត់ និងចំណាត់ថ្នាក់លេខ៣ មានចំនួន១ឃុំ។
លោកបញ្ជាក់ថា៖ «ដោយមានការខិតខំរបស់អាជ្ញាធរមូលដ្ឋាន មន្ត្រីកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បទល្មើសជារួមមានការថយចុះ ៧៣ ភាគរយ គួបផ្សំប្រតិបត្តិការបង្ក្រាបទទួលបានរហូតដល់៩៤ភាគរយ ដែលជាហេតុធ្វើឱ្យការងារប្រឡងប្រណាំងឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត ទទួលបានលទ្ធផលគួរជាទីមោទនៈ»។
លោកបានបន្តថា មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលដែលជាបង្អែករឹងមាំក្នុងការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពនៅតាមបណ្តាមូលដ្ឋានបានដឹកនាំគ្រប់គ្រងពង្រឹងកម្លាំងប្រជាការពារក្នុងការចូលរួមសកម្មភាពរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋានកាន់តែសកម្មថែមទៀត។ ជាពិសេសការត្រៀមលក្ខណៈ ក្នុងការចេញអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ពេលមានគ្រោះមហន្តរាយ ឬមានហេតុការណ៍គ្រោះថ្នាក់ផ្សេងៗកើតឡើងជាយថាហេតុបានទាន់ពេលវេលា។
ជុំវិញបញ្ហានេះលោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូបានថ្លែងថា តាមសង្កេតឃើញថាសម្រាប់គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព គឺជាគោលនយោបាយល្អដើម្បីធ្វើឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានអាចរស់នៅប្រកបដោយភាពសុខដុមរមនា មានសន្តិសុខ សុវត្ថិភាព និងបរិស្ថានល្អ។
ប៉ុន្តែលោកបានកត់សម្គាល់ថា ការអនុវត្តជាក់ស្តែងរបស់មន្ត្រីមូលដ្ឋានខ្លះមិនទាន់ឆ្លើយតបទៅតាមគោលនយោបាយនេះនៅឡើយទេ ខណៈមានពលរដ្ឋខ្លះនៅតែលើកឡើងពីបញ្ហាមួយចំនួនដូចជាករណីគ្រឿងញៀនដែលកំពុងរាលដាលដល់ជនបទ ល្បែងស៊ីសង និងចោរកម្មមួយចំនួន នៅតែកើតមានឡើង។
លោកថា៖«ដូច្នេះដើម្បីឱ្យគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព មានប្រសិទ្ធភាពទាល់តែមន្ត្រីមូលដ្ឋានត្រូវចូលរួមអនុវត្តឱ្យបានពេញលេញ និងមានការចូលរួមពីប្រជាពលរដ្ឋ និងមានទំនុកចិត្តពីពលរដ្ឋ»៕