ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា គាំទ្រគំនិតផ្តួចផ្តើមក្នុងការបង្កើតក្រុមប្រឹក្សាក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដែលអ្នកសារព័ត៌មានបានលើកមកជជែកពិភាក្សា ក្នុងវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២០ ធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថា ជារឿងចាំបាច់ណាស់ ដែលអ្នកសារព័ត៌មានទាំងអស់ត្រូវមានក្រមសីលធម៌វិជ្ជាជីវៈរួមមួយ សម្រាប់ធ្វើការអនុវត្ត។ ការបង្កើតបានក្រមសីលធម៌វិជ្ជាជីវៈរួមសម្រាប់អ្នកសារព័ត៌មាននេះ លោករដ្ឋមន្ត្រីប្រៀបប្រដូចទៅនឹងប្រទេសមួយដែលមានរដ្ឋធម្មនុញ្ញ ដែលគ្រប់គ្នាមិនអាចធ្វើរំលងបាន ហេតុនេះអ្នកសារព័ត៌មានក៏គួរតែមានធម្មនុញ្ញរបស់ខ្លួនដែលគ្រប់គ្នាមិនមានជម្រើសអ្វីក្រៅពីការអនុវត្តក្រមសីលធម៌រួមនោះឡើយ។
ប្រភពដដែលបានឱ្យដឹងទៀតថា នៅពេលមានគោលរួមមួយហើយ សមាគមសារព័ត៌មាននីមួយៗ យកគោលនោះទៅបង្កើតក្រមសីលធម៌ផ្ទាល់ខ្លួនយ៉ាងណានោះ គឺទៅតាមអធ្យាស្រ័យរៀងៗខ្លួន ប៉ុន្តែ យ៉ាងហោចណាស់ អ្នកសារព័ត៌មានទាំងអស់ត្រូវមានគន្លឹះរួម តម្លៃរួម និងការគោរពរួមគ្នា។
លោកថ្លែងថា៖«នេះជាគំនិតផ្តួចផ្តើមមួយដែលខ្ញុំសូមផ្តល់ការគាំទ្រ ពីព្រោះអ្វីដែលយើងចង់បានគឺអ្នកសារព័ត៌មានទាំងអស់ ត្រូវតែទទួលបានការការពារផ្នែកផ្លូវច្បាប់»។
លោករដ្ឋមន្ត្រីលើកឡើងទៀតថា ការបង្កើតក្រមសីលធម៌វិជ្ជាជីវៈនេះនឹងមិនមានការអនុវត្តស្តង់ដាផ្សេងៗគ្នានោះទេ ពោលគឺគ្មានក្លិបអ្នកសារព័ត៌មាននេះ ឬសមាគមអ្នកសារព័ត៌មាននោះ អនុវត្តផ្សេងគ្នាដោយប្រការណាមួយឡើយ សំខាន់គ្រប់ស្ថាប័នសារព័ត៌មានទាំងអស់ត្រូវឈរលើមូលដ្ឋានរួមគ្នាតែមួយ។ លោកបន្ថែមថា ចំណុចនេះក្រសួងព័ត៌មាននឹងបន្តធ្វើកិច្ចការងារជាមួយសមាគមអ្នកសារព័ត៌មានទាំងអស់ ដោយក្រសួងជាអ្នកសម្របសម្រួល ធ្វើយ៉ាងណាឱ្យអ្នកសារព័ត៌មានទាំងអស់លើកឡើង ឬសរសេរចេញនូវអ្វីដែលខ្លួនចង់បាន សំដៅបង្កើតក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានរួម ដែលគ្រប់គ្នាយល់ស្រប។
លោកថ្លែងថា៖«យើងខ្ញុំនឹងឱ្យក្រដាស ១ ប៊ិក ១ ដើម ដើម្បីឱ្យបងប្អូនសារព័ត៌មានទាំងអស់សរសេរចេញមក ថាចង់ឱ្យមានការគោរពក្រមសីលធម៌វិជ្ជាជីវៈមួយ តើអ្នកសារព័ត៌មានគួរមានអ្វីខ្លះ។ អ្នកទាំងអស់គ្នាជាអ្នកកសាងអាហ្នឹង អ៊ីចឹងត្រូវតែផ្តល់យោបល់ ក្រសួងអត់មានទៅអង្គុយសរសេរឱ្យបងប្អូនទេ ព្រោះវាមិនមែនជាការចាប់បង្ខំ តែជាការអនុវត្តដោយគោលការណ៍ស្ម័គ្រចិត្ត»។
លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា លើកឡើងថា អ្វីដែលត្រូវបន្តជជែកដើម្បីរកការសម្រេចរួមនោះគឺ រវាងការបង្កើតឱ្យ បង្កើតក្រុមប្រឹក្សាក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន តើមួយណាគួរកើតមុន។ បើតាមលោក ពុយ គា ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន អាចពិបាកនឹងកើតមានបើសិនជាមិនមាន ក្រុមប្រឹក្សាក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។
