​ភ្នំពេញៈ អ្នកនាំពាក្យ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​លោក​ ប៉ែន បូ​ណា​ បានឱ្យដឹងថា ច្រកព្រំដែន​កម្ពុជា​-​ថៃ ត្រង់ចំណុច​ប្រាសាទព្រះវិហារ ដែលជា​កន្លែង​មាន​វិវាទ​នឹង​គ្នា​ហើយ​បាន​បិទ​កាលពី​ឆ្នាំ ​២០០៨ នៅ​មិនទាន់មាន​ការសម្រេច​បើក​ឡើងវិញ​នៅឡើយ​ទេ ខណៈ​មានការ​លើកឡើង​ពី​ការ​ស្នើឱ្យ​បើក​ច្រក​នេះ​ឡើងវិញ​ពី​ភាគី​ថៃ​។  

​លោក ប៉ែន បូ​ណា បាន​ថ្លែងប្រាប់​បែបនេះ​បន្ទាប់ពី​សមាជិកសភា​ចំនួន ​៧ ​នាក់ មកពី​បក្ស​ភឿ​ថៃ បានដាក់​ញត្តិ​ទៅ​នាយក​រដ្ឋ​​មន្ត្រី​ថៃ លោក​ សេដ្ឋា ថា​វី​ស៊ីន ​ដើម្បីឱ្យ​លោក​ធ្វើ​ការជជែក​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា​លើ​សំណើ​បើក​ច្រកព្រំដែន​ក្បែរ​ប្រាសាទព្រះវិហារ​ឡើងវិញ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​​បុ​ស្តិ៍​ជា​ភាសា​អង់គ្លេស​។

​លោក​ ប៉ែន បូ​ណា​ បាន​ថ្លែង​នៅ​ថ្ងៃទី​ ២១ ​ខែធ្នូ​ថា ​«​កម្ពុជា​បាននិងកំពុង​ពិចារណា​យ៉ាង​ហ្មត់ចត់​»​ លើ​កត្តា​សន្តិសុខ​ព្រំដែន ផល​​ប្រយោជន៍​ទេសចរ និង​ផល​ប៉ះ​ពាល់​នានា​ជុំវិញ​ការស្នើ​បើក​ច្រកព្រំដែន​ត្រង់ចំណុច​ប្រាសាទព្រះវិហារ​នេះ​។ ក៏ប៉ុន្តែ​ទោះយ៉ាងណា​កម្ពុជា​មិនទាន់មាន​ការសម្រេចចិត្ត​បែបណា​នោះទេ ហើយ​ច្រក​នេះ​នៅតែ​បន្ត​បិទ​។ 

​លោក​ថា​៖ «​បញ្ហា​ស្នើឱ្យ​បើក​ច្រក​នេះ​ខ្ញុំ​មិនដឹង​ទេ​ថា នឹង​អាច​លើក​យកមក​ពិភាក្សា​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ទៅ​ប្រទេស​ថៃ​នាពេលខាងមុខ​នោះទេ ពីព្រោះ​ខ្ញុំ​មិនទាន់​បានដឹង​ពី​របៀបវារៈ ហើយ​មកទល់ពេលនេះ រាជរដ្ឋាភិបាល​កម្ពុជា​ពុំទាន់​ទទួលបាន​ការស្នើសុំ​ជា​ផ្លូវការ​ណាមួយ​ពី​ភាគី​ថៃ​នោះដែរ ឮ​តែ​តាម​សារព័ត៌​មានបាន​ចុះផ្សាយ​»​។

