ភ្នំពេញៈ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានឱ្យដឹងថា ជនមានពិការភាពភ្នែកនៅក្នុងប្រទេសកម្ពុជា កំពុងតែមានបញ្ហាប្រឈមក្នុងការទទួលបានការអប់រំសមាហរណកម្ម ក្នុងចំណេះដឹងទូទៅ ដែលទាមទារឱ្យមានការវិនិយោគលើការងារនេះ ក្នុងការធ្វើឱ្យមានបរិយាបន្នសង្គម។
លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងបែបនេះ នាឱកាសអញ្ជើញចូលរួមក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីសិទ្ធិអ្នកនិពន្ធ ទាក់ទងនឹងសិទ្ធិជនមានពិការភាព និងសន្ធិសញ្ញាទីក្រុងម៉ារ៉ាកេស នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។
សិក្ខាសាលានេះក៏មានការចូលរួមពីអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ ព្រមទាំងអ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅកម្ពុជា លោកស្រី អាលីហ្សា ឆាកឃឺ និងជនមានពិការភាពជាច្រើនរូបទៀត។ នេះបើតាមក្រសួងសង្គមកិច្ច។
នៅក្នុងសិក្ខាសាលានេះ លោក ឯម ច័ន្ទមករា បានលើកឡើងថា សន្ធិសញ្ញាម៉ារ៉ាកេស ជួយឱ្យជនមានពិការភាពអាចទទួលបានចំណេះដឹង សិទ្ធិមនុស្សជាមូលដ្ឋានប្រកបដោយប្រសិទ្ធភាពក្នុងការអប់រំ ទីផ្សារការងារ និងសកម្មភាពវប្បធម៌នានា។ លោកបានរំលេចថា៖«សន្ធិសញ្ញាម៉ារ៉ាកេស មានសារ:សំខាន់ ជាពិសេសជនពិការភ្នែក និងជនខ្សោយគំហើញដែលមានភាគរយខ្ពស់ ក្នុងចំណោមជនពិការសរុបក្នុងប្រទេសកម្ពុជា ពោលគឺរហូតដល់ ៣៥ភាគរយ»។
លោកបានបញ្ជាក់ថា ជនមានពិការភាពពិបាកអានឯកសារបោះពុម្ព ពុំអាចទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយពីឯកសារបោះពុម្ពតាមបែបធម្មតាទេ ខណៈជនមានពិការភាពប្រភេទនេះមិនអាចមើលឃើញ ឬអានអត្ថបទបានឡើយ ដោយត្រូវការឯកសារក្នុងទម្រង់ដែលផ្តល់ភាពងាយស្រួល ដូចជា ឯកសារប្រើប្រាស់អក្សរប្រៃយ៍ ឬអក្សរស្ទាប សំឡេងជំនួយ សៀវភៅអេឡិចត្រូនិក ឬឯកសារដែលប្រើពុម្ពអក្សរធំៗ។
លោកឱ្យដឹងថា៖« ជនមានពិការភាពភ្នែកនៅក្នុងប្រទេសកម្ពុជា កំពុងតែមានបញ្ហាប្រឈមក្នុងការទទួលបានការអប់រំសមាហរណកម្ម ក្នុងចំណេះដឹងទូទៅ ជាពិសេសខ្វះម៉ាស៊ីនបោះពុម្ពឯកសារ និងសៀវភៅជាអក្សរស្ទាប (អក្សរប្រៃយ៍) ដែលជនមានពិការភាពភ្នែកអាចប្រើប្រាស់បាន ក្នុងការរៀនសូត្រ។ ដូច្នេះការបង្កើនលទ្ធភាពទទួលបានឯកសារបោះពុម្ពឯកសារ ឬសៀវភៅក្នុងទម្រង់ងាយស្រួលអានសម្រាប់ជនមានពិការភាព ជាការចាំបាច់ និងមានសារៈសំខាន់សម្រាប់ការធ្វើបរិយាបន្នសង្គមមួយសម្រាប់ទាំងអស់គ្នា»។
លោកស្រី អាលីហ្សា ឆាកឃឺ បានលើកឡើងពីសារៈសំខាន់នៃសន្ធិសញ្ញា ម៉ារ៉ាកេស ក្នុងការលើកកម្ពស់ការរួមបញ្ចូលសម្រាប់ជនពិការនៅកម្ពុជា ដោយលោកស្រីបានសង្កត់ធ្ងន់ថា ការទទួលបានចំណេះដឹង គឺជាសិទ្ធិជាមូលដ្ឋានរបស់មនុស្ស ដែលបើកទ្វារសម្រាប់ការអប់រំ ការងារ សុខភាព និងការចូលរួមយ៉ាងសកម្មក្នុងវិស័យផ្សេងៗ។
លោកស្រីថា៖«ជនមានពិការភាពពិបាកអានឯកសារបោះពុម្ពប្រឈមនឹងការរឹតបន្តឹងក្នុងការចូលប្រើសម្ភារបោះពុម្ព ដោយសារកត្តាដូចជា ពិការភ្នែក ខ្សោយគំហើញ វិកលទស្សន៍ ឬពិការកាយសម្បទា។ ដើម្បីជម្នះឧបសគ្គទាំងនេះ ពួកគេទាមទារទម្រង់ដែលអាចចូលប្រើបាន ដូចជាអក្សរស្ទាប សៀវភៅជាសំឡេង និងការបោះពុម្ពអក្សរធំជាដើម»។
ជាមួយគ្នានេះ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ បានលើកឡើងថា នេះគឺជាលើកទី២ នៃកិច្ចសហការរវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រោមការគាំទ្រពីកម្មវិធីអភិវឌ្ឍសហប្រជាជាតិ (UNDP) ដែលបានរួមគ្នារៀបចំអង្គសិក្ខាសាលានេះឡើង ក្នុងទិសដៅតែមួយសម្រាប់ការជួយសម្របសម្រួលដល់ជនមានពិការភាពអាចទទួលបានសិទ្ធិទទួលបានព័ត៌មាន និងការអប់រំ។
យោងតាមរបាយការណ៍នៃការអង្កេតសេដ្ឋកិច្ចសង្គមឆ្នាំ២០២១ បានបង្ហាញថា អត្រាជនមានពិការភាពកម្ពុជាចំនួន ៨៧២ ៥២៧នាក់ ស្មើនឹង ៥,៣% នៃប្រជាជនសរុប ១៣,៥លាននាក់ ក្នុងនោះជនមានពិការភាពក្នុងការមើលមានចំនួន ៣,១% ខណៈនៅឆ្នាំ២០១៩/២០២០ មានចំនួន ២,៨%។
តាមទិន្នន័យនេះ ជនមានពិការភាពក្នុងការមើលមានការកើនឡើង ដែលចាំបាច់ត្រូវការការគាំទ្រនានាទាក់ទងនឹងផាសុកវត្ថុ និងផាសុកសមរម្យ ក្នុងនោះការចូលជាភាគីលើសន្ធិសញ្ញាទីក្រុងម៉ារ៉ាកេស ជាផ្នែកមួយដ៏សំខាន់ក្នុងការគាំទ្រដល់ជនមានពិការភាពទាំងអស់៕