ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មកំពុងចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមហ៊ុនអាហារ SENG CHEANG MONG FOOD CORP ដែលមានទីតាំងនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក និងក្រុមហ៊ុនដទៃទៀត ចំពោះការប្រើប្រាស់ស្លាកសញ្ញាពាណិជ្ជកម្មរូបភាពប្រាសាទបាយ័ន និងអង្គរវត្ត លើផលិតផលវេចខ្ចប់របស់ខ្លួនដោយគ្មានការអនុញ្ញាតដែលក្រសួងចាត់ទុកជាការបំពានច្បាប់ជាតិ និងអន្តរជាតិ។
នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មចុះនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ដែលក្រសួងលើកឡើងថា ខ្លួនបានសង្កេតឃើញសកម្មភាពបំពានច្បាប់ទាំងនេះ នៅរយៈពេលថ្មីៗនេះ ដោយការយករូបសញ្ញាប្រាសាទបាយ័ន និងអង្គរវត្ត ដាក់នៅលើសម្បកវេចខ្ចប់ផលិតផលសរសៃគុយទាវបាញ់កាញ់ក្រៀម និងមុខទំនិញខ្លះទៀត ដែលកំពុងដាក់លក់លើទីផ្សារ តាមហាងទំនិញ និងទីផ្សារអនឡាញ នៅរដ្ឋកាលីហ្វ័រញ៉ា រដ្ឋផ្លរីដា និងរដ្ឋដទៃទៀតនៅសហរដ្ឋអាមេរិក។
ក្រសួងសង្កត់ធ្ងន់ដូច្នេះថា៖«ក្រសួងពាណិជ្ជកម្ម សូមអរគុណទុកជាមុន ដល់សាធារណជនទាំងអស់ ចំពោះការផ្តល់ព័ត៌មាននានាទាក់ទងនឹងករណីប្រហាក់ប្រហែលនឹងអំពើបទល្មើសខាងលើ មកក្រសួងពាណិជ្ជកម្ម។ ក្រសួងក៏បាននិងកំពុងណែនាំដល់អនុព័ន្ធពាណិជ្ជកម្ម និងតំណាងសភាពាណិជ្ជកម្មនៅក្រៅប្រទេស បន្តការស្រាវជ្រាវ ហើយផ្តល់ព័ត៌មានមកក្រសួងពាណិជ្ជកម្ម ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ លើករណីផ្សេងទៀតផងដែរ»។
ក្រសួងពាណិជ្ជកម្មគូសបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ជាពិសេសនៅឆ្នាំ២០២០ និង២០២១ ក្រសួងបានសហការជាមួយស្ថានទូតកម្ពុជានានា ក្នុងការទប់ស្កាត់ និងដោះស្រាយដោយជោគជ័យលើករណីបន្លំប្រើប្រាស់សញ្ញាជាតិ រូបទង់ជាតិ និងនិមិត្តរូបជាតិផ្សេងៗ លើផលិតផលដែលដាក់លក់លើទីផ្សារអន្តរជាតិ ដោយក្រុមហ៊ុន និងបុគ្គលមួយចំនួនដោយខុសច្បាប់ជាតិ និងសន្ធិសញ្ញាអន្តរជាតិ។
តាមរយៈវិធានការទាំងនេះ ក្រសួងពាណិជ្ជកម្មបានទាក់ទងជាផ្លូវការទៅប្រទេសម្ចាស់ដើមនៃទំនិញ ឬផលិតផល រួមជាមួយប្រទេសដែលកំពុងមានចរាចរណ៍ទំនិញខុសច្បាប់ទាំងនោះ ដើម្បីស្នើសុំសហការ និងធ្វើអន្តរាគមន៍ហាមឃាត់ការដាក់ស្លាកសញ្ញា និងចរាចរទំនិញខុសច្បាប់ទាំងនោះតទៅទៀត។