​បើតាម​កាសែត​បាងកក​បុ​ស្តិ៍​លោក Sutin Klungsang រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថៃ​បាន​លើកឡើងថា សមា​ជិ​ក​សភា​ចំនួន​ ៧ ​នាក់ មកពី​បក្ស​ភឿ​ថៃ បានដាក់​ញត្តិ​ទៅកាន់​លោកនាយក​រដ្ឋមន្ត្រី​ថៃ សេដ្ឋា ថា​វី​ស៊ីន ដើម្បីឱ្យ​លោក​ធ្វើការ​ជជែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា លើ​សំណើសុំ​បើក​ច្រកព្រំដែន​នៅក្បែរ​ប្រាសាទព្រះវិហារ​ឡើងវិញ​បន្ទាប់ពី​លោក​បានធ្វើ​ដំណើរ​ទៅកាន់​ខេត្ត​ក្បែរ​ព្រំដែន​ប្រាសាទ​ព្រះវិហារ​កាលពី​សប្តាហ៍​មុន ដែលជា​កន្លែង​មាន​វិវាទ​នឹង​គ្នា​កាលពី​ឆ្នាំ​ ២០០៨​។

លោក​រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​ថៃ​រូបនេះ​ក៏បាន​លើកឡើង​ផងដែរ​ថា ចំនួន​អ្នកទេសចរ​ក៏​ជា​កត្តា​មួយ​ដែល​នឹង​ជំរុញ​សកម្មភាព​សេដ្ឋ​កិច្ច​តាម​ព្រំដែន​ផងដែរ ជាពិសេស​វា​នឹង​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ Nut SriIn មេបញ្ជាការ​យោធា​ថៃ​ក៏បាន​លើកឡើង​ផងដែរ​ថា ការបើក​ព្រំដែន​រវាង​ប្រទេស​ទាំង​ ២ ត្រង់ចំណុច​ប្រាសាទព្រះវិហារ​មិន​ធ្វើឱ្យប៉ះពាល់​ដល់​បញ្ហា​សន្តិសុខ​ព្រំដែន​ទេ ហើយ​ការសម្រេចចិត្ត​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​គឺជា​អ្វីដែល​ភាគី​ថៃ​ត្រូវការ​បំផុត​។

​លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​មើល​ឃើញថា ការបើក ឬ​បិទ​ជា​សិទ្ធិផ្តាច់មុខ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​តែមួយគត់ ពីព្រោះ​ប្រាសាទ​ព្រះវិហារ​ជា​របស់​កម្ពុជា និង​ស្ថិតនៅលើ​ដែន​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា​។ លោក​យល់ថា ការស្នើ​នោះ​វា​គ្រាន់តែ​ជា​សិទ្ធិ​របស់​សមាជិកសភា​នៃ​បក្សនយោបាយ​ថៃ​តែប៉ុណ្ណោះ​។​

​លោក​សង្កត់ធ្ងន់ថា​៖ «​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​គួរតែ​កុំ​ប្រញាប់​យក​បញ្ហា​នេះ​មក​ពិភាក្សា​ពេក ដោយសារ​ជា​បទពិសោធន៍​យើង​ធ្លាប់​មានរឿង​ជាមួយ​ថៃ​យូរ​មកហើយ​។ ដូច្នេះ​ជា​ទស្សនៈ ខ្ញុំ​មិន​យល់ស្រប​ក្នុង​ការបើក​ច្រក​នេះ​ឡើងវិញ​ទេ ពីព្រោះ​ស្ថិតក្នុង​កាលៈទេសៈ​មិន​សមស្រប​ឡើយ​សម្រាប់​កម្ពុជា​»​។

​លោក​បន្ថែមថា កម្ពុ​ជាមាន​ច្រកព្រំដែន​ច្រើនណាស់​ជាមួយ​ភាគី​ថៃ ដូច្នេះ​បើ​ទាក់ទង និង​ផល​​ប្រយោជន៍​ទេសចរណ៍ ពួកគេ​អាចមក​តាម​ច្រក​នានា​បាន ហើយ​បន្ត​មក​ទស្សនា​ប្រាសាទព្រះវិហារ នេះ​ជា​វិធី​មួយ​ដ៏​ល្អ​ហើយ​សុវត្ថិភាព​សម្រាប់​កម្ពុជា​៕

​វង្ស ដា​រា​វ៉ា​ឌី​