ភ្នំពេញៈមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) និងអង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូលើគម្រោងគាំទ្រការបោសសម្អាតមីន និងអភិវឌ្ឍន៍តំបន់បោសសម្អាតមីនរួចស្ថិតក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងគម្រោងគាំទ្រការបោសសម្អាតតំបន់គ្រាប់បែកចង្កោមក្នុងខេត្តស្ទឹងត្រែង ក្រោមជំនួយទឹកប្រាក់ពីជប៉ុនជិត ៥០ ម៉ឺនដុល្លារ។
ការចុះកិច្ចព្រមព្រៀងនេះ បានធ្វើឡើងរវាងលោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងលោក KARUBE Masakazu ប្រធានអង្គការសកម្មភាពកំចាត់មីនជប៉ុន ហៅកាត់ថា (JMAS) ប្រចាំកម្ពុជាកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅទីបញ្ជាការស៊ីម៉ាក់រាជធានីភ្នំពេញ។
លោក ហេង រតនា បានឱ្យដឹងថា គម្រោងទាំង២នេះ ជាការផ្តល់ជំនួយឥតសំណង ដែលមានថវិកាសរុបចំនួន៤៩៩ ១៣៥,១០ដុល្លារអាមេរិកសម្រាប់រយៈពេល១២ខែ ចាប់ពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។ លោកបានបញ្ជាក់ថា នេះជាឆ្នាំទី៣ នៃការអនុវត្តគម្រោងនេះ ដែលមានផែនការបោសសម្អាតផ្ទៃដីចម្ការមីន/គ្រាប់ ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តស្ទឹងត្រែងសរុបចំនួន ៦៣០ ហិកតា។
លោកបានបញ្ជាក់ថា៖ «អង្គការ JMAS គឺជាដៃគូជាមួយនឹងអង្គភាពស៊ីម៉ាក់ ជាង ២០ ឆ្នាំហើយ ហើយមែនទែនទៅអង្គការ JMAS ជប៉ុននេះគឺជាអង្គការមួយដ៏សំខាន់ដែលបានរួមចំណែកជាមួយនឹងអង្គភាពស៊ីម៉ាក់ ដោយសារតែអង្គការជប៉ុនមួយនេះបង្កើតឡើងនៅកម្ពុជាយើង ហើយបានពង្រីកខ្លួនទៅតាមបណ្តាប្រទេសមួយចំនួនដែលមានបញ្ហាគ្រាប់មីននៅក្នុងសកលលោកយើងនេះ»។
អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានលើកឡើងដែរថា ការចុះហត្ថលេខានេះក៏ជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលជប៉ុនដែលបានបន្តជួយដល់អង្គការ JMAS ឱ្យសហការជាមួយនឹងអង្គភាពស៊ីម៉ាក់ជាបន្តទៀត នៅក្នុងការងារនេះ។
លោកបានថ្លែងថា៖ «ថវិកាដែលយើងទទួលបានពីជប៉ុនលើគម្រោង២នេះ មានចំនួនជិត៥០ម៉ឺនដុល្លារអាមេរិក ដែលគម្រោងនេះចែកចេញជា២ចំណែក ដែលទី១ត្រូវធ្វើការនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងមួយទៀតនៅខេត្តស្ទឹងត្រែង»។
លោក ហេង រតនា បានបន្តថា៖«គម្រោងនេះក៏ជាគម្រោងឆ្នាំទី៣នៃផែនការ៣ឆ្នាំដែលគាត់ និងអង្គភាពស៊ីម៉ាក់បានឯកភាពគ្នាតាំងពីមានវិបត្តិកូវីដ១៩មក ដែលយើងមានគម្រោងរយៈពេល៣ឆ្នាំជាមួយគ្នា។យើងសង្ឃឹមថានឹងមិនចប់នៅត្រឹមប៉ុណ្ណេះទេ ដោយយើងនឹងបង្កើតគម្រោងថ្មីៗទៀត ដើម្បីជួយដល់កម្ពុជាយើងនៅតំបន់ដែលមានការគំរាមកំហែងដោយសារគ្រាប់មីន និងគ្រាប់បែកចង្កោម»។
លោកបានបញ្ជាក់ដែរថា អ្វីដែលអង្គភាពស៊ីម៉ាក់នឹងរួមសហការគ្នាបន្ទាប់ទៀត ជាពិសេសបន្ទាប់ពីការបញ្ចប់ការបោសសម្អាតគ្រាប់មីនប្រឆាំងមនុស្សឆ្នាំ២០២៥ ខាងមុខ លោកក៏នៅតែសម្លឹងឃើញបញ្ហាច្រើននៅឡើយលើសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ដូចជា គ្រាប់បែកចង្កោម គ្រាប់ទម្លាក់ពីយន្តហោះ និងយុទ្ធភណ្ឌជាច្រើនទៀត។
បើតាមលោក ហេង រតនា មូលហេតុដែលអង្គភាពដោះមីននេះ ជ្រើសរើសស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យក្នុងការអនុវត្តគម្រោងនេះ ព្រោះម៉ាឡៃគឺជាតំបន់មួយដែលទទួលរងគ្រាប់មីនប្រឆាំងមនុស្ស មីនតោន ជាច្រើន ហើយកម្លាំងដោះមីនក៏រងគ្រោះថ្នាក់ច្រើនផងដែរនាពេលកន្លងមកក្នុងការងារបោសសម្អាតមីននេះ។
ចំណែក ខេត្តស្ទឹងត្រែងវិញ អង្គភាពស៊ីម៉ាក់ទើបតែបង្កើតគម្រោងនេះថ្មីប្រមាណជា៣ទៅ៤ឆ្នាំចុងក្រោយនេះ ដោយបានជ្រើសរើសតំបន់ដែលរងប៉ះពាល់ដោយគ្រាប់បែកចង្កោមច្រើននៅទីនោះ។
សូមបញ្ជាក់ដែរថា ជាលទ្ធផលក្នុងការអនុវត្តគម្រោងខាងលើសម្រាប់ឆ្នាំទី១ និងឆ្នាំទី២ កន្លងទៅ អង្គភាពស៊ីម៉ាក់ សម្រេចបានរំដោះផ្ទៃដីចម្ការមីន/គ្រាប់សរុបចំនួន ១ ១៨៥ ហិកតា រុករកឃើញ និងកម្ទេចចោល១ ៦៧១ គ្រាប់។ ប្រជាពលរដ្ឋទទួលផលដោយផ្ទាល់ និងដោយប្រយោលពីការអនុវត្តគម្រោងនេះមានចំនួន ៦៤ ០១៩ នាក់៕