ក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២៣ អង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលសាលាខេត្តស្វាយរៀង បានផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋជាង ២ ម៉ឺនសេវា ខណៈការិយាល័យច្រកចេញចូលតែមួយថ្នាក់ក្រុង ស្រុកទាំងអស់ កំពុងបន្តផ្ដល់សេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ នេះបើតាមការចុះផ្សាយរបស់ក្រសួងមហាផ្ទៃនៅថ្ងៃទី២៣ ខែធ្នូនេះ។
លោកស្រី អ៊ុក ចិន្តា អនុប្រធានអង្គភាពច្រកចេញចូលតែមួយខេត្តស្វាយរៀង បានប្រាប់ថា ក្នុងរយៈពេល ៦ខែចុងក្រោយ គិតចាប់ពីថ្ងៃទី២៦ ខែឧសភា ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ អង្គភាពច្រកចេញចូលតែមួយខេត្ត បានផ្ដល់សេវាជូនប្រជាពលរដ្ឋប្រមាណជាង ២ ម៉ឺន ៦ពាន់ សេវា។
លោកស្រីបានឱ្យដឹងថា អង្គភាពច្រកចេញចូលតែមួយខេត្តខេត្តស្វាយរៀង ទទួលបន្ទុកផ្ដល់សេវាជូនប្រជាពលរដ្ឋ ចំនួន១៤ វិស័យ រួមមាន ការងារនីត្យានុកូលកម្ម ការងាររដ្ឋបាល សុខាភិបាល ទេសចរណ៍ សាធារណការ និងដឹកជញ្ជូន វប្បធម៌ និងវិចិត្រសិល្បៈ ព័ត៌មាន បរិស្ថាន ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រ៉ែ និងថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
លោកស្រីបន្តថា ក្នុងចំណោមសេវា ដែលអង្គភាពច្រកចេញចូលតែមួយខេត្តបានផ្តល់សេវាច្រើនជាងគេនោះគឺ វិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រហូតដល់ទៅ ១៧ ៣៤៤សេវា ក្នុងនោះ ការងារសំណង់មាន ១០សេវា និងការងារសូរិយាដីមាន ១៧ ៣៣៤សេវា។ សម្រាប់វិស័យបន្ទាប់ដែលអង្គភាពច្រកចេញចូលតែមួយខេត្តបានផ្ដល់ជូនប្រជាពលរដ្ឋបានច្រើនដែរនោះ គឺវិស័យកសិកម្ម មានជាង ៥ពាន់សេវា និងវិស័យសាធារណការ និងដឹកជញ្ជូន ដែលមានប្រមាណជិត ២ពាន់សេវា។
បើតាម លោកស្រី អ៊ុក ចិន្តា ក្នុងចំណោមវិស័យដូចបានបញ្ជាក់ខាងលើមកនេះ ក៏មានវិស័យដែលទទួលបានការស្នើសុំសេវាពីប្រជាពលរដ្ឋក្នុងចំនួនតិចតួច និងវិស័យដែលមិនទាន់ទទួលបានការស្នើសុំសេវាពីពលរដ្ឋ ក្នុងរយៈពេល ៦ខែ ដូចគ្នានោះ។ តួយ៉ាងវិស័យបរិស្ថាន ផ្ដល់បានចំនួន១ វិស័យរ៉ែ និងថាមពល ផ្ដល់បានចំនួន៣ វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ផ្ដល់បានចំនួន៣ និងវិស័យសុខាភិបាលផ្ដល់បានចំនួន៩ ខណៈវិស័យដែលនៅមិនទាន់បានការស្នើសុំសោះពីប្រជាពលរដ្ឋក្នុងរយៈពេល ៦ខែ ដូចគ្នានោះ មានវិស័យវប្បធម៌ និងវិចិត្រសិល្បៈ និងវិស័យពាណិជ្ជកម្ម។
ជុំវិញវិស័យដែលមិនទាន់ទទួលការស្នើសុំសេវាពីពលរដ្ឋ លោកស្រីអនុប្រធានអង្គភាពច្រកចេញចូលតែមួយខេត្តស្វាយរៀងរូបនេះ បានពន្យល់ថា «វិស័យវប្បធម៌ និងវិចិត្រសិល្បៈ គឺក្រសួងបានវិមជ្ឈការមកឱ្យច្រកយើងចំនួន ១សេវា គឺសេវាស្នើសុំការប្រគំតន្ត្រីអន្តរជាតិ ដែលខេត្តយើងមិនទាន់មានការប្រគំតន្ត្រីលំដាប់នេះទេ មានតែការប្រគំតន្ត្រីជាតិ ដែលផ្ដល់ដោយការិយាល័យច្រកចេញចូលតែមួយក្រុង-ស្រុក។ ចំណែកវិស័យពាណិជ្ជកម្ម យើងទទួលពីក្រសួង១សេវា ហើយមួយឆ្នាំមានពលរដ្ឋស្នើសុំតែមួយទេ គឺសេវាផ្ដល់លិខិតអនុញ្ញាតលក់ផលិតផល ឬលក់ទំនិញជារូបិយបណ្ណបរទេស»។
ជុំវិញការងារនេះ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) កន្លងទៅបានថ្លែងថា ក្រសួងបាននិងកំពុងបន្តយកចិត្តទុកដាក់ដឹកនាំ និងណែនាំឱ្យរដ្ឋបាលខេត្តខិតខំសម្របសម្រួលជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ ដើម្បីពន្លឿនការផ្ទេរសេវានានាដែលនៅសេសសល់មកឱ្យអង្គភាពច្រកចេញចូលតែមួយ និងលើកកម្ពស់ការបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីដែលបំពេញការងារនៅតាមយន្តការច្រកចេញចូលតែមួយឱ្យបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។
សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានសហការសម្របសម្រួលជាមួយក្រសួង ស្ថាប័ននានា រៀបចំដាក់ឱ្យដំណើរការនូវការផ្តល់សេវានៅតាមអង្គភាព និងការិយាល័យច្រកចេញចូលតែមួយនៅគ្រប់រាជធានីខេត្ត និងក្រុង ស្រុក ខណ្ឌទូទាំងប្រទេស ព្រមទាំងបានដាក់ឱ្យដំណើរការនូវយន្តការច្រកចេញចូលតែមួយនៅថ្នាក់ឃុំ សង្កាត់ ដើម្បីធានាផ្តល់សេវាជូនប្រជាជនឱ្យកាន់តែងាយស្រួល ឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាព៕