ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញបញ្ជាឱ្យបន្សុទ្ធកងកម្លាំងប្រដាប់អាវុធដោយត្រូវបោសសម្អាតគ្រឿងញៀនចេញពីកងកម្លាំងប្រដាប់អាវុធមុនគេ ហើយប្រសិនបើកងកម្លាំងត្រូវបានរកឃើញមានសារជាតិញៀននោះនឹងត្រូវបណ្តេញចេញពីក្របខ័ណ្ឌ ដោយលោកបញ្ជាក់ថា អ្នកអនុវត្តច្បាប់ត្រូវតែស្អាតស្អំមុនគេ។
លោកបានហៅរឿងសន្តិសុខសង្គមពាក់ព័ន្ធទៅនឹងរឿងការបង្ក្រាបគ្រឿងញៀនគឺជារឿង«ធំណាស់»ហើយវិធានគន្លឹះទាំង៥របស់លោក ក្នុងនោះមានមួយសំខាន់គឺ«ភូមិ ឃុំមានសុវត្ថិភាព និងការដាក់ទិសដៅផ្តោតទៅលើការបង្ក្រាបគ្រឿងញៀន»ហើយលោកបញ្ជាក់ថា សមត្ថកិច្ចក៏បានធ្វើការជាច្រើនផងដែរមកដល់ម៉ោងនេះចំពោះរឿងនេះ។ លោកក៏បានអរគុណចំពោះសមត្ថកិច្ចដែលបានធ្វើកិច្ចការនេះ។
នៅក្នុងពិធីបិទសន្និបាតការងារបរិស្ថានឆ្នាំ២០២៣ និងទិសដៅការងារបន្តឆ្នាំ២០២៤របស់ក្រសួងបរិស្ថាននៅរសៀលថ្ងៃទី២១ ខែធ្នូ លោកហ៊ុន ម៉ាណែត ថ្លែងថា៖«ប៉ុន្តែឥឡូវទិសដៅមួយដែលយើងត្រូវធ្វើ ហើយខ្ញុំចេញថ្ងៃនេះ។ ថ្ងៃមិញបានជជែកជាមួយនឹងឯកឧត្តមស សុខា [រដ្ឋមន្ត្រីមហាផ្ទៃ] និងឯកឧត្តម ទៀ សីហា [រដ្ឋមន្ត្រីការពារជាតិ]ដែរគឺត្រូវបន្សុទ្ធកម្លាំងរបស់យើងត្រូវបោសសម្អាតគ្រឿងញៀនចេញពីកងកម្លាំងប្រដាប់អាវុធ។ អាហ្នឹងត្រូវតែធ្វើមុនគេ ព្រោះអ្នកអនុវត្តច្បាប់ត្រូវតែស្អាតមុនគេ។ ឯកឧត្តម ស សុខា បានចេញគោលការណ៍ថ្ងៃមុនក្នុងប៉ូលិសឱ្យតែមានសារធាតុ [ញៀន]គឺបណ្តេញចេញពីក្របខ័ណ្ឌ»។
លោកបន្តថា រឿងបណ្តេញចេញនេះក៏ធ្លាប់បានធ្វើច្រើនហើយដែរនៅក្នុងកងទ័ពជើងគោកក្នុងឆ្នាំ២០១៩ ដែលមាន៤៨នាក់ត្រូវបានបណ្ដេញចេញដោយសារគ្រឿងញៀនដោយដោះដូរអ្នកផ្សេង ហើយនៅអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទមាន៨០នាក់ត្រូវបានបណ្តេញក្នុងកងទ័ពក្នុងរយៈប៉ុន្មានឆ្នាំនេះគឺដោះដូរអ្នកផ្សេង។ កាលលោកកាន់តំណែងជាមេបញ្ជាការកងទ័ពជើងគោក លោកក៏បានចុះហត្ថលេខាបណ្ដេញចេញមន្ត្រីកងទ័ពនៅតាមភូមិភាគផងដែរ និងដោះដូរអ្នកផ្សេងជំនួស។