លើសពីនេះ ក្រសួងក៏បានធ្វើការជាមួយអនុព័ន្ធពាណិជ្ជកម្មកម្ពុជាប្រចាំនៅក្រៅប្រទេស ចេញលិខិតណែនាំ ហាមឃាត់ផ្ទាល់ទៅកាន់ក្រុមហ៊ុន និងហាងទំនិញ ដែលកំពុងប្រើប្រាស់ដោយខុសច្បាប់សញ្ញាជាតិ រូបទង់ជាតិ និងនិមិត្តរូបជាតិកម្ពុជា ឱ្យដកចេញពីលើសម្បកវេចខ្ចប់នៃផលិតផលខ្លួនផងដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកកង ឫទ្ធិគីរី ជាមេធាវី និងជាសាស្ត្រាចារ្យផ្នែកច្បាប់ ព្រមទាំងជាអតីតមេធាវីតំណាងក្នុងសំណុំរឿង០១ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អវតក) លើកឡើងថា ជារឿងលំបាកមួយ ដោយសារបញ្ហានិមិត្តសញ្ញាជារឿងចម្រូងចម្រាស ព្រោះនិមិត្តសញ្ញាជាតិខ្លះ គេបើកឱ្យប្រើប្រាស់ជាសាធារណៈ ប៉ុន្តែនិមិត្តសញ្ញាជាតិខ្លះទៀត ត្រូវបានកំណត់។
លោកថ្លែងថា៖«ប៉ុន្តែ ខ្ញុំយល់ថា ចំណាត់ការរបស់ក្រសួងពាណិជ្ជកម្មជារឿងត្រឹមត្រូវ ដើម្បីប្រាកដប្រជាថា ស្លាកសញ្ញាណាដែលកម្ពុជាអនុញ្ញតឱ្យប្រើ ស្លាកណាកម្ពុជាមិនអនុញ្ញាតឱ្យប្រើ។ ដោយឡែកប្រទេសខ្លះទៀត ដូចជាសម្រាប់អេហ្ស៊ីប គេឱ្យប្រើជាសាធារណៈរូបសញ្ញាប្រាសាទពីរ៉ាមីដ ដែលមានឃើញប្រើជាទូទៅ ទាំងនៅកម្ពុជាយើងផង»។
លោកបន្ថែមថា សម្រាប់កម្ពុជាមានការប្រកាន់បន្តិចចំពោះនិមិត្តសញ្ញាជាទីសក្ការៈបូជាដូចជាប្រាសាទអង្គរវត្ត បាយ័ន នេះជាដើម ដោយឡែកសម្រាប់បណ្តាប្រទេសផ្សេងទៀត មានការបើកទូលាយឱ្យប្រើប្រាស់និមិត្តសញ្ញាជាតិរបស់ខ្លួន ដូចជាប្រទេសបារាំង ដែលបើកឱ្យប្រើនិមិត្តសញ្ញា ឬឡូហ្គូ ពីប៉មទួរអេហ្វែល នៅជុំវិញពិភពលោក។
សម្រាប់លោកជ័យ តិច អ្នកវិភាគការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច លើកឡើងថា ការយកនិមិត្តសញ្ញាជាតិ ឬតំណាងជាតិ ទៅដាក់លើផលិតផលដោយគ្មានការអនុញ្ញាត គឺជាការរំលោភលើច្បាប់អន្តរជាតិ ព្រោះបើសិនមុខទំនិញណាមួយនោះ មានបញ្ហា ឬគុណភាពមិនល្អ អាចបង្កការយល់ច្រឡំទៅដល់មុខទំនិញរបស់កម្ពុជា ជាក់ស្តែងករណីទំនិញនៅសហរដ្ឋអាមេរិកដែលក្រសួងកំពុងមានចំណាត់ការនេះ។
លោកថ្លែងថា៖«បញ្ហានេះ តែងតែកើតឡើងជាដដែលៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលក្រសួងពាណិជ្ជកម្មគួរមានចំណាត់ការតឹងរ៉ឹងជាងនេះ ហើយគួរធ្វើការឱ្យស្អិតល្មួតជាមួយក្រសួងការបរទេស ក៏ដូចជាអនុព័ន្ធពាណិជ្ជកម្មកម្ពុជាដែលនៅអមស្ថានទូតប្រចាំប្រទេសនីមួយៗ»។
លោកស្នើឱ្យមានការផ្សព្វផ្សាយឱ្យបានច្រើនជុំវិញ និមិត្តសញ្ញា ឬម៉ាកសញ្ញា ក្នុងវិស័យពាណិជ្ជកម្ម ពាក់ព័ន្ធគោលការណ៍ប្រើប្រាស់ និងបញ្ហាផ្លូវច្បាប់ ឱ្យបានទូលំទូលាយ ជាពិសេសពាក់ព័ន្ធនឹងនិមិត្តសញ្ញាជាតិជាដើមនេះ៕