រដ្ឋមន្ត្រី​ក្រសួង​ការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈលោក ហេង សួរ បានលើកឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា បានតាំងចិត្ត​ក្នុងការកាត់បន្ថយ​ការធ្វើ​ចំណាកស្រុក​ដោយខុស​ច្បាប់​តាមរយៈ​យន្តការ​ផ្តល់ភាព​ងាយស្រួល មិនស្មុគស្មាញ​ចំពោះ​ពលករ និងការផ្តល់​អត្ថប្រយោជន៍​ខ្ពស់​តាមរយៈ​ការធ្វើ​ចំណាកស្រុក​ដោយ​ស្របច្បាប់។ 

លោក ហេង សួរ បានថ្លែង​បែបនេះ នៅក្នុង​ពិធី​បើក​ទិវាអន្តរជាតិ​សម្រាប់​ទេសន្តរ​ប្រវេសករ​ឆ្នាំ២០២៣ ដោយមាន​ការចូលរួម​ពីលោកស្រី ជូ ប៊ុនអេង អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើជួញ​ដូរមនុស្ស លោកស្រី Kristin Parco ប្រធាន​បេសកកម្ម​របស់​អង្គការ​អន្តរជាតិ​ទេសន្តរ​ប្រវេសន៍ (IOM) ឯកអគ្គ​រាជទូត និងរដ្ឋទូត​នៅកម្ពុជា​មួយចំនួន និងមន្ត្រីជាន់ខ្ពស់​នៃបណ្តា​ក្រសួង-មន្ទីរ និងសង្គម​ស៊ីវិល​ពាក់ព័ន្ធ​សរុប​ប្រមាណ ២០០ រូប នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៣។

យោងតាម​ការជូនដំណឹង​របស់​ក្រសួង​ការងារ នាឱកាសនោះ លោក ហេង សួរ បានថ្លែង​ថា រាជរដ្ឋាភិបាល​កម្ពុជា ពិតជាមាន​ការតាំងចិត្ត និងឆន្ទៈ​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក​ដោយខុស​ច្បាប់ និងលើកកម្ពស់​ការពារ​សិទ្ធិពលករ​កម្ពុជា​ដែលធ្វើការ​នៅបរទេស​ថែមទៀតផង។  

លោក​ថា៖«បន្ថែមពីនេះ រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​ក្រសួង​ការងារ​ជាសេនាធិការ បានពង្រាយ និងពង្រីក​ជាបន្តបន្ទាប់​នូវអនុព័ន្ធ​ការងារ​នៅតាម​បណ្តាប្រទេស​គោលដៅ​ដែលពលករ​កម្ពុជា​កំពុងមាន​វត្តមាន​ដើម្បី​ដោះស្រាយ​បញ្ហា និងការពារ​សិទ្ធិជូនពលករ​ក្នុងករណី​មានការ​រំលោភ​បំពាន»។

លោកបញ្ជាក់​ថា ទាំងនេះ​គឺសុទ្ធសឹងតែ​ជាការបង្ហាញ​ពីការតាំងចិត្ត និងការប្តេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាល​ដែលមិនព្រងើយ​កន្តើយ​ចំពោះពលករ​កម្ពុជា​នៅបរទេស​ឡើយ។

លោករដ្ឋមន្រ្តី​ក៏បានគូស​បញ្ជាក់ថា ក្នុងអាណ្តតិ​ទី៧នេះ ផ្នែក​ទេសន្តរ​ប្រវេសន៍ បានក្លាយជា​កម្មវិធី​ដ៏សំខាន់​និងជាអាទិភាព​សម្រាប់​ក្រសួង​ក្នុងការយក​ចិត្តទុកដាក់​ដើម្បី​លើកកម្ពស់ និងគាំពារ​សិទ្ធិពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស ក៏ដូចជា​ជនបរទេស​ដែលធ្វើការ​នៅ​កម្ពុជា។

យ៉ាងណាមិញ លោក ហេង សួរ បានអំពាវនាវ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​បន្តចូលរួម​សហការ​យ៉ាងជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល ក៏ដូចជា​មួយ​ក្រសួង​ការងារ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ មានក្រម​សីលធម៌ និងមនសិកា​វិជ្ជាជីវ:​ដើម្បីរួមគ្នា​សម្រេចបាន​នូវគោលដៅ​រួមដែល​ចង់បាន​ការការពារ​សិទ្ធិ និងអត្ថប្រយោជន៍​ស្របច្បាប់​នានា​ជូនពលករ​ទេសន្តរ​ប្រវេសន៍។

កាលពី​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២៣ កម្ពុជា​បានសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវការ​នូវ​មជ្ឈមណ្ឌល​សំចត និងស្តារនីតិ​សម្បទា​ជនរងគ្រោះ​ប៉ោយប៉ែត ដែលជាសក្ខីភាព​បង្ហាញ​នូវ​វឌ្ឍនភាព និងសមិទ្ធផល​ថ្មីមួយ​បន្ថែមទៀត លើវិស័យ​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ​សម្បទា ដែលផ្តោត​សំខាន់​លើកិច្ចការពារ​ជនរងគ្រោះ​ដោយអំពើ​ជួញដូរ​មនុស្ស និងពលករ​ខុស​ច្បាប់។

រដ្ឋមន្រ្តី​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី បានបញ្ជាក់​ថា ការបង្កើត និងសាងសង់​ហេដ្ឋា​រចនាសម្ព័ន្ធ​ថ្មី​របស់​មជ្ឈមណ្ឌល​សំចត​នេះ គឺជាទឡ្ហីករណ៍មួយ​បង្ហាញពី​ការយក​ចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការអនុវត្ត​គោលនយោបាយ ផែនការ​យុទ្ធសាស្ត្រ និងកម្មវិធី​សំដៅ​ផ្តល់​កិច្ចគាំពារ និងគាំទ្រ​នូវសេចក្តី​ត្រូវការ​ចាំបាច់​របស់​ជនរងគ្រោះ ដោយ​អំពើ​ជួញដូរ​មនុស្ស កម្លាំង​ពលកម្ម តាមរយៈ​ការផ្តល់​សេវា​សមស្រប ទប់ស្កាត់​រាល់អំពើ​ជួញដូរ​មនុស្ស​ក្នុង​ប្រទេស និងឆ្លងកាត់​ព្រំដែន៕

លោក ហេង សួរ ក្នុង​ពិធី​បើក​ទិវាអន្តរជាតិ​សម្រាប់​ទេសន្តរ​ប្រវេសករ​ឆ្នាំ២០២៣ ។​ រូប ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