ភ្នំពេញៈ ​កីឡា​ករ​របស់​កម្ពុជា​ព្រំ ​សំណាង បាន​បង្ហាញ​ពី​កាយ​វិការ​ដ៏​កម្រ​មួយ​ដោយ​រូប​គេបាន​លុត​ជង្គង់បង្ហាញ​ការ​សុំ​ទោស​ទៅ​ដល់​អ្នក​ប្រដាល់​របស់​អាមេ​រិក ​Harry Lopez ដែល​មាន​របួស​បែក​យ៉ាង​ធំ ​ក្រោម​ការ​វាយ​កែង​របស់​ខ្លួននៅ​ក្នុង​ការ​ប្រកួត​អន្តរ​ជាតិ ​Cambodia Kun Khmer KKIF ចំណែក​ម្ចាស់​មេដាយ​មាស​ស៊ី​ហ្គេម​ ២ ​សម័យ​កាល ​បឺត សង្ឃឹម បាន​យក​ឈ្នះ​ជើង​ខ្លាំង​របស់​ថៃ ​Khongsak Phanic ក្នុង​ព្រឹត្តិ​ការណ៍​នេះ​ដែរ​ ដើម្បី​ជា​ការ​សង​សឹក​ឱ្យ​ជន​រួម​ជាតិ ​ដែលខ្លួន​ធ្លាប់​បាន​សន្លប់​ក្រោម​ដៃ​កីឡាករ​ថៃ​ម្នាក់​នេះ​។​

​បើទោះ​បីជា​​មួយ​រយៈ​ចុង​ក្រោយ​នេះ​ ប្រជា​ប្រិយ​របស់​ ព្រំ សំណាង បាន​ធ្លាក់​ចុះ​តាម​រយៈ​ការ​បង្ហាញ​ស្នៀត​ប្រកួត​មិន​សូវ​មាន​ភាព​ទាក់​ទាញ ​ប៉ុន្តែ​ចំពោះ​ការ​ប្រកួត​Cambodia Kun Khmer ដែល​ធ្វើ​នៅ​ភូមិ​វាល​វង់​ ឃុំ​ស្នាអ​ន្សា ​ស្រុក​ក្រគរ ​ខេត្ត​ពោធិ៍​សាត់​ ជាប់​ផ្លូវ​ជាតិ​លេខ ​៥ កាល​ពី​យប់​ថ្ងៃទី​២៣​ ខែធ្នូ​ ព្រំ ​សំណាង ​នៅតែ​បង្ហាញ​ការ​ប្រកួត​បែប​បន្ធូរ​ដៃ​ឱ្យ ​Harry Lopez បើ​ទោះបី​ជា​កីឡា​ករ​របស់​អាមេរិក​រូប​នេះ បាន​ព្យា​យាម​វាយ​សម្រុក​ខ្លាំង​ទៅ​លើ​រូប​គេ​ក៏​ដោយ​។​

​ការ​បង្ហាញ​ការ​សន្តោស​នេះ​ ដោយ​សារ​ការ​វាយ​កែង​របស់​គេបាន​ធ្វើឱ្យ​កីឡា​ករ​ Harry Lopez បែក​នៅ​លើ​ចិញ្ចើម​ខាង​ឆ្វេងតាំង​ពី​ទឹក​ទី​ ១​។

ទោះ​បីជា​យ៉ាង​ណា​ ការ​ស្រែក​បន្ទោ​សខ្លាំងៗ​របស់​អ្នក​គាំទ្រ​ផ្ទាល់​រាប់​ម៉ឺន​នាក់បាន​ជំរុញ​ឱ្យ ​ព្រំ ​សំណាង ចាប់​ផ្តើម​ស្ទុះ​ស្ទា​វាយ​ខ្លាំង​ទៅ​លើ​កីឡា​ករ​របស់​អាមេ​រិ​ក​ម្នាក់​នេះ ​នៅ​ក្នុង​ទឹក​ទី​៣​ចុង​ក្រោយ ដោ​យ​រូប​គេ​បាន​ទាត់​ផ្ទួនៗ​សំដៅ​កញ្ចឹង​ក ​ហើយ​នៅ​ពេល​Harry Lopezបាន​ជម្នះ​ចូល​វាយ​សង​នោះ សំណាង​ បាន​ច្រាស​កែង​សង​ទៅ​វិញ​យ៉ាង​រន្ថើន​។​

