ភ្នំពេញៈ ក្រុមប្រឹក្សាជាតិគាំពារសង្គម និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានសិក្សាវាយតម្លៃរួមគ្នា ដោយបានរកឃើញថា ការអន្តរាគមន៍ជំនួយសង្គមពិសេសចំនួន ២ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញកន្លងទៅ គឺបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយបច្ច័យអវិជ្ជមានមកលើគ្រួសារងាយរងហានិភ័យ។
ការអន្តរាគមន៍ទាំងនោះ រួមមាន កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ ដែលបានដាក់ឱ្យអនុវត្តកាលពីខែមិថុនា ឆ្នាំ ២០២០ រហូតមកទល់បច្ចុប្បន្ន ដោយបានគ្របដណ្តប់ពលរដ្ឋប្រមាណ ៧០ ម៉ឺនគ្រួសារ ឬស្មើនឹង ២,៨ លាននាក់ជាមួយនឹងការប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១ ២៤៣,៧៥ លានដុល្លារ។
កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងគ្រោះទឹកជំនន់ ដោយគ្របដណ្ដប់គ្រួសារងាយរងហានិភ័យចំនួនប្រមាណ ៥០ ម៉ឺនគ្រួសារស្មើនឹងប្រមាណ ១,៨ លាននាក់ដែលត្រូវបានរាជរដ្ឋាភិបាលបានសម្រេចដាក់ឱ្យអនុវត្តកាលពីចុងឆ្នាំ ២០២២ និងបានបិទបញ្ចប់កាលពីខែកក្កដា ឆ្នាំ ២០២៣ ដោយបានចំណាយថវិកាជាតិប្រមាណ ៥៥,៧ លានដុល្លារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៣។
ក្រុមប្រឹក្សាជាតិគាំពារសង្គម ក៏បានរកឃើញគ្រួសារគោលដៅដែលទទួលផលប្រមាណជាង ៩៧ ភាគរយ ពេញចិត្ត និងគាំទ្រការអន្តរាគមន៍ជាការឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលនេះផងដែរ។
ប្រភពដដែលបានបញ្ជាក់ថា៖ «តាមការសិក្សារកឃើញថា អ្នកទទួលផលពីកម្មវិធីនេះបានយកថវិកាទៅប្រើប្រាស់ទៅលើមុខចំណាយចាំបាច់ដូចការរំពឹងទុក ពិសេសចំណាយលើម្ហូបអាហារ, សេវាសុខាភិបាល និងឱសថ, ការសិក្សារបស់កូន,ថ្លៃសេវាទឹកភ្លើង,ជួលផ្ទះនិងចំណាយចាំបាច់ផ្សេងៗ»។
លទ្ធផលនេះ បានបង្ហាញថាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ទាំង ២ បានចូលរួមទប់ស្កាត់ពីការធ្លាក់ចុះខ្លាំងនៃជីវភាពរបស់គ្រួសារគោលដៅដូចបង្ហាញក្នុងសូចនាករសង្គមសេដ្ឋកិច្ចសំខាន់ៗ ដោយបានកាត់បន្ថយការកើនឡើងនៃអត្រាអសន្តិសុខស្បៀងក្នុងគ្រួសារ ១៣ ភាគរយ, កាត់បន្ថយការកើនឡើងនៃអត្រាគ្រួសារមិនមានប្រាក់សន្សំ ៧,៥ ភាគរយ,កាត់បន្ថយការកើនឡើងនៃអត្រាគ្រួសារយឺតយ៉ាវក្នុងការសងប្រាក់ធនាគារចំនួន ២,៤ ភាគរយ។
ប្រភពដដែលបន្តថា ចំនួនគ្រួសារគោលដៅដែលគ្មានលទ្ធភាពបង់ថ្លៃសេវាទឹក ភ្លើង និងថ្លៃជួលផ្ទះទាបជាងក្រុមគ្រួសារដែលមិនទទួលបានប្រាក់ឧបត្ថម្ភចំនួន ១៣ ភាគរយ និងចំនួនគ្រួសារគោលដៅដែលគ្មានលទ្ធភាពបង់ថ្លៃសេវាសុខាភិបាលទាបជាងចំនួន ២៧ ភាគរយ។
ក្រុមប្រឹក្សាជាតិគាំពារសង្គមបានបញ្ជាក់ថា៖ «លទ្ធផលនៃការវាយតម្លៃនេះក៏បានបង្ហាញផងដែរថា ស្ទើរតែ ១០០ ភាគរយនៃគ្រួសារពលរដ្ឋគោលដៅ ជាពិសេសគ្រួសារងាយរងហានិភ័យដែលទទួលបានសាច់ប្រាក់ឧបត្ថម្ភ មានទស្សនវិជ្ជមានមកលើរាជរដ្ឋាភិបាលនិងអាជ្ញាធរមូលដ្ឋាន ដែលជាការរួមចំណែកបង្កើននិងពង្រឹងសតិអារម្មណ៍របស់ពលរដ្ឋមកលើរាជរដ្ឋាភិបាលបន្ថែមទៀត»។
ពាក់ព័ន្ធការវាយតម្លៃនេះ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាជនដើម្បីអភិវឌ្ឍន៍ និងសន្តិភាពបានទទួលស្គាល់ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ទាំងនេះពិតជាបានចូលរួមចំណែកបន្ធូរបន្ថយបន្ទុកនៃការចំណាយរបស់ពលរដ្ឋពិតប្រាកដមែន។
លោកបានថ្លែងថា៖ «ទោះជាទំហំសាច់ប្រាក់ឱ្យគាត់មិនច្រើន តែវាជួយបន្ធូរបន្ថយការចំណាយមួយចំនួន។ វាមិនធ្វើឱ្យជីវភាពគាត់ប្រសើរទេ តែអាចទប់ទល់កុំឱ្យគាត់ស្ថិតក្នុងស្ថានភាពយ៉ាប់យ៉ឺនខ្លាំងពេក»។
ទោះជាយ៉ាងណាបញ្ហាប្រឈមមួយចំនួនក៏ត្រូវបានសិក្សារកឃើញដោយក្រុមប្រឹក្សាជាតិគាំពារសង្គមនិងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ផងដែរដូចជា ការយល់ដឹងនៅមានកម្រិតរបស់គ្រួសារងាយរងហានិភ័យពីការកំណត់អត្តសញ្ញាណនិងគ្រួសារគោលដៅមួយចំនួនតូចជួបបញ្ហានៅពេលបើកប្រាក់ឧបត្ថម្ភ ដោយសារបញ្ជរធនាគារវីងនៅឆ្ងាយពីលំនៅឋានរបស់ពួកគាត់៕