លោកនាយករដ្ឋមន្ត្រីបន្ថែមថា៖«អ៊ីចឹងគឺចេញគោលការណ៍បទបញ្ជាឱ្យច្បាស់ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិកងកម្លាំងប្រដាប់អាវុធទាំងអស់ អគ្គស្នងការនគរបាលជាតិ អគ្គបញ្ជាការទាំងក្របខ័ណ្ឌក្រសួងនៅខាងលើក្របខ័ណ្ឌឯកសណ្ឋាននៅខាងលើ មន្ត្រីដែលមានពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនគឺត្រូវបណ្ដេញចេញពីក្របខ័ណ្ឌតែម្តង។ នេះគឺត្រូវតែធ្វើ ហើយក្របខ័ណ្ឌនេះ ខ្ញុំទុកឱ្យក្រសួងស្ថាប័ន ប្រសិនបើពីអង្គភាពហ្នឹងនៅមហាផ្ទៃត្រូវបណ្ដេញចេញពីនាយកដ្ឋានហ្នឹងឱ្យ[ជ្រើស]រើសពលនគរបាលថ្មីបញ្ចូលចុះ។ កុំកាត់ក្របខ័ណ្ឌចោល តែអត់ឱ្យស័ក្តិហ្នឹងទេ»។
លោក ហ៊ុន ម៉ាណែត បានប្រកាសថា បើមិនបន្សុទ្ធកងកម្លាំងប្រដាប់អាវុធទេ ដែលជាកម្លាំងអនុវត្តន៍ច្បាប់នោះនឹងមានការពិបាក។ ប៉ុន្តែចំពោះអ្នកជួញដូរគ្រឿងញៀនគឺត្រូវមានច្បាប់បញ្ញត្តិដាច់ដោយឡែក ព្រោះតាមច្បាប់អ្នកដែលប្រើប្រាស់គ្រឿងញៀនត្រូវបានចាត់ទុកថាជាជនរងគ្រោះ។
លោកថ្លែងថា៖«ឥឡូវយើងដាក់អភិក្រមទាំងមូលតែម្ដង រដ្ឋាភិបាលអាណត្តិថ្មីគឺធ្វើចាប់ផ្តើមពីកងកម្លាំងប្រដាប់អាវុធតែម្ដង។ អ្នកដែលប្រើប្រាស់គ្រឿងញៀនគឺត្រូវបណ្ដេញចេញពីក្របខ័ណ្ឌភា្លម។ អ្នកដែលជួញដូរគ្រឿងញៀនគឺត្រូវប្រឈមជាមួយច្បាប់ហើយបណ្ដេញចេញពីក្របខ័ណ្ឌ។ ចំពោះជនបរទេសនៅក្នុងប្រទេសប្រសិនបើមានពាក់ព័ន្ធ អនុវត្តច្បាប់ហើយបណ្ដេញចេញតែម្ដងអត់ត្រូវការទុកទេ»។
លោកឧបនាយករដ្ឋមន្ត្រីស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៨ ខែធ្នូ បានព្រមានជាថ្មីចំពោះមន្ត្រីក្រោមឱវាទ ជាពិសេសមន្ត្រីកងកម្លាំងប្រដាប់អាវុធដែលតេស្តរកឃើញសារធាតុញៀនក្នុងខ្លួនឬជាប់ពាក់ព័ន្ធគ្រឿងញៀននឹងត្រូវប្រឈមការបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ។
នៅឯពិធីសម្ពោធដាក់ឱ្យប្រើជាផ្លូវការមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោក ស សុខា បានថ្លែងថា៖ «ខ្ញុំសូមប្រកាសតែម្តង គ្រប់មន្ត្រីក្រោមឱវាទ ជាពិសេសមន្ត្រីកងកម្លាំងប្រដាប់អាវុធក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ចំពោះមន្ត្រីកងកម្លាំងប្រដាប់អាវុធទាំងអស់ឱ្យតែធ្វើតេស្តរកឃើញសារធាតុញៀន មិនអនុញ្ញាតឱ្យនៅក្នុងក្របខ័ណ្ឌនគរបាលទៀតទេ»។
កាលពីខែកញ្ញា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃបានចេញសេចក្តីណែនាំមួយដោយដាក់ចេញវិធានការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីពន្ធនាគារជាទូទៅ និងជនជាប់ឃុំដែលមានការសង្ស័យប្រើប្រាស់គ្រឿងញៀនដើម្បីរឹតបន្តឹងការធ្វើចរាចរណ៍គ្រឿងញៀននៅក្នុងពន្ធនាគារ៕