លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានស្នើឱ្យក្រសួងរៀបចំដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន រៀបចំកម្មវិធីផ្លាស់ប្តូរចំណេះដឹង និងជំនាញ បទពិសោធ និងបច្ចេកវិទ្យាលើហេដ្ឋារចនាសម្ព័ន្ធ របស់ប្រទេសជប៉ុន ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន នៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
លោកបានស្នើបែបនេះ នៅក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។
ជាមួយគ្នានោះដែរ លោក ហ៊ុន ម៉ាណែត ក៏បានស្នើមិត្តជប៉ុនជួយពិនិត្យលទ្ធភាពក្នុងការគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាននៅកម្ពុជាបន្ថែមទៀត។ ក្នុងនោះមានដូចជា គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ១ ពីភ្នំពេញ ទៅដល់ស្ពានហ្សឹបាសា (ស្ពានអ្នកលឿង) និងគម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ ក្តីតាកុយ-ទៅអរិយក្សត្រ ដែលបច្ចុប្បន្នទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានកំពុងពិនិត្យសំណើរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនដែលបានស្នើរួចហើយ។
លោកក៏បានរំលេចឡើងផងដែរថា ត្រឹមរយៈពេលប៉ុន្មានខែមកនេះ កម្ពុជា និងជប៉ុនបានសម្ពោធសមិទ្ធផលរួមគ្នាជាច្រើន ដែលនេះហើយជានិមិត្តរូបដ៏សំខាន់នៃការអបអរសាទរនៃខួបទី៧០ ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន។ លោកបានមានប្រសាសន៍ថា៖ «មានន័យថាការបន្តរីកចម្រើន ពូនជ្រំនូវទំនាក់ទំនងដោយលេចចេញនូវផ្លែផ្កានៅលើដីសម្រាប់ប្រទេសទាំង២ និងប្រជាជនទាំង២»។
សូមរំឭកថា នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្រ្តីជប៉ុន បានសន្យាធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត គ្រប់ជ្រុងជ្រោយ តាមរយៈគម្រោងកិច្ចសហប្រតិបត្តិការជាក់ស្ដែងលើគ្រប់វិស័យ ខណៈដែលនាយករដ្ឋមន្ត្រីទាំង២ ក៏បានទទួលស្គាល់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរួមគ្នាផងដែរ។
ប្រទេសទាំង២ បានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត នៅក្នុងឆ្នាំនេះ ដោយនាយករដ្ឋមន្ត្រីទាំង២បានសន្យាធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ តាមរយៈគម្រោងកិច្ចសហប្រតិបត្តិការជាក់ស្ដែងលើគ្រប់វិស័យ។
រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉េង ពោធិ៍នា ក៏បានលើកឡើងនាឱកាសនោះដែរថា ជានិច្ចកាល កម្ពុជាបានចាត់ទុកជប៉ុនគឺជាមិត្តដ៏ល្អ និងជាដៃគូយុទ្ធសាស្រ្តដែលបានជួយដល់កម្ពុជាយ៉ាងច្រើនសន្ធឹកសន្ទាប់លើការអភិវឌ្ឍវិស័យជាច្រើន ក្នុងនោះរួមមានផងដែរនូវវិស័យហេដ្ឋារចនា សម្ព័ន្ធផ្លូវ ស្ពាន វិស័យកំពង់ផែជាដើម៕