ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសគាំទ្រចំពោះយុទ្ធនាការ ការកាត់បន្ថយការប្រើប្លាស្ទិក ដែលបានដាក់ចេញដោយក្រសួងបរិស្ថាន ជាពិសេសយុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ខណៈមកដល់ពេលនេះ មានអ្នកចូលរួមយុទ្ធនាការនេះជាង ៣លាន៥ សែននាក់ ផងដែរនៅទូទាំងប្រទេស។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសគាំទ្រដូចនេះ ក្នុងឱកាសចូលរួមបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។
លោកបានលើកឡើងថា កំណើននៃការប្រើប្រាស់ និងកើនឡើងនូវសំណល់ប្លាស្ទិក ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយជាសកល ខណៈការប្រើប្រាស់ប្លាស្ទិកពុំមានការគ្រប់គ្រងសំណល់ឱ្យបានត្រឹមត្រូវបានបង្កឱ្យការបំពុលប្លាស្ទិកទៅក្នុងបរិស្ថាន ដែលបណ្តាលឱ្យមានផលប៉ះពាល់ដល់សុខភាពមនុស្ស និងជីវៈចម្រុះផ្សេងៗទៀត ក៏ដូចជាការបាត់បង់សោភណភាពបរិស្ថានជាដើម។
លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ៖ «ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការការកាត់បន្ថយការប្រើប្លាស្ទិក ដែលក្រសួងបរិស្ថានបានដាក់ចេញនាពេលថ្មីៗនេះ ជាពិសេសយុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលរួមចំណែកផ្លាស់ប្តូរឥរិយាបថរបស់ប្រជាជន ចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកប្រចាំថ្ងៃនៅកម្ពុជា»។
តាមការស្រាវជ្រាវជាសកល សំណល់ប្លាស្ទិក ជាពិសេសមីក្រូប្លាស្ទិក ត្រូវបានរកឃើញនៅក្នុងត្រី ប្រភពទឹកដែលអាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងទាមទារឱ្យពិភពលោកយកចិត្តទុកដាក់បន្ថែមក្នុងការដោះស្រាយបញ្ហាបំពុលដោយប្លាស្ទិកនេះ។
បើតាមលោកនាយករដ្ឋមន្ត្រី លោកសង្កេតឃើញមានការចូលរួមយុទ្ធនាការនេះច្រើនពីវិស័យឯកជនផងដែរ ដែលកិច្ចការងារមួយនេះបានដំណើរការច្រើន និងបានទទួលការចូលរួមពីប្រជាពលរដ្ឋ និងវិស័យឯកជនជាច្រើនតាមរយៈការមិនប្រើប្លាស្ទិក។
យោងតាមក្រសួងបរិស្ថាន បានឱ្យដឹងថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា» និង«លាហើយប្លាស្ទិក» គិតចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ មានអ្នកចូលរួមសរុបចំនួន ៣ ៥២៨ ៨៣២នាក់។
ក្រសួងបានបន្តទៀតថា ក្នុងនោះរួមមានលោកគ្រូអ្នកគ្រូសរុបចំនួន១២៤ ៤៧៧នាក់ សិស្សានុសិស្សសរុបចំនួន ៣ ១៤៦ ៤៥០ នាក់ កម្មករកម្មការិនី សរុបចំនួន ១៩៥ ៨៦១ នាក់ និងអ្នកចូលរួមផ្សេងៗទៀត សរុបចំនួន ៤១៤ ៣៥៩នាក់ ដោយផ្សព្វផ្សាយសរុបបានចំនួន ១១ ០៣២លើក ក្នុងសាលារៀនសរុបចំនួន ៧ ៦៧៨សាលា រោងចក្រចំនួន ២៨២ វត្តអារាម ៣៥ និងសហគមន៍ទីប្រជុំជនចំនួន ៧៧កន្លែង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះដែរ ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក៏ទទួលបានការគាំទ្រពីរាជធានី ខេត្តចំនួន១១បន្ថែមទៀត តាមរយៈការចុះអនុស្សរណៈយោគយល់ (MoU) រវាងក្រសួងបរិស្ថាន និងរដ្ឋបាលរាជធានី ខេត្តទាំង១១នេះ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។
រាជធានីខេត្តទាំង១១នោះរួមមាន រាជធានីភ្នំពេញ ខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កំពង់ធំ ព្រះវិហារ សៀមរាប បាត់ដំបង បន្ទាយមានជ័យ និងឧត្តរមានជ័យ៕