លោក​ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​ ២២ ខែធ្នូ ឆ្នាំ​ ២០២៣​ នេះ បានសម្រេច​បណ្ដេញមន្ដ្រីនគរបាល​ចំនួន ១១​ រូប ពី​ក្របខ័ណ្ឌ​មន្ដ្រី​នគរបាលជាតិ ដោយ​មូលហេតុ ល្មើស​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ ពោលគឺ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន។

ការប្រកាស​បណ្ដេញចេញ​មន្ដ្រី​នគរបាលជាតិ​ទាំង​១១​នាក់ ចេញពី​ក្របខ័ណ្ឌ​នេះ ជា​កម្លាំង​ស្ថិតក្រោម​ឱវាទ​ស្នងការដ្ឋាន​នគ​របាល​ខេត្តព្រៃវែង និង​ចំណុះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្រសួងមហាផ្ទៃ​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងមហាផ្ទៃ​។

ជុំវិញ​បញ្ហា​នេះ លោក ទូច សុ​ឃៈ (​សុ​ខៈ​) អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បានឱ្យដឹងថា នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ថ្មី សម្រេច​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​បន្ទាប់​ធ្វើតេស្ត​ឃើញ​មាន​សារធាតុ​ញៀន​។ ក្នុង​នីតិកាល​កន្លងទៅ អតីតរដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ក៏បាន​អនុវត្ត​វិធានការ​នេះ​យ៉ាងសកម្ម និង​តឹងរ៉ឹង​ផងដែរ​។ លោក​បាន​សង្កត់ធ្ងន់ថា នៅមាន​មួយចំនួន​បន្តបន្ទាប់​ទៀត​ដែល​អង្គភាព​ចំណុះ​ក្រសួងមហាផ្ទៃ​បាន​រកឃើញ និង​កំពុង​បន្ត​នីតិវិធី​ជំនាញ ពាក់ព័ន្ធ​នគរបាល​ប្រើប្រាស់​គ្រឿងញៀន​។

បើតាម​សេចក្តីបំភ្លឺ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង នៅ​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ ២០២៣ បញ្ជាក់ថា ដោយមាន​ការចង្អុល​ដឹកនាំ​ពី លោក ស ថេត អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា ចាប់ពី​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២៣ ស្នងការដ្ឋាន នគរបាល​ខេត្តព្រៃវែង បើក​យុទ្ធនាការ​ធ្វើតេស្ត​ស្វែងរក​សារធាតុ​គ្រឿងញៀន ពី​លោកស្នងការ លោក​-​លោកស្រី ស្នងការរង លោកនាយ​ការិយាល័យ បណ្តា​អធិការដ្ឋាន​នគរបាល​ក្រុង​-​ស្រុក​ទាំង ១៣ វរ​នគរបាល​ការពារ​ព្រំដែន​លេខ ៦០៧ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង ១១៦ និង​មន្ត្រីនគរបាល​ទូទាំង​ខេត្តព្រៃវែង​។ ជា​លទ្ធផល​គិត​ត្រឹម​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២៣ ក្រុមការងារ បាន​ស្វែង​រកឃើញ​មន្ត្រីនគរបាល​ដែលជា​អ្នកប្រើប្រាស់​គ្រឿងញៀន ចំនួន ១១​នាក់​»​។

ប្រភព​ដដែល​បន្តថា​៖«​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​បញ្ជូន​មន្ត្រីនគរបាល​ទាំង ១១​នាក់​នោះ ទៅកាន់​មណ្ឌល​ស្តារនីតិសម្បទា ព្យាបាល​បន្សាប​អ្នកញៀន​គ្រឿងញៀន ក្នុងស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​»​។

ជាមួយគ្នា​នោះដែរ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣ ក៏បាន​ចេញ​សេចក្តីជូនដំណឹង​ស្តីពី​ការធ្វើ​តេស្ត​រកសារ​ធាតុ​ញៀន​លើ​មន្ត្រីក្រោមឱវាទ​របស់ខ្លួន​ផងដែរ ដើម្បី​អនុវត្តតាម​ប្រសាសន៍​ណែនាំ​របស់លោក ស សុខា កាលពី​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០២៣ ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ដែល​បាន​ណែនាំ​ឱ្យ​គ្រប់​អង្គភាព​ត្រូវ​រឹតបន្តឹង​ចំពោះ​បញ្ហា​គ្រឿងញៀន និង​មន្ត្រីក្រោមឱវាទ​ដែលមាន​ការពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​។

សេចក្តីជូនដំណឹង​បន្តថា​៖«​ក្នុងន័យនេះ សំដៅ​អនុវត្តតាម​ខ្លឹមសារ​ណែនាំ និង​មាន​វិធានការ​ម៉ឺងម៉ាត់ ចំពោះ​មន្ត្រីនគរបាល​អន្តោប្រវេសន៍ ដែលមាន​ការពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​គ្រឿងញៀន​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នឹង​អនុវត្ត​ការធ្វើ​តេស្ត​រក​សារធាតុ​ជាតិ​ញៀន​លើ​មន្ត្រីក្រោមឱវាទ​ទាំង​ទាំងអស់​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​»​។

ជុំ​វិ​បញ្ហា​នេះ លោក ស សុខា កាលពី​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២៣​បានសម្រេច​អនុវត្ត​វិន័យ​ចំពោះ​លោក សួន តុ​សិ​ត្យ​ពិទូរ្យ នាយរង​ការិយាល័យរ​ដ្ឋ​បាល​-​សរុប នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ចំណុះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ដោយ​ដកហូត​មុខតំណែង ឋានន្តរស័ក្ដិ និង​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរ​ន​បាល​ជាតិ បន្ទាប់ពី​ត្រូវបាន​បាន​រកឃើញ​ជាប់​ពាក់ព័ន្ធ​ការប្រើប្រាស់​ហិង្សា រក្សាទុក និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ ប្រព្រឹត្ត​កាលពី​ខែកញ្ញា ឆ្នាំ​២០១៩​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួងបរិស្ថាន កាលពី​ថ្ងៃទី​២១ ធ្នូ​នេះ បានប្រកាស​ពី​ការ​បន្សុទ្ធ​កម្លាំងប្រដាប់អាវុធ​ទាំងអស់​កុំឱ្យ​មាន​គ្រឿងញៀន ដោយ​ត្រូវ​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ ក្នុងករណី​ដែល​រកឃើញថា​មានការ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​។

លោក​បញ្ជាក់ថា​៖«​ចំពោះ​អ្នកជួញដូរ​គ្រឿងញៀន គឺ​ត្រូវ​ប្រឈម​ជាមួយ​ច្បាប់​និង​បណ្តេញ​ពី​ក្របខ័ណ្ឌ ហើយ​ជនបរទេស​បើ​មានការ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន គឺ​ត្រូវ​អនុវត្តន៍​តាមច្បាប់រ​បស់​កម្ពុជា​នឹងត្រូវ​បណ្តេញ​ចេញពី​កម្ពុជា​តែម្តង​»៕​