​យ៉ាង​ណា​ក៏​ដោយ Harry Lopez មិន​បាន​រាថយ​ចំពោះ​ការ​វាយ​ចូល​ផ្ទៃ​មុខ​ចំនួន​២​កែង​របស់ ​ព្រំ ​សំ​ណាង នោះ​ទេ ​ដោយ​កីឡា​ករ​របស់​អា​មេរិក​ម្នាក់​នេះ ​នៅតែ​ព្យា​យាម​ចូល​វាយ​លុក​ធ្វើ​ឱ្យ ​ព្រំ សំណាង ​ទប់​ចិត្ត​មិន​បាន ហើយ​បាន​វាយ​កែង​ស្តាំ​ចូល​ពេញ​ទំហឹងបណ្តាល​ឱ្យ​ដៃគូ​ម្នាក់​នេះ ​បែក​ដល់​លលា​ដ៍​ក្បាល​ផ្នែក​ខាង​ឆ្វេង​។ ដោយ​មើល​ឃើញ​មុខ​របួស​បែក​ធំ​ និង​មាន​ឈាម​ហូរ​ខ្លាំង​បែប​នេះ ​ព្រំ សំណាង បាន​លុត​ជង្គង់​បង្ហាញ​ការ​សុំ​ទោស​ដល់ ​Harry Lopez បើ​ទោះ​បីជា​អាជ្ញា​កណ្តាល ​មិន​ទាន់​ស្រែក​ឱ្យ​ឈប់​ក៏​ដោយ​។​

​ប៉ុន្តែ​ភ្លាមៗ​បន្ទាប់​ពី​ឃើញ​ ព្រំ សំណាង លុត​ជង្គង់​នោះ ​លោក​អាជ្ញា​កណ្តាល ក៏​ចាប់​ឃាត់​កីឡា​ករ​Harry Lopez ដើម្បី​បញ្ជូន​ឱ្យ​គ្រូ​ពេទ្យ​ពិនិត្យ​មុខ​របួសដែល​បែក​យ៉ាង​ធំ​នេះ ​ហើយ​គ្រូពេទ្យ​សម្រេច​បញ្ឈប់​ការ​ប្រកួត​តែម្តង​។ នៅ​ក្រោយ​កា​រសម្រេច​នេះ Harry Lopez ក៏បាន​លុត​ជង្គង់​ បង្ហាញ​ការ​គោរព​ទៅ​ដល់​ ព្រំ សំណាង វិញ​ ហើយ​បាន​បង្ហាញ​កាយ​វិការ​ទទួល​ស្គាល់​ពី​ការ​វាយ​កែង​ដ៏​មាន​គ្រោះ​ថ្នាក់​របស់ ​សំណាង មុន​ពេល​រូបគេ​ដើរ​ចុះ​ពី​ស​ង្វៀន ​ដើម្បី​ទៅ​ដេរ​មុខ​របួស​ទាំង​២​កន្លែង​នេះ​។​

​ចំពោះ​ការ​លុត​ជង្គង់​សុំ​ទោស​ទៅ​លើ​កីឡា​ករ​អាមេ​រិក Harry Lopez នេះ​ ព្រំ សំណាង បាន​បក​ស្រាយនៅ​ក្រោយ​ការ​ប្រកួត​ថា​ ជា​ការ​សម្តែង​ការ​សន្ដោស​ប្រណី​ទៅលើ​ដៃគូ​ប្រកួត​របស់​ខ្លួន​ដែល​មាន​ទឹក​ចិត្ត​ប្រកួត​ដ៏​អង់​អាច ​ក្នុងការ​បង្ហាញ​ពី​ភាព​ស៊ូ​ទ្រាំ​របស់​ជាតិ​សាសន៍​ខ្លួន​ឯង​ បើទោះ​បី​ជា​មាន​រ​បួសធ្ងន់ និង​មាន​ឈាម​ហូរ​ស្រោច​ពី​ផ្ទៃ​មុខ​ តែ​គាត់​មិន​បាន​បង្ហាញ​ការ​រា​ថយ​ទេ​។​

​ព្រំ ​សំណាង​ បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​ធ្លាប់​បាន​វាយ​កែង​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​ច្រើន​នាក់​មក​ហើយ ​ប៉ុន្តែ​គាត់​ម្នាក់​នេះ​មាន​របួស​ធ្ងន់​ពេក ហើយ​គាត់​ជា​កីឡាករ​ស្លូត​បូត ដែល​មាន​មហិច្ឆ​តា និង​កា​រតស៊ូ​ខ្លាំង​ ដើម្បី​បង្ហាញ​ថា ​ពូជ​សាសន៍​របស់​គាត់គឺជា​អ្នក​តស៊ូ ​ហេតុ​នេះហើយ​នៅ​ពេល​ឃើញ​គាត់​បែក​ធំ​បែប​នេះ ​ខ្ញុំ​ពិតជា​មាន​ការ​ស្លុត​ចិត្ត​ និង​អាណិត​គាត់​ឡើង​ស្រក់​ទឹក​ភ្នែក​»​។​

