រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានប្រកាសដាក់ឱ្យអនុវត្តស្តង់ដាសាលាមត្តេយ្យសិក្សាគំរូ និងប្រកាសស្តីពីការប្រែក្លាយថ្នាក់មត្តេយ្យសិក្សាសហគមន៍ជាឧបសម្ព័ន្ធគ្រឹះស្ថាន មត្តេយ្យសិក្សា ឬបឋមសិក្សាសាធារណៈ សំដៅលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។
ការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២១ខែធ្នូ ឆ្នាំ ២០២៣ ក្រោមអធិបតីភាពលោក ហង់ជួន ណារ៉ុន ព្រមទាំងមានការចូលរួមពីមន្ត្រីជំនាញ និងតំណាងអង្គភាពពាក់ព័ន្ធនៃក្រសួងអប់រំ មន្ត្រីជំនាញនៃមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត និងនាយិកាសាលាមត្តេយ្យសិក្សារដ្ឋគោលដៅតំណាងដៃគូអភិឌ្ឍសរុបចំនួន ៤៤៥នាក់។
ទន្ទឹមនឹងនេះ ក៏មានការរៀបចំសិក្ខាសាលាពាក់ព័ន្ធស្តង់ដាសាលាមត្តេយ្យសិក្សាគំរូផងដែរ ដើម្បីពិភាក្សា និងចែករំលែកបទពិសោធន៍ការអនុវត្តជាក់ស្ដែង។ នេះបើតាមក្រសួងអប់រំ យុវជន និងកីឡា។
លោក ហង់ជួន ណារ៉ុន បានលើឡើងថា៖ «ស្ថិតក្នុងបរិបទនៃការរីកចម្រើនជាបន្តបន្ទាប់របស់ពិភពលោក នាពេលបច្ចុប្បន្ននេះ ការអប់រំកុមារតូចបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំ និងមិនអាចខ្វះបានក្នុងការអភិវឌ្ឍមូលធនមនុស្ស»។
បើតាមលោករដ្ឋមន្ត្រី ការស្រាវជ្រាវជាច្រើនបានឱ្យដឹងថា កុមារដែលបានទទួលសេវាអប់រំកម្រិតមត្តេយ្យសិក្សា តែងតែបានចូលរៀននៅកម្រិតបឋមសិក្សាដោយជោគជ័យហើយភាគច្រើន រៀនចប់បឋមសិក្សាដោយពុំមានការត្រួតថ្នាក់ និងបោះបង់ការសិក្សាឡើយ។
លោកបញ្ជាក់ថា៖ «ក្នុងវ័យដំបូងរបស់កុមារ គឺជាអំឡុងពេលដែលមាតាបិតា ឬអ្នកផ្តល់សេវាអប់រំ កុមារតូចត្រូវផ្តល់អាហារូបត្ថម្ភ ឱ្យបានគ្រប់គ្រាន់ដើម្បីឱ្យកោសិកាខួរក្បាល មានការលូតលាស់បានល្អ ព្រោះក្នុងដំណាក់កាលដំបូងនេះ កោសិកាខួរក្បាលកុមារ មានការលូតលាស់យ៉ាងឆាប់រហ័ស ក្នុងការអភិវឌ្ឍ និងការបណ្តុះបំណិនផ្សេងទៀត»។
បំណិនទាំងនោះរួមមានដូចជា បំណិនសង្គម ភាពក្លាហាន ភាពអំណត់ វិន័យ សីលធម៌ ឥរិយាបថ និងបំណិនទំនាក់ទំនងរបស់កុមារ ដែលដើរតួនាទីយ៉ាងសំខាន់សម្រាប់ការធានា ជោគជ័យក្នុងជីវិតរបស់កុមារ។
សូមបញ្ជាក់ដែរថា ក្រសួងអប់រំ យុវជន និងកីឡា បានសម្រួចវិធានការលើកកម្ពស់គុណភាព និងភាពឆ្លើយតបសេវាអប់រំ តាមរយៈការលើកកម្ពស់វិជ្ជាជីវៈគ្រូបង្រៀន និងការលើកទឹកចិត្ត ព្រមទាំងបង្កើនស្វ័យភាព គណនេយ្យភាព និងភាពជាអ្នកដឹកនាំក្នុងការគ្រប់គ្រងសេវាអប់រំគ្រប់លំដាប់ថ្នាក់ សំដៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០។
ក្នុងនោះគោលដៅទី៤.២ បានកំណត់ថា ត្រឹមឆ្នាំ២០៣០ ធានាថាកុមារី និងកុមារាទាំងអស់ទទួលបានការអប់រំកម្រិតមត្តេយ្យសិក្សា ការថែទាំ និងការអភិវឌ្ឍកុមារតូចប្រកបដោយគុណភាព ដើម្បីពួកគេត្រៀមខ្លួនជាស្រេចសម្រាប់ការអប់រំកម្រិតបឋមសិក្សា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្តល់ជាអនុសាសន៍ពេលកន្លងមក ដោយបានដាក់ចេញវិធានការគន្លឹះចំនួន៤ ក្នុងគោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា រួមមាន ១ ការពង្រឹង អភិបាលកិច្ចសាលារៀន ២ ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា, និងសកម្មភាព ក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថ របស់សិស្ស។
អនុសាសន៍ទី៣ ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងទី៤ ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីការអប់រំ»៕