នៅចុងឆ្នាំ ២០២៣ ខួបលើកទី៥ នៃភាពជាដៃគូយុទ្ធសាស្ត្ររុស្ស៊ី-អាស៊ាន ដែលបានប្រារព្ធនៅឆ្នាំនេះ ក៏ទៅដល់ទីបញ្ចប់ដែរ។ ក្នុងអំឡុងពេលខួបនេះ កម្ពុជាបានបន្តធ្វើជាប្រទេសសម្របសម្រួលនៃភាពជាដៃគូនេះ ហើយបានខិតខំប្រឹងប្រែងដើម្បីអន្តរកម្មនេះប្រកបដោយអត្ថន័យ។
ក្នុងក្របខ័ណ្ឌនៃអន្តរកម្មរុស្ស៊ី-អាស៊ាន មានលទ្ធភាពថ្មីៗត្រូវបានបើក ដើម្បីអភិវឌ្ឍទំនាក់ទំនងដ៏រឹងមាំ និងស៊ីជម្រៅ ជាផលប្រយោជន៍ទៅវិញ-ទៅមក និងកសាងតំបន់ប្រកបដោយសន្តិភាព ស្ថិរភាព វិបុលភាព និងសមាហរណកម្ម។
កាលពីខែកក្កដាកន្លងទៅ ដោយបូកសរុបលទ្ធផលនៃការអភិវឌ្ឍភាព ជាដៃគូយុទ្ធសាស្ត្ររុស្ស៊ី-អាស៊ាន តាំងពីឆ្នាំ ២០១៨ មក រដ្ឋមន្ត្រីការបរទេសបានកត់សម្គាល់ពីការរួមចំណែកដ៏ធំនៃទំនាក់ទំនងនេះក្នុងដំណើរការសមាហរណកម្ម និងការកសាងសហគមន៍អាស៊ាន។ វិស័យអន្តរកម្មទាំងនេះរួមមាន ការឆ្លើយតបទៅនឹងបញ្ហាប្រឈម និងការគំរាមកំហែងថ្មីៗ ការបង្កើនសន្តិសុខស្បៀងក្នុងតំបន់ ការប្រយុទ្ធប្រឆាំងនឹងគ្រោះមហន្តរាយ ធម្មជាតិ កិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថាន និងអាកាសធាតុ ថាមពល និងនវានុវត្តន៍។ ផែនការស្តីពីសកម្មភាពគ្រប់ជ្រុងជ្រោយនៃភាពជាដៃគូយុទ្ធសាស្ត្ររុស្ស៊ី-អាស៊ាន សម្រាប់ឆ្នាំ ២០២១-២០២៥ កំពុងត្រូវបានអនុវត្តដោយជោគជ័យ។
គម្រោងរួមគ្នាកំពុងត្រូវបានអនុវត្តនៅក្នុងវិស័យនៃនិរន្តរភាពខ្សែច្រវាក់ផ្គត់ផ្គង់ ការអភិវឌ្ឍប្រកបដោយនិរន្តរភាពសេដ្ឋកិច្ចឌីជីថល និងច្នៃប្រឌិត។ ប្រទេសយើងនៅតែជាប្រទេសផ្គត់ផ្គង់ផលិតផលកសិកម្ម និងជីដែលមានការទទួលខុសត្រូវដល់អាស៊ី ជាប្រទេសផ្តល់សេវាអប់រំ និងជាដៃគូក្នុងកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកទេស។ ក្នុងឆ្នាំនៃកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកទេសរុស្ស៊ី-អាស៊ាន ឆ្នាំ ២០២២ គំនិតផ្តួចផ្តើមចំនួន ៥២ ត្រូវបានអនុវត្តដោយជោគជ័យលើប្រធានបទនៃជីវបច្ចេកវិទ្យា កសិកម្ម ការគ្រប់គ្រងធនធានទឹក និងបរិស្ថាន មីក្រូអេឡិចត្រូនិក និងបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មានថាមពល និងអវកាស។
ព្រះរាជាណាចក្រកម្ពុជាចូលរួមយ៉ាង សកម្មនៅក្នុងព្រឹត្តិការណ៍នៃកិច្ចសន្ទនារុស្ស៊ី-អាស៊ាន។ មានការផ្លាស់ប្តូរបទពិសោធន៍ និងការបណ្តុះបណ្តាលធនធានមនុស្សទាំងនៅក្នុងក្របខ័ណ្ឌនៃភាពជាដៃគូរុស្ស៊ី-អាស៊ាន ទាំងនៅ លើមូលដ្ឋានទ្វេភាគី។ យើងមានសេចក្តីរីករាយថា យុវជនកម្ពុជាយកចិត្តទុកដាក់ដល់ការសិក្សានៅក្នុងប្រទេសយើង។ ការអប់រំរបស់រុស្ស៊ីត្រូវបានគេស្គាល់ប្រកបដោយគុណភាពខ្ពស់ និងឱកាសច្រើនសម្រាប់ការផ្លាស់ប្តូរក្នុងវិស័យការអប់រំ។
ក្រៅពីខួបលើកទី៥ នៃកិច្ចសន្ទនាយុទ្ធសាស្ត្ររុស្ស៊ី-អាស៊ាន ឆ្នាំនេះអន្តរកម្មអន្តរសាសនារវាងប្រទេសយើងទាំង ២ បានអភិវឌ្ឍយ៉ាងសកម្ម។ កាលពីខែមេសាកន្លងទៅ សម្តេច Metropolitan Sergy នៃប្រទេសសិង្ហបុរី និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ បានបំពេញទស្សនកិច្ចនៅខេត្តព្រះសីហនុ និងភ្នំពេញ ហើយបាន ធ្វើពិធីសម្ពោធព្រះវិហារ St. George នៅរាជធានីភ្នំពេញ។