លោកថ្លែងថា៖«ក្លិបអ្នកកាសែតកម្ពុជា នឹងបន្តដើរតួនាទីជាស្នូលក្នុងការសម្របសម្រួល ពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ដើម្បីពិនិត្យលទ្ធភាពរៀបចំបង្កើត ក្រុមប្រឹក្សាក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានមួយឱ្យបាន»។
យ៉ាងណាលោកពុយ គា លើកឡើងថា រយៈពេលជាង២០ឆ្នាំមកនេះក្លិបអ្នកកាសែតកម្ពុជាបានធ្វើការជាច្រើនក្នុងនោះក៏មានការផ្តោតទៅលើការចងក្រង ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ផងដែរ ។ លោកពុយ គា ចង់ឱ្យអ្នកសារព័ត៌មាន យកក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដែលចងក្រងដោយក្លិបអ្នកកាសែតកម្ពុជា ធ្វើជាគោល១ សម្រាប់ការអនុវត្ត មុននឹងមានគោលការណ៍អនុវត្តរួម។
សារលិខិតផ្ញើជូន វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២០ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំឱ្យអ្នកសារព័ត៌មាន ធ្វើការពិភាក្សាដោះស្រាយបញ្ហាប្រឈមដោយធ្វើយ៉ាងណាបន្តថែរក្សាសុខសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ ពង្រឹងលទ្ធិប្រជាធិបតេយ្យ ពិសេសត្រូវផ្អែកលើការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ ឱ្យបានល្អ ផ្តល់ព័ត៌មានពិត ប្រឆាំងព័ត៌មានក្លែងក្លាយ ចៀសវាងផ្សាយព័ត៌មាននាំឱ្យខូចប្រយោជន៍ជាតិ និងទំនុកចិត្តសាធារណជន។
យោងតាមសេចក្ដីថ្លែងការណ៍រួមវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២០ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថាការបណ្ដុះបណ្ដាលអប់រំ ផ្សព្វផ្សាយអំពីសីលធម៌វិជ្ជាជីវៈសារព័ត៌មាន នៅតែជាបញ្ហាស្នូលសម្រាប់អ្នកសារព័ត៌មាន ព្រោះស្ថាប័ន និងអ្នកសារព័ត៌មានហាក់មានកំណើនជាបន្តបន្ទាប់ ប៉ុន្តែមិនទាន់ទទួលបានការបណ្ដុះបណ្ដាលច្បាស់លាស់ ដែលជាហេតុធ្វើឱ្យកំហុសឆ្គងវិជ្ជាជីវៈ និងក្រមសីលធម៌ងាយនឹងកើតឡើង។
គួរបញ្ជាក់ថា វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២០ មានការចូលរួមពីនាយកគ្រប់គ្រង និពន្ធនាយក តំណាងសមាគម និងថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាន កាសែត វិទ្យុ ទូរទស្សន៍ ព្រមទាំងសារព័ត៌មានអនឡាញសរុបមានចំនួន ១១៤នាក់ មកពី ៧១អង្គភាព ជួបជុំគ្នា ដើម្បីជជែកពិភាក្សា និងអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពី «វិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មាន» ដែលមាន៩ចំណុច ក្នុងនោះក៏បានស្វែងរក យន្តការជួយតម្រង់ទិស និងលើកទឹកចិត្ត អ្នកសារព័ត៌មាន ចូលរួមកាន់តែសកម្មក្នុងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ ផងដែរ៕