ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាកត្តាអាទិភាពចម្បង និងតែងបានយកចិត្តទុកដាក់ក្នុងការកសាងមូលធនមនុស្សប្រកបដោយចំណេះដឹង និងសុខភាពបរិបូរណ៍ ព្រមទាំងបានធ្វើកំណែទម្រង់ជាបន្តបន្ទាប់ដើម្បីពង្រឹងប្រព័ន្ធ និងគុណភាពអប់រំ រួមនឹងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសផងដែរ។
នេះជាការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងជំនួបជាមួយលោក អ៊ូ យាន (Wu Yan) អនុរដ្ឋមន្ត្រីក្រសួងអប់រំ នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ នារសៀលថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៣។
ក្នុងជំនួបនេះ លោក ហ៊ុន ម៉ាណែត បានថ្លែងស្វាគមន៏លោក អ៊ូ យាន និងគណៈប្រតិភូ ក្នុងឱកាសមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងចូលរួមក្នុងពិធីសម្ពោធសាកលវិទ្យល័យខេមតិច ដែលសបញ្ជាក់នូវចំណងកិច្ចសហប្រតិបត្តិការជិតស្និទ្ធកម្ពុជា-ចិន ដោយលោកបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាផ្លែផ្កានៃជំនួបរវាងអនុរដ្ឋមន្ត្រីក្រសួងអប់រំចិន និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីទ្បាកម្ពុជា។
លោកថ្លែងថា៖ «រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាកត្តាអាទិភាពចម្បង និងតែងបានយកចិត្តទុកដាក់ក្នុងការកសាងមូលធនមនុស្សប្រកបដោយចំណេះដឹង និងសុខភាពបរិបូរណ៍ ព្រមទាំងបានធ្វើកំណែទម្រង់ជាបន្តបន្ទាប់ដើម្បីពង្រឹងប្រព័ន្ធ និងគុណភាពអប់រំ បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួន ១ លាន ៥ សែន នាក់»។
លោកថ្លែងថា ជាងនេះទៀត រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវកម្មវិធីមួយចំនួន តួយ៉ាងដូចជា កម្មវិធី STEM ដើម្បីជួយតម្រង់ទិសសិស្សានុ-សិស្សឱ្យមាននូវជំនាញសំខាន់ៗសម្រាប់ទីផ្សារការងារ។
លោក អ៊ូ យាន បានថ្លែងឡើងពីលទ្ធផលជាផ្លែផ្កាក្នុងជំនួបពិភាក្សាការងារជាមួយលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីទ្បា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ជាពិសេស ការបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសចិន និងការបន្តកិច្ចសហការលើវិស័យបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ឱ្យស្របតាមតម្រូវការទីផ្សារការងារនៅកម្ពុជា។
ទាក់ទងនឹងការអប់រំនៅថ្ងៃទី ២០ ខែធ្នូនោះដែរ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងអប់រំ នៃសាធារណរដ្ឋប្រជាមានិតចិន បានសម្ពោធសាកលវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាសាស្ត្រកម្ពុជា (CamTech)។
លោក ហង់ជួន ណារ៉ុន បានថ្លែងថា សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជានឹងក្លាយជាសមិទ្ធផលថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន សម្រាប់បម្រើដល់ការអភិវឌ្ឍធនធានមនុស្ស ព្រមជាមួយជាសក្ខីភាពដ៏រឹងមាំក្នុងការផ្សារភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជនកម្ពុជាចិន។
លោកថ្លែងថា៖ «ការពង្រឹងគុណភាពអប់រំឧត្តមសិក្សាលើផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គឺជាយុទ្ធសាស្ត្រដ៏សំខាន់នៃការអភិវឌ្ឍធនធានមនុស្ស ដើម្បីសម្រេចនូវគោលដៅនៃការអភិវឌ្ឍប្រទេស ហេតុនេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តគំនិតផ្តួចផ្តើមជាច្រើនក្នុងការពង្រីកវិសាលភាពនៃការទទួលបានការអប់រំនៅកម្រិតឧត្តមសិក្សា ការពង្រឹងគុណភាពបណ្តុះបណ្តាលនិងគុណភាពស្រាវជ្រាវជាដើម»។
តាមរយៈទិន្នន័យឆ្នាំ ២០២៣ បង្ហាញថា ចំនួនគ្រឹះស្ថានឧត្តមសិក្សា និងចំនួននិស្សិតចូលរៀនមានការកើនឡើងច្រើនគួរឱ្យកត់សម្គាល់ ដោយផ្តើមចេញពីសាកលវិទ្យាល័យតែមួយក្នុងឆ្នាំ ១៩៧៩ កើនដល់ ៨ នៅឆ្នាំ ១៩៩៧ ហើយបន្តកើនឡើងដល់ ១១០ នៅឆ្នាំ ២០១៣ និង ១៣២ គ្រឹះស្ថានឧត្តមសិក្សានៅឆ្នាំ ២០២២។ នេះបើតាមលោក ហង់ជួន ណារ៉ុន។
លោក អ៊ូ យាន បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការផ្លាស់ប្ដូរផ្នែកអប់រំ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងកម្ពុជាបានបន្តកាន់តែស៊ីជម្រៅ ដោយមាននិស្សិតកម្ពុជាជាង ៤ ៥០០ នាក់ កំពុងសិក្សានៅប្រទេសចិន ក្នុងនោះមាននិស្សិតជាង ៨០០ នាក់ ដែលបានទទួលអាហារូបករណ៍របស់រដ្ឋាភិបាលចិន ខណៈប្រទេសចិនក៏បានបញ្ជូនមនុស្សចំនួន ១៨ នាក់មកសិក្សានៅកម្ពុជាផងដែរ។
លោកបានថ្លែងថា៖ «ការអប់រំគឺជាកិច្ចការមូលដ្ឋានដ៏សំខាន់បំផុតសម្រាប់ប្រទេសជាតិ និងប្រជាជាតិ។ ប្រទេសទាំងអស់នៅលើពិភពលោកបានចាត់ទុកការអប់រំថា ជាការវិនិយោគយុទ្ធសាស្ត្រសម្រាប់អនាគត និងជាមូលដ្ឋានគ្រឹះនៃភាពរុងរឿងយូរអង្វែង។ វាក៏ត្រូវបានចាត់ទុកថា ជាតំណភ្ជាប់ដ៏សំខាន់ និងជាកម្លាំងជំរុញដែលមិនអាចកាត់ថ្លៃបានក្នុងការលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រជាជន»។
លោក អ៊ូ យាន បានថ្លែងបន្តទៀតថា ការបង្កើតឡើងនូវសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជានេះ មិនត្រឹមតែជាការដៅពណ៌ទឹកខ្មៅសម្រាប់ «ឆ្នាំមិត្តភាពចិន-កម្ពុជា» ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការសង្ឃឹមដ៏មុតមាំក្នុងការបើកការចាប់ផ្តើមសម្រាប់ «ឆ្នាំមនុស្សធម៌ចិន-កម្ពុជា» នៅឆ្នាំក្រោយផងដែរ៕