សៀមរាបៈ ពេលនេះកាលពី ២៣ ឆ្នាំមុន លោកឈាវ ហុង គ្រាន់តែជាកសិករដ៏សាមញ្ញម្នាក់ដែលធ្វើចម្ការប្រថុយប្រថានលើផ្ទៃដីតែជាង ១ ហិកតាប៉ុណ្ណោះ តែបច្ចុប្បន្នលោកមានដី ៩ ហិកតា ធ្វើប្រព័ន្ធកសិកម្មចម្រុះរហូតក្លាយជាកសិករគំរូ ព្រមទាំងមានសហគមន៍កសិកម្មពីបណ្ដាខេត្តនានាបានទៅទស្សនកិច្ចសិក្សានៅកសិដ្ឋានរបស់លោកទៀតផង។
ថ្វីដ្បិតតែនៅជុំវិញកសិដ្ឋានរបស់លោក ឈាវ ហុង មានសភាពដីពណ៌ក្រហមស្ងួត និងបែកក្រហែងបង្ហាញពីភាពខ្វះទឹកនៅរដូវប្រាំងក្តី ប៉ុន្តែសម្រាប់កសិដ្ឋាន (HONGECOFARM) របស់លោកវិញ សូម្បីតែរដូវប្រាំងក៏រំលេចដោយទេសភាពពណ៌បៃតងដែរ។
លោក ឈាវ ហុង ដែលមានវ័យ ៦៦ ឆ្នាំ បានឱ្យ ភ្នំពេញ ប៉ុស្តិ៍ ដឹងថា បច្ចុប្បន្នគ្រួសាររបស់លោករស់នៅភូមិសំរោង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។
គ្រួសាររបស់លោកក៏ជាកសិករសាមញ្ញដូចជាប្រជាកសិករដទៃទៀតនៅក្នុងសហគមន៍ដែរ។ ដោយសារតែជីវិតជាកសិករ គឺលោកធ្លាប់តែធ្វើស្រែ ១ មុខប៉ុណ្ណោះ តែដោយស្រឡាញ់ការដាំដុះខ្លាំង លោកក៏ដាំបន្លែនៅលើដីទំនេរ ក្រោយពីការធ្វើស្រូវរួចរាល់។
លោកបានបន្តថា ការចាប់ផ្តើមធ្វើកសិកម្មរបស់លោកដំបូងក្នុងឆ្នាំ ២០០០ គឺលោកគ្រាន់តែ ដាំដុះតាមទម្លាប់ប៉ុណ្ណោះដោយមិនចេះពីបច្ចេកទេសក្នុងការដាំឡើយ ពោលគឺលោកធ្វើកសិកម្មទាំងប្រថុយប្រថានហើយត្រូវចំណាយកម្លាំង និងដើមទុនច្រើនតែបានផលតិច។ការធ្វើកសិកម្មតាមទម្លាប់នេះលោកបានចំណាយពេលជាង ១០ ឆ្នាំដោយមិនបានចូលរៀនជំនាញបច្ចេកទេសកសិកម្មជាមួយស្ថាប័នណាមួយឡើយ។
លោកបានរៀបរាប់ទៀតថា លុះដល់ឆ្នាំ ២០១២ នៅពេលដែលមានការបើកវគ្គបណ្តុះបណ្តាលខ្លីៗពីបច្ចេកទេសដាំដំណាំតាមបែបសរីរាង្គ និងតាមរយៈគម្រោង GIZ របស់រាជរដ្ឋាភិបាល និងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមក លោកក៏បានចូលរួមគ្រប់វគ្គសិក្សារហូត។ក្រោយពីបានសិក្សាស្វែងយល់ពីបច្ចេកទេសដាំដុះមក លោកក៏ចាប់ផ្តើមកែប្រែរបៀបធ្វើកសិកម្មតាមទម្លាប់មកធ្វើជាប្រព័ន្ធកសិកម្មបែបទំនើបបន្តិចម្តងៗ រហូតដល់ឆ្នាំ ២០១៦ លោកក៏ចាប់ធ្វើកសិកម្មបន្លែសរីរាង្គតែម្តង។
លោកបានថ្លែងថា៖ «ពីមុនយើងគ្រាន់តែដាំបន្លែតាមទម្លាប់អត់មានបច្ចេកទេសអីទេ ហើយក៏មិនបានផលល្អដែរ ប៉ុន្តែក្រោយពីមន្ត្រីជំនាញកសិកម្មបង្ហាត់បង្រៀនហើយខ្ញុំខំសិក្សាស្វែងយល់ពីការប្រើបច្ចេកទេសដាំដុះក៏មានការរីកចម្រើនបែបនេះទៅ»។
