ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យមានការចាប់ខ្លួនជនដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឱ្យមានមនុស្សស្លាប់នៅនឹងកន្លែងកើតហេតុ ហើយបើមានការតវ៉ា គឺត្រូវចាប់វ៉ៃខ្នោះតែម្តងដោយរូបលោកនឹងធ្វើជាខ្នងបង្អែកដល់មន្ត្រីដែលបានអនុវត្តតួនាទីបានត្រឹមត្រូវទៅតាមច្បាប់។
លោក ហ៊ុន ម៉ាណែត បានចេញបញ្ជាបែបនេះ ក្នុងពេលលោកអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤របស់ក្រសួងបរិស្ថាននៅរសៀលថ្ងៃទី ២១ ខែធ្នូ។
លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា៖ «កន្លងទៅរឿងបុកមនុស្សហ្នឹងមិនចាំបាច់សុំគោលការណ៍ ហើយលោកសុំចេញបទបញ្ជាបើសិនជាមានបទល្មើសជាក់ស្តែង ឧទាហរណ៍បើកឡានបុកគេស្លាប់ មិនបាច់សុំគោលការណ៍ទេ ហើយឃាត់ជនបង្កតែម្តងទៅ ហើយបើគាត់ (ជនបង្ក) តវ៉ា វាយខ្នោះតែម្តងទៅ ហើយកូនប៉ូលិសធ្វើចុះមិនចាំបាច់ស្នើសុំទៅស្នងការអីទេ»។
លោកបន្តថា៖ «ត្រូវតែអនុវត្ត រឿងវាអ៊ីចឹងមិនចាំបាច់ទៅណា។ ថ្ងៃមុនខ្ញុំឃើញឡានអាយ៉ែបុកដោយទាំងប៉ូលិសបះជើង ៣ ទៅ ៤ នាក់ ហើយរត់ចូលទៅក្នុងឡានចុះមកធ្វើមិនដឹង។ អត់ទេណា! ចាប់ទៅ គ្មានខ្នងណាទេខ្ញុំប្រាប់ទៅបងប្អូនប៉ូលិសរបស់យើង ទី១ អាវុធហត្ថមន្ត្រីអនុវត្តច្បាប់ក្នុងបទល្មើសជាក់ស្តែង បើបងប្អូនអនុវត្តត្រឹមត្រូវតាមច្បាប់អនុវត្តចុះ ហើយខ្នងរបស់បងប្អូន គឺនាយករដ្ឋមន្ត្រីនិយាយឱ្យអ៊ីចឹងហ្មង»។
លោកលើកឡើងថា បើសិនជាគេថា មានខ្នងណាទៀតមិនបាច់សួរទេ ព្រោះនាយករដ្ឋមន្ត្រីចេញគោលការណ៍ហើយ ហើយប្រសិនបើធ្វើទៅមានបញ្ហាទៅដល់កន្លែងគេដកបញ្ឈរជើង សូមប្រាប់លោក លោកនឹងដំឡើងស័កិ្តឱ្យ។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ទៀតថា៖ «ចំពោះមេដែលចាត់ចែងបងប្អូនអនុវត្តច្បាប់ ហើយដាក់ពិន័យបងប្អូនដែលធ្វើខុសគ្មានមូលហេតុខ្ញុំនឹងចាត់វិធានការ»។
ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីនាពេលនេះស្របពេលមានប្រតិកម្មជាច្រើននៅតាមបណ្តាញសង្គមករណីកូនប្រុសមេធាវីម្នាក់ដែលបានបើកឡានទំនើបប្រដេញគ្នាក្នុងក្រុងហើយបានបុកអ្នកបើកបរម៉ូតូម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហើយ កាលពីយប់ថ្ងៃទី ១៤ ខែធ្នូ ប៉ុន្តែមកដល់ពេលនេះជនបង្កនៅមិនទាន់ត្រូវបានចាប់ខ្លួននៅឡើយ។
ជាមួយគ្នានេះ លោក សៀង ប៊ុនលាង អាយុ ៥០ ឆ្នាំ ជាឪពុករបស់ជនរងគ្រោះដែលបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កដោយអ្នកបើកបររថយន្តទំនើបម៉ាក Jeep បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២១ ធ្នូថា បើទោះជាលោកនៅមានអារម្មណ៍វិលវល់ក្នុងអំឡុងពេលកាន់ទុក្ខកូនប្រុសរបស់លោកក្តី តែលោកសាទរយ៉ាងខ្លាំងចំពោះចំណាត់ការរបស់លោកកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ក្នុងការអន្តរាគមន៍ចំពោះសពកូនប្រុសរបស់លោក។
លោកថ្លែងថា៖ «ខ្ញុំមានការត្រេកអរយ៉ាងខ្លាំងដើម្បីចាត់ការចំពោះជនល្មើស ដើម្បីយកមកផ្ដន្ទាទោសព្រហ្មទណ្ឌចំពោះមុខច្បាប់»។
លោកឱ្យដឹងថា លោកបានដាក់ពាក្យបណ្តឹងទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញរួចហើយកាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៣ តែលោកមិនចាំថា ក្នុងពាក្យបណ្តឹងនោះលោកទាមទារសំណងប៉ុន្មានទេ។ ប៉ុន្តែបើតាមពាក្យបណ្តឹងដែលភ្នំពេញប៉ុស្តិ៍ទទួលបាន គ្រួសារជនរងគ្រោះបានទាមទារសំណងការខូចខាត និងជំងឺចិត្តចំនួន ២០ ម៉ឺនដុល្លារអាមេរិក។
បើតាមលោក សៀង ប៊ុនលាង កូនប្រុសរបស់លោក គឺជាជើងឯកប្រកួតសីជម្រើសជាតិលេខ ១ ហើយធ្លាប់ចេញទៅប្រកួតនៅប្រទេសហ្វីលីពិន និងទៅច្រើនប្រទេសទៀត។ កូនប្រុសរបស់លោកឈ្មោះសៀង គឹមហុង ដែលត្រូវរថយន្តបើកបុកស្លាប់ អាយុ ២៣ ឆ្នាំ ក៏ទទួលបានមេដាយប្រមាណជា ៤០ មេដាយ។ លោក មានកូន ៣ នាក់ (ស្រី ២ នាក់) ហើយសៀង គឹមហុង ដែលស្លាប់គឺជាកូនប្រុសច្បង។
បើយោងតាមហ្វេសប៊ុកលោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានសរសេរថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ស្ថាប័នអយ្យការ បានចេញដីកាបញ្ជាឱ្យជនបង្កចូលខ្លួននិងបង្គាប់ឱ្យជនបង្កបង្ហាញខ្លួននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៤។ ដីកាបញ្ជាឱ្យចូលខ្លួននេះ ក៏មានអានុភាពបញ្ជាឱ្យកម្លាំងសមត្ថកិច្ច ស្វែងរកនិងនាំខ្លួនជនសង្ស័យមកកាន់អយ្យការផងដែរ ក្នុងករណីមិនព្រមចូលមកបង្ហាញខ្លួន។
លោកថ្លែងថា៖ «ចំពោះលទ្ធផលនៃការអនុវត្តដីកាបញ្ជាឱ្យចូលខ្លួននេះខ្ញុំនឹងជូនព័ត៌មានបន្ថែមតាមក្រោយទៀត»។
យោងដីកាដែលមានចុះហត្ថលេខាដោយលោកប្លង់ សុផល ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី ១៩ ធ្នូឆ្នាំ ២០២៣ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមានមនុស្សស្លាប់នេះ គឺបានបង្កឡើងដោយភាគីរថយន្ត។
ដីកាសរសេរបន្តថា មានភ័ស្តុតាងបង្ហាញថា ឈ្មោះព្រហ្ម វិចិត្រសុសក្តា ជាអ្នកបើកបររថយន្ត ប៉ុន្តែក្រោយពីបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ជនសង្ស័យបានរត់គេចខ្លួនពីកន្លែងកើតហេតុ ក្នុងគោលបំណងគេចចេញពីការទទួលខុសត្រូវហើយមិនដឹងថា ទៅទីណា។
ដីកាដដែលសរសេរថា៖ «ហេតុដូច្នេះចេញបញ្ជាឱ្យកម្លាំងសមត្ថកិច្ច នាំបុគ្គលឈ្មោះព្រហ្ម វិចិត្រសុសក្តា បង្ហាញខ្លួននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី ៩ ខែមករាឆ្នាំ ២០២៤ ដើម្បីធ្វើការស្តាប់ចម្លើយ»។
លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញប្រាប់នៅថ្ងៃទី ២១ ធ្នូថា ចំពោះជនសង្ស័យដែលតុលាការចេញដីកាឱ្យចូលខ្លួននោះមិនទាន់ឃើញបង្ហាញខ្លួននៅតុលាការទេ។
ជុំវិញគ្រោះថ្នាក់ចរាចរណ៍នេះដែរ នៅថ្ងៃទី ២១ ធ្នូ ភ្នំពេញ ប៉ុស្តិ៍ បានទូរស័ព្ទទៅលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីសុំបញ្ជាក់ពីលោក តែលោកឆ្លើយថា ជាប់រវល់កិច្ចចាំបាច់។
ប៉ុន្តែបើតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះសារថា លោក ជួន ណារិន្ទ «សូមអំពាវនាវដល់ក្មួយប្រុស ជាជនសង្ស័យ បើករថយន្ដ Jeep ដែលបុកបុរសម្នាក់ស្លាប់នៅខណ្ឌទួលគោក ឬ អាណាព្យាបាលសូមនាំកូនប្រុស មកសារភាព និងបង្ហាញខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី»។
លោក ជួន ណារិន្ទ ថា៖ «កុំរត់គេចខ្លួនបែបនេះវាមិនអាចគេចពីផ្លូវច្បាប់ ១ ជីវិតបានទេ! សមត្ថកិច្ចមិនដកដៃ ក្នុងការអនុវត្តច្បាប់ ចំពោះករណីនេះបានទេ ដីកាបញ្ជាឱ្យចូលខ្លួនរបស់លោកព្រះរាជអាជ្ញា បើនៅតែបន្តគេចខ្លួន សមត្ថកិច្ចនឹងបន្តសុំដីកាតាមរកចាប់ខ្លួនបន្តទៀតហើយ»។
គួររំឭកដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ១០ យប់ ថ្ងៃទី ១៤ ខែធ្នូឆ្នាំ ២០២៣ ស្ថិតនៅសង្កាត់បឹងកក់ ២ ខណ្ឌទួលគោក។ រថយន្តបង្កម៉ាក Jeep ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2CB-9963 បានបើកបុកបណ្តាលឱ្យជនរងគ្រោះម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ រីឯជនបង្កបានរត់គេចខ្លួនក្រោយពេលកើតហេតុ។
លោក សេក សុជាតិ អ្នកប្រឹក្សាផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ពាក់ព័ន្ធយុវជនបើកបររថយន្តប្រណាំងគ្នានៅក្នុងរាជធានីភ្នំពេញ ហើយបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍រហូតបណ្តាលឱ្យមានជនរងគ្រោះស្លាប់ ហើយឪពុករបស់គាត់ជាមេធាវីបានទៅចូលរួមបុណ្យសពជនរងគ្រោះហើយបានគំរាមកំហែងថា ប្រសិនបើភាគីជនរងគ្រោះមិនដកពាក្យបណ្តឹងទេនឹងខូចកិត្តិយសទាំងសងខាង។
លោកថ្លែងថា៖ «យើងឃើញថា តុលាការបានទុកពេលជិត ១ ខែ ដើម្បីឱ្យសាមីខ្លួនជាជនល្មើសចូលខ្លួននៅតុលាការ»។
លោកលើកឡើងថា៖ «បញ្ហាទាំងអស់នេះយើងបានឃើញថា ពេលវេលាដែលពន្យារនេះមានលក្ខណៈយូរ ដែលខុសពីប្រក្រតី ដែលយើងគិតថា ប្រហែលជាការពន្យារពេលនេះ ស្ថិតនៅក្នុងបំណងឬចេតនាណាមួយដែលចង់ឱ្យគ្រួសាររបស់ជនបង្កហេតុ និងគ្រួសារជនរងគ្រោះអាចរកវិធីផ្សះផ្សាគ្នាក្នុងលក្ខខណ្ឌណាមួយក្រៅប្រព័ន្ធតុលាការ»៕