ជប៉ុនបានសន្យាបន្តកិច្ចសហប្រតិបត្តិការល្អៗជាបន្តបន្ទាប់ទៀតជាមួយកម្ពុជា ក្នុងនាមជាប្រទេសដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលមានចំណងមិត្តភាពការទូតអាយុកាល ៧០ ឆ្នាំ ដើម្បីរួមចំណែកសម្រេចចក្ខុវិស័យវែងឆ្ងាយនៃការដឹកនាំកម្ពុជា ឱ្យឆ្ពោះទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។
ការសន្យារបស់ភាគីជប៉ុន តាមរយៈជំនួបទ្វេភាគីរវាងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក អ៊ិស៊ិបាស៊ិ រីនតារ៉ូ (H.E. Mr. ISHIBASHI Rintaro) អនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី២២ខែធ្នូ ឆ្នាំ ២០២៣។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។
កិច្ចពិភាក្សាដោយផ្តោតសំខាន់លើចំណុចសំខាន់ៗមួយចំនួនរួមមាន (១) ការរៀបចំតាក់តែងផែនការមេសម្រាប់វិស័យកំពង់ផែនៅកម្ពុជា (២) យុទ្ធសាស្ត្ររយៈពេលវែងរបស់កម្ពុជាស្តីពីអព្យាក្រឹតកាបូន (៣) ផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភ័ស្តុភារកម្ម ២០២៣-២០៣៣។(៤) ការបន្តកិច្ចសហប្រតិបត្តិការ និងបន្តផ្តល់ការគាំទ្រ លើការអនុវត្តគម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី២ និងជំហានទី៣ ឱ្យបានលឿនតាមផែនការដែលបានគ្រោងទុក (៥)ការសិក្សាគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ១ និងគម្រោងសិក្សាស្ពានតភ្ជាប់ពីតំបន់ក្តីតាកុយ ទៅកាន់អរិយក្សត្រ និង (៦) ការលើកកម្ពស់គុណភាពអប់រំរបស់ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ឱ្យទៅជាគ្រឹះស្ថានអប់រំឆ្លាតវៃ។
នាពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ កាលពីថ្ងៃទី២២ខែធ្នូ ឆ្នាំ ២០២៣ លោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានថ្លែងថា ប្រទេសជប៉ុនគឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់មួយរបស់កម្ពុជាដែលជានិច្ចកាល បានជួយដល់កម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់លើការអភិវឌ្ឍវិស័យជាច្រើន ហើយកម្ពុជាបានចាត់ទុកជប៉ុនគឺជាមិត្តដ៏ល្អ។
លោកបន្តថា ការជួយរបស់ជប៉ុន ក្នុងនោះរួមមានផងដែរនូវវិស័យ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន វិស័យកំពង់ផែ ជាពិសេសការអភិវឌ្ឍនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះតែម្តង។
លោកថា៖«មានជាអាទិ៍ដូចជា ការសាងសង់ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ, ការអភិវឌ្ឍសមត្ថភាពនៃការគ្រប់គ្រង និងប្រតិបត្តិការចំណតផែ, ការសាងសង់តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែ, ការសាងសង់ឃ្លាំងស្តុកទំនិញកុងតឺន័រ, ការធ្វើឱ្យប្រសើរឡើងសមត្ថភាពរដ្ឋបាលកំពង់ផែ, ការសិក្សាសមិទ្ធិលទ្ធភាព និងរៀបចំផែនការមេកំពង់ផែ និងការផ្គត់ផ្គង់ឧបករណ៍គ្រឿងចក្រលើកដាក់នៅកំពង់ផែជាដើម»៕