បើតាមលោក ឈាវ ហុង បន្ទាប់ពីលោកដាំដំណាំតាមបច្ចេកទេសមកគឺលោកទទួលបានទិន្នផលល្អជារៀងរាល់ឆ្នាំ ធ្វើឱ្យលោកមានទុនពង្រីកដីស្រែពីជាង ១ ហិកតារហូតដល់ ៩ ហិកតា។ ក្នុងផ្ទៃដី ៩ ហិកតានេះ គឺលោកធ្វើប្រព័ន្ធកសិកម្មចម្រុះ ៦ ហិកតា និងជីកស្រះចិញ្ចឹមត្រីប្រា ត្រីឆ្ពិន និងត្រីក្រហម រីឯ ៣ ហិកតាទៀតលោកធ្វើស្រូវរំដួល។
ការធ្វើប្រព័ន្ធកសិកម្មបែបចម្រុះនេះលោកបានសង់ជាផ្ទះសំណាញ់ដែលមានបណ្តោយ ៤៦ ម៉ែត្រ និងមានទទឹង ២៥ ម៉ែត្រ ចំនួន ៩ ខ្នង ដោយក្នុង ១ ខ្នងលោកត្រូវចំណាយថវិកាប្រហែល ៣ ម៉ឺនដុល្លារ។
ជាទូទៅលោកដាំប៉េងបោះឆឺរី ម្ទេសហាវ៉ៃ និងដំណាំ ហូបផ្លែ ចំណែកឯបន្លែហូបស្លឹកវិញមានសាឡាដ ស្ពៃក្រញាញ់ ខាត់ណា ស្ពៃចង្កឹះ តែបន្លែហូបស្លឹកទាំងនោះគឺលោកដាំទៅតាមរដូវ។ ប៉ុន្តែចូលដល់ខែធ្នូគឺប្រភេទបន្លែស្ពៃក្រញាញ់ ស្ពៃចង្កឹះអីហ្នឹងធ្លាក់ថ្លៃ ដូច្នេះលោកត្រូវប្តូរមកដាំសាឡាដ សម្រាប់បរទេសហូបវិញ ព្រោះវាមានតម្លៃខ្ពស់។
លោកបញ្ជាក់ថា ចំពោះបន្លែសុវត្ថិភាពគឺលោកមិនបារម្ភថាដាំបានហើយគ្មានអ្នកទិញនោះទេ ហើយជាទូទៅលោកបោះដុំឱ្យម៉ូយបើសាឡាដក្នុង ១ គីឡូក្រាមថ្លៃ ៦ពាន់រៀល,ខាត់ណាដើម ១ គីឡូក្រាម ៤ ពាន់រៀល រីឯស្ពៃក្រញាញ់ ១ គីឡូក្រាមមានតម្លៃចន្លោះពី ២ ពាន់ទៅ ២ ៥០០ រៀល ចំណែកប៉េងបោះឆឺរី ១ គីឡូក្រាមថ្លៃ ៣,៥ ដុល្លារ ហើយប៉េងបោះប្រភេទនេះវាមានតម្លៃថេររហូត ប៉ុន្តែគិតពីថ្ងៃដាំរហូតបេះមានរយៈពេល ៧៥ ថ្ងៃហើយម៉ូយក៏ត្រូវការខ្លាំងដែរដើម្បីយកទៅលក់នៅតាមម៉ាត និងតាមផ្សារទំនើបក្នុងក្រុងសៀមរាប និងនៅរាជធានីភ្នំពេញ។
លោក ឈាវ ហុង ឱ្យដឹងថា ចំពោះស្រូវវិញលោកធ្វើប្រភេទស្រូវផ្ការំដួលដែលក្នុង ១ ឆ្នាំលោកធ្វើបាន ១២ តោន ហើយលោកក៏ទទួលទិញពីប្រជាកសិករនៅក្នុងសហគមន៍របស់លោកដែរដោយក្នុង ១ ដូវៗអាចប្រមូលបានទាំងទិញ និងធ្វើខ្លួនឯងប្រហែល ៣០ តោន ហើយលោកបានកិនជាអង្ករលក់វិញ។
ដោយសារតែលោកទទួលបានជោគជ័យក្នុងការធ្វើកសិកម្មនេះទើបខាងមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ខេត្តសៀមរាប និងក្រសួងកសិកម្មទទួលស្គាល់កសិដ្ឋាន (HONG-ECOFARM)របស់លោករហូតមកទល់បច្ចុប្បន្ន។
ទន្ទឹមនេះ ស្ទើរតែរៀងរាល់សប្តាហ៍មានកសិករក្នុងសហគមន៍ស្ទើរគ្រប់ខេត្តបានមកទស្សកិច្ចសិក្សាក្នុងកសិដ្ឋានរបស់លោក និងមានទាំងជនបរទេសប្រុស-ស្រីមកពីចំនួន ២៦ ប្រទេសក្រោមគម្រោងរបស់ USAID ក៏បានមកមើលកសិដ្ឋានរបស់លោកដែរ។
លោកបានថ្លែងថា៖ «សម្រាប់ថ្ងៃអនាគតខ្ញុំគ្រោងធ្វើជាកសិទេសចរណ៍ដោយរៀបចំឱ្យមានផ្ទះស្នាក់នៅបណ្តោះអាសន្នសម្រាប់ភ្ញៀវមានបន្ទប់ចម្អិនអាហារ។ ព្រោះទីនេះជាកសិដ្ឋានដែលរក្សាបានទេសភាពពណ៌បៃតងគ្រប់រដូវកាល»។