​អ្នក​ប្រដាល់​មាន​រហស្ស​នាម«​ជាង​កាត់​សក់​ដៃឯក​»​រូប​នេះ បាន​បន្ថែម​ថា​៖ «​តាម​ពិត​ការ​វាយ​កែង​ចុង​ក្រោយ​របស់​ខ្ញុំ ​ក្នុង​បំណង​កាប់​ឱ្យ​ត្រូវ​ដៃ​របស់​គាត់​ទេ ​ប៉ុន្តែ​គាត់​បិទ​មិន​ជាប់ ​ទើប​ចំ​លលាដ៍​ក្បាលបណ្តាលឱ្យ​បែក​ធំ​បែប​នេះ ​ដែល​ធ្វើឱ្យ​ខ្ញុំ​មិន​សប្បាយ​ចិត្ត​ឡើយ​។ បើ​ទោះបី​ជា​យើង​ជា​អ្នក​ប្រយុទ្ធ​ ប៉ុន្តែ​យើង​ក៏​នៅតែ​មាន​ចិត្ត​សន្ដោស​ប្រណី ​និង​ក្តី​ស្រ​ឡាញ់​ចំពោះ​គ្នា ​ព្រោះ​ម្នាក់ៗ សុទ្ធតែ​ខំប្រឹង​ប្រែង​ឡើង​ប្រកួត​តំណាង​ឱ្យ​ក្បាច់​គុន​នៃ​ជាតិ​សាសន៍​របស់ខ្លួ​ន​ដូច​គ្នា​»​។ 

​ចំណែក​កីឡាក​រ បឺត សង្ឃឹម បាន​យក​ឈ្នះ​ជើង​ខ្លាំង​របស់​ថៃ K​hongsakPhanicដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​ ហើយ​ការ​វាយ​កែង​ឆ្វេង​របស់​គេ ​ក៏បាន​បន្ស​ល់ទុក​ស្នាម​បែក​នៅ​ចុង​ចិញ្ចើម​ខាង​ស្តាំ​របស់​ដៃគូ​ម្នាក់​នេះ​ផង​ដែរ​។ជា​មួយ​លទ្ធ​ផល​នេះ បាន​បង្ហាញ​ថា បឺត​ សង្ឃឹម ជា​កីឡាករ​កម្ពុជា​ដំបូង​គេ​ដែល​អាច​យក​ឈ្នះ ​KhongsakPhanicដើម្បី​សង​សឹក​ដល់​កីឡាករ​ជា​ជន​រួម​ជាតិ​ ឃីម ​បូរ៉ា​, ឈាន ​ហុង​ និង ផាន់​ សុផាត ​ដែល​សុទ្ធ​តែ​បាន​ចាញ់​ថៃ​ម្នាក់​នេះ ​ដោយ​សន្លប់​ដូច​គ្នា​។

​សម្រាប់​ការ​ប្រកួត​ Cambodia Kun Khmer KKIF ដែល​មាន​អ្នក​ទស្សនា​ចូល​ផ្ទាល់​ប្រមាណ​ ២២​ ៣០០​នាក់ កាល​ពី​យប់​ថ្ងៃ​សៅរ៍​នោះ​ដែរ​ កីឡា​ករ​កា​មេ​រ៉ូ​ន Mbang Hen Eric ដែល​ប្រកួត​តំណាងឱ្យ​​កម្ពុជា​បាន​បុក​ជង្គង់​ផ្តួល​អ្នក​ប្រដាល់​ហ្វីលី​ពីន​ឱ្យ​សន្លប់​ត្រឹម ​៣០ ​វិនាទី​ នៅក្នុង​ទឹក​ទី​១ ​ចំណែក សូត្រ សុ​ឃីម ​បាន​ទាត់​ចូល​កញ្ចឹង​ក​កីឡាក​រ​ឡាវ​ Somsak Dadevong បណ្តាល​ឱ្យ​សន្លប់​នៅ​ត​ដើម​ទឹក​ ទី​ ២ ​រីឯ ប៊​ន ពន្លឹក បាន​ឈ្នះ​ពិន្ទុ​អ្នក​ប្រយុទ្ធ​ប្រេ​ស៊ី​ល Nicolas Silva ប៉ុន្តែ សូត្រ ប៊ុន​ធី បាន​ចាញ់​កីឡា​ករ​អ៊ីរ៉ង់​Reza Razaviដោយ​ពិន្ទុ​៕