កែបៈ អាជ្ញាធរខេត្តកែប គ្រោងរៀបចំពិធីបង្ហោះខ្លែងខ្មែរ ក្នុងគោលបំណងដើម្បីចូលរួមថែរក្សា វប្បធម៌ប្រពៃណីទំនៀមទម្លាប់របស់ជាតិខ្មែរ ក៏ដូចជាជំរុញឱ្យមានកំណើនទេសចរណ៍ក្នុងខេត្ត នាឱកាសឆ្លងឆ្នាំសកលខាងមុខនេះ។
បើយោងតាមសេចក្ដីប្រកាសដែលចុះហត្ថលេខាដោយលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានឱ្យដឹងថា ពិធីបង្ហោះខ្លែងនេះ នឹងត្រូវរៀបចំឡើងនៅឆ្នេរថ្មីផ្សារក្ដាមខេត្តកែប នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣។ ដើម្បីឱ្យពិធីនេះ មានការប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ លោកអភិបាលខេត្តបានអំពាវនាវដល់អាជ្ញាធរ និងកងកម្លាំងទាំងអស់ ព្រមទាំងសាធារណជន ដែលស្រឡាញ់ ចូលចិត្ត និងមានទេពកោសល្យក្នុងការធ្វើខ្លែង មេត្តាយកខ្លែងរបស់ខ្លួន ដើម្បីមកចូលរួមបង្ហោះឱ្យបានច្រើនកុះករ។
លោកបញ្ជាក់ថា៖«ការរៀបចំពិធីបង្ហើរខ្លែងខ្មែរនេះ មានគោលបំណងរួមចំណែកថែរក្សា ប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ដ៏ផូរផង់របស់ជាតិយើង និងជំរុញលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្ត ក៏ដូចជាបង្កការសប្បាយរីករាយជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកសម្រាកកម្សាន្ត លម្ហែក្នុងខេត្តកែប»។
លោក សោម ពិសិដ្ឋ បានបញ្ជាក់ក្នុងសេចក្ដីប្រកាសទៀតថា ចំពោះអ្នកដែលចូលរួមយកខ្លែងមកបង្ហោះក្នុងពិធីនេះ អាចនឹងទទួលបានរង្វាន់ជាថវិកា និងបណ្ណសរសើរ បើសិនខ្លែងរបស់ខ្លួន ត្រូវបានវិនិច្ឆ័យថា មានភាពច្នៃប្រឌិតមានទម្រង់ និងបច្ចេកទេសក្នុងការផលិតល្អ សោភណភាពល្អ បង្ហោះឡើង និងដាក់ចុះបានល្អ។
លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ បានថ្លែងនៅថ្ងៃទី២១ ខែធ្នូថា ល្បែងបង្ហោះខ្លែង ឬខ្លែងឯក គឺជាល្បែងមួយដែលយុវជនខ្មែរ កុមារា-កុមារី តែងតែលេងសប្បាយនៅខែកត្តិក ដែលជាខែមានខ្យល់ធ្លាក់មកពីទិសខាងជើង។
ល្បែងនេះ គឺចាប់ផ្ដើមមានវត្តមានតាំងពីក្រោយសម័យអង្គរមក ដែលឃើញមានមនុស្សក្មេងចាស់ បានធ្វើខ្លែងសម្រាប់បង្ហោះនារដូវធ្លាក់ខ្យល់ ខណៈដែលល្បែងនេះ ក្រុមមនុស្សជំនាន់មុន ក៏បានបង្កើតជំនឿដែរថា ប្រសិនជាខ្លែងបានដាច់ខ្សែ ហើយទៅទើរនៅលើដំបូងផ្ទះណា វាអាចនឹងមានភាពចង្រៃ។ ហេតុនេះវាជាចំណុចមួយដែលក្រុមមនុស្សជំនាន់មុនបង្កើតមក ដើម្បីឱ្យល្បែងបង្ហោះខ្លែង ត្រូវបង្ហោះនៅទីវាលដែលធំទូលាយ ជាពិសេសបង្ការកុំឱ្យមានគ្រោះថ្នាក់ផ្សេងៗកើតឡើង។
លោកថ្លែងថា៖ «អាជ្ញាធរខេត្តកែប លោកមានគំនិតក្នុងការបង្ហើរខ្លែងបែបនេះ គឺពិតជាល្អមែនទែន ពីព្រោះជាការរំឭកអំពីអនុស្សាវរីយ៍ដែលជាល្បែងខ្មែរមួយនៅក្នុងប្រវត្តិសាស្ត្រ។ ដូច្នេះហើយជាអត្ថប្រយោជន៍ វាគ្រាន់តែបង្ហាញប្រាប់ពីការសប្បាយ និងការរក្សាទុកទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរយើង»។
ចំណែកលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានថ្លែងថា ព្រឹត្តិការណ៍បង្ហោះខ្លែងនេះ វាជាកម្មវិធីមួយដែលទាក់ទាញទេសចរទាំងនៅក្នុងស្រុក ក៏ដូចជាទេសចរបរទេសចង់មកស្គាល់ និងមកទស្សនា ពីព្រោះល្បែងបង្ហោះខ្លែង វាជាផលិតផលមួយទាក់ទាញទេសចរផងដែរ។
លោកស្រីបន្តថា កម្មវិធីបង្ហោះខ្លែងនេះដែរ វាក៏ជាការចូលរួមរំឭកដល់ទំនៀមទម្លាប់ប្រពៃណីខ្មែរ ខណៈកម្មវិធីមានតាំងពីយូរមកហើយ ប៉ុន្តែមនុស្សជំនាន់ក្រោយនេះ មានអ្នកខ្លះក៏បានដឹង បានស្គាល់ និងអ្នកខ្លះទៀត ក៏មិនបានដឹងជាដើម។
លោកស្រីបញ្ជាក់ថា៖ «ដូច្នេះយើងរៀបចំកម្មវិធីនេះឡើង ប្រាដកជាទាក់ទាញទេសចរក្នុងស្រុក ក៏ដូចជាទេសចរបរទេសផងដែរ ពីព្រោះអ្វីដែលជាប្រពៃណី និងវប្បធម៌របស់យើង គឺតែងតែទទួលបានការចាប់អារម្មណ៍»។
លោកស្រីបន្ថែមថា ទន្ទឹមនឹងការទទួលបានចំណាប់អារម្មណ៍ពីទេសចរអន្តរជាតិ កម្ពុជាខ្លួនឯង ក៏ត្រូវរៀបចំឱ្យមានព្រឹត្តិការណ៍កម្សាន្តសប្បាយៗ ដែលអមជាមួយនឹងការរំលេចវប្បធម៌ប្រពៃណីរបស់ខ្លួន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចដល់សហគមន៍មូលដ្ឋានផង និងដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ៕