ទាក់ទងនឹងការធ្វើកសិកម្មបែបច្នៃប្រឌិតនេះ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ខេត្តសៀមរាបឱ្យដឹងដែរថា លោកឈាវ ហុង ត្រូវបានជ្រើសរើសជាកសិករគំរូជាយូរមកហើយ ហើយគាត់គឺជាមនុស្សដែលមានចំណង់ចំណូលចិត្តក្នុងការធ្វើកសិកម្ម ហើយបើនិយាយពីការធ្វើប្រព័ន្ធកសិកម្មចម្រុះគឺគាត់ជាកសិករគំរូ។ ចំពោះកសិកររូបនេះ ខាងមន្ទីរកសិកម្មខេត្តសៀមរាបតែងតែបង្ហាត់បង្ហាញពីបច្ចេកទេសដាំដុះដល់គាត់រហូត។
ចំពោះបន្លែរបស់គាត់ជាបន្លែសុវត្ថិភាពទាំងអស់ ព្រោះការដាំបន្លែនៅក្នុងផ្ទះសំណាញ់គឺមិនមានបាញ់ថ្នាំសម្លាប់សត្វល្អិតអីទេ ហើយជាទូទៅគាត់ប្រើជីកំប៉ុសនិងភាគច្រើនគាត់ធ្វើខ្លួនគាត់ទៀតផង។
លោកថ្លែងថា៖ «មិនមែនតែកសិករខ្មែរទេដែលទៅមើលកសិដ្ឋានរបស់គាត់តែមានទាំងបរទេសទៀតផង។ មានតាំងពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលមានតាំងពីតំណាងរាស្ត្រ និងក្រសួងកសិកម្មផងដែរ»។
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខា ប្រមាញ់និងនេសាទប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា បច្ចុប្បន្នមានកសិករគំរូច្រើននាក់នៅតាមខេត្តនីមួយៗ ហើយក្រសួងកសិកម្មក៏តែងតែជំរុញពាក់ព័ន្ធនឹងការងារផ្សព្វផ្សាយបច្ចេកទេសកសិកម្ម មិនថាជាបច្ចេកទេសដែលទទួលបានពីការស្រាវជ្រាវរបស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទឬក៏ជាបច្ចេកទេសដែលទទួលបានពីការចែករំលែកបទពិសោធន៍ល្អៗពីតំបន់ផ្សេងៗនៅទូទាំងប្រទេសទេ ពោលគឺក្រសួងតែងតែជំរុញព្រោះនៅក្នុងក្រសួងក៏មាននាយកដ្ឋានផ្សព្វផ្សាយកសិកម្មដែរ។
លោកបានថ្លែងថា ជាគោលការណ៍សំខាន់របស់ក្រសួង គឺការចងក្រង និងប្រមូលផ្តុំកសិករដែលធ្វើកសិកម្មតាមបែបគ្រួសារឱ្យងាកមកធ្វើកសិកម្មតាមទម្រង់បែបឧស្សាហកម្មវិញតាមរយៈការប្រមូលផ្តុំគ្នាឱ្យទៅជាសហគមន៍ខ្នាតធំ។
សហគមន៍នេះយើងហៅថា សហគមន៍កសិកម្មទំនើប ហើយបើក្នុងករណីដូចគាត់ដាំបន្លែខាងលើនេះ គឺយើងលើកទឹកចិត្តឱ្យជាប្រភេទសហគមន៍ដែលមានទំហំធំមានការធ្វើផលិតកម្មរួមគ្នា និងការគ្រប់គ្រងរួមគ្នាដើម្បីធ្វើយ៉ាងណាឱ្យថ្លៃដើមនៃការផលិតមានការធ្លាក់ចុះ និងមានទំហំនៃការផ្គត់ផ្គង់មាននិរន្តរភាពដែលនេះគឺជាអាទិភាពចម្បងរបស់ក្រសួង។
លោកបានបញ្ជាក់ថា៖ «ចំពោះកសិករទាំងអស់ដែលគិតថា ខ្លួនឯងមានបច្ចេកទេសមិនដល់ខ្វះបទពិសោធន៍គឺក្រសួងនឹងផ្តល់ច្រកនេះដើម្បីអនុញ្ញាតឱ្យកសិករទូទាំងប្រទេសអាចចូលរួមជាមួយសហគមន៍បង្កើតបានជាសហគមន៍ខ្នាតធំផលិតទំនិញដែលមានគុណភាពតាមស្តង់ដា និងមានតម្លៃប្រកួតប្រជែង ហើយនិងមានបរិមាណផ្គត់ផ្គង់អាចនឹងបំពេញតម្រូវការទីផ្សារបាន»៕