ការពង្រីកអន្តរកម្មរវាងព្រះពុទ្ធសាសនិកត្រូវបានពិភាក្សាក្នុងអំឡុងពេល គណៈប្រតិភូនៃសភាស៊ីវិលនៃសហព័ន្ធរុស្ស៊ីមកកម្ពុជា ដើម្បីសង្កេតមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ ២០២៣។ ការចូលរួមរបស់តំណាងកម្ពុជាក្នុងវេទិកាព្រះពុទ្ធសាសនាអន្តរជាតិនៅតំបន់ Buryatia ជាមជ្ឈមណ្ឌលព្រះពុទ្ធសាសនាដ៏សំខាន់មួយនៅលើពិភពលោកក៏ជួយដល់ការអភិវឌ្ឍទំនាក់ទំនងនេះ។
អន្តរកម្មបែបនេះ គឺជាភ័ស្តុតាងនៃចំណងប្រវត្តិសាស្ត្រដ៏ស៊ីជម្រៅនៃប្រទេសយើងជាមួយវប្បធម៌អឺរ៉ុប និងវប្បធម៌ផ្សេងទៀតនៃអឺរ៉ាស៊ី ហើយឆ្លុះបញ្ចាំងពីបទពិសោធន៍ដ៏យូរអង្វែង នៃសន្តិសហវិជ្ជមានរបស់មនុស្ស ភាសា និងសាសនាផ្សេងៗគ្នា។
ក្នុងបរិបទនៃមហិច្ឆតាបន្តពង្រីកចំណងមិត្តភាពដ៏យូរអង្វែងរវាងរដ្ឋយើងទាំង ២ យើងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះជំនួយរបស់ថ្នាក់ដឹកនាំកម្ពុជាក្នុងការរៀបចំនៅវត្តដូនធី នៅខេត្តកំពង់ចាមនូវពិធីគោរពវិញ្ញាណក្ខន្ធលើកទី៤០ ឆ្នាំ អតីតអ្នកជំនាញការកសិកម្មនៃសហភាពសូវៀត ៨ រូប និងអ្នកឯកទេសកម្ពុជា ១ រូបដែល ត្រូវបានសម្លាប់ដោយពួកខ្មែរក្រហម។
អន្តរកម្មរុស្ស៊ី-អាស៊ាន បានប្រារព្ធខួបលើកទី៣០ ឆ្នាំ ប៉ុន្តែទំនាក់ទំនងរបស់ប្រទេសយើងជាមួយបណ្តារដ្ឋក្នុងតំបន់មានប្រវត្តិដ៏យូរអង្វែង។ សហភាពសូវៀត ដែលរុស្ស៊ីជាប្រទេសស្នង បានគាំទ្រប្រជាជនអាស៊ី អាគ្នេយ៍ក្នុងការតស៊ូប្រឆាំងអាណានិគមនិយម ហើយបន្ទាប់មកបានរួមចំណែកដល់ការបណ្តុះបណ្តាលធនធានមនុស្ស និងការកសាងហេដ្ឋារចនាសម្ព័ន្ធនៃរដ្ឋដែលសម្រេចបានឯករាជភាព។
មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងវិទ្យាស្ថានបច្ចេវិទ្យាកម្ពុជាធ្វើជាភ័ស្តុតាង នៃជំនួយនេះនៅកម្ពុជា ដែលបន្តបម្រើជាប្រយោជន៍ប្រជាជនកម្ពុជា។ ពិធីគោរពវិញ្ញាណក្ខន្ធអតីតអ្នកជំនាញការកសិកម្មនៃសហភាពសូវៀត ដែលបានបាត់បង់ជីវិត គឺជាភ័ស្តុតាងមួយនៃការចងចាំរបស់ប្រជាជនកម្ពុជាអំពីជំនួយរបស់សហភាពសូវៀត បន្ទាប់ពីការរំដោះពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ យុគសម័យនោះពិតជាបានបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំនៃទំនុកចិត្ត និងមិត្តភាពដែលរុស្ស៊ីនៅតែថែរក្សា។
កម្ពុជាជាសមាជិកដ៏សំខាន់មួយនៃអាស៊ាន។ ប្រទេសរបស់យើងមាន គោលបំណងបន្តពង្រីកអន្តរកម្មគ្រប់ជ្រុងជ្រោយ ជាមួយបណ្តារដ្ឋអាស៊ាន និងគាំទ្រដល់រចនាសម្ព័ន្ធសន្តិសុខ និងការអភិវឌ្ឍក្នុងតំបន់ដែលត្រូវបានបង្កើតឡើងនៅជុំវិញ។ នៅក្នុងលក្ខខណ្ឌនៃការផ្លាស់ប្តូរពិភពលោកដ៏ធំធេងទំនាក់ទំនងដ៏ជិតស្និទ្ធ ភាពជាដៃគូ ការគិតគូរពីផលប្រយោជន៍គ្នាទៅវិញទៅមក ការរក្សាអត្តសញ្ញាណ អរិយធម៌ និងលទ្ធភាពអភិវឌ្ឍន៍ស្មើៗគ្នា គឺជាមូលដ្ឋាននៃការបង្កើតពិភពលោកពហុប៉ូលត្រឹមត្រូវ៕
អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា