ភ្នំពេញៈ ​មន្ត្រី​នៃ​ក្រសួងមហាផ្ទៃ​ណែនាំ​ឱ្យ​អាជ្ញាធរ​ខេត្តសៀមរាប ពិភាក្សាគ្នា​ក្នុងការ​រៀបចំ​ដាក់ឈ្មោះ​តំបន់​រុន​តា​ឯក ឱ្យក្លាយ​ជាទី​ក្រុង​ថ្មី​នៃ​ការអភិវឌ្ឍន៍​តំបន់​រុន​តា​ឯក ដើម្បី​ដាក់ជូន​ដល់​រាជរដ្ឋាភិបាល សុំ​ការសម្រេច​ជា​ផ្លូវការ ខណៈដែល​តំបន់​នេះ ក៏​ជា​សក្ដានុពល​ទាក់ទាញ​ភ្ញៀវទេសចរ​ផងដែរ​។​

ការរៀបចំ​បែបនេះ ធ្វើឡើង​តាមរយៈ​កិច្ចប្រជុំ​ពិនិត្យ និង​ពិភាក្សា ស្ដីពី​ការបង្កើត​ក្រុង​រុន​តា​ឯក ខេត្តសៀមរាប ក្រោម​ការដឹកនាំ​របស់​លោក ប្រាក់ សំអឿន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​លោក ប្រាក់ សោភ័ណ អភិបាលខេត្ត​សៀមរាប និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​គ្រប់​ស្ថាប័ន អង្គភាព អាជ្ញាធរ​ស្រុក និង​ឃុំ​ពាក់ព័ន្ធ​ជាច្រើន​ទៀត កាលពី​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២៣​កន្លងទៅ​។

តាមរយៈ​ហ្វេ​ស​ប៊ុ​ក​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប លោក ប្រាក់ សោភ័ណ អភិបាលខេត្ត​សៀមរាប បាន​លើកឡើងថា ការបង្កើត​ក្រុង​នេះ​អនុវត្ត​ទៅតាម​អនុសាសន៍​របស់​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន​និង​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ា​ណែ​ត ដោយ​ជំរុញ​ឱ្យ​ការអភិវឌ្ឍ​តំបន់​រុន​តា​ឯក​ឱ្យក្លាយ​ទៅជា​ក្រុង​មួយ​ដ៏​ស្រស់ស្អាត​របស់​ខេត្តសៀមរាប  ក្នុងការ​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ និង​ជាការ​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ មក​រស់នៅ​ទីនេះ​។

​លោក​បាន​បន្តថា បច្ចុប្បន្ន តំបន់​រុន​តា​ឯក មាន​ប្រជាពលរដ្ឋ​ទៅ​រស់នៅ​ចំនួន​ជាង ៦០០០​គ្រួសារ ហើយ​តំបន់​នេះ​បានរៀបចំ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ថ្នល់ ប្រព័ន្ធ​ទឹក​កខ្វក់ ប្រព័ន្ធ​ទឹកស្អាត បណ្តាញ​អគ្គិសនី សាលាស្រុក សាលារៀន មន្ទីរពេទ្យ វត្ត​អារាម ផ្សារ​លក់ដូរ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទៀតផង​។​

​ក្នុង​កិច្ចពិភាក្សា​នេះដែរ លោក ប្រាក់ សំអឿន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ក៏បាន​ឱ្យដឹង​ដែរ​ថា​ផ្អែក​តាម​ការចុះពិនិត្យ មាន​ឃុំ​២​ដែល​អាច​បង្កើតជា​ក្រុង​បាន​នោះ គឺ​ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី និង​ឃុំ​បល្ល័ង្ក ស្រុក​ប្រាសាទបាគង ដែលជា​ឃុំ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​សមស្រប ទៅនឹង​លក្ខន្តិកៈ​ក្នុងការ​បង្កើត​ទីក្រុង​បាន​។

​លោក​បាន​ថ្លែងថា​៖ «​សូម​ណែនាំ​ដល់​អាជ្ញាធរខេត្ត ត្រូវធ្វើ​ការពិភាក្សា​ឱ្យបាន​ជាក់លាក់ ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក្នុងការ​ដាក់ឈ្មោះ​ទីក្រុង​ថ្មី​នេះ ព្រមទាំង​ត្រូវ​ព​ន្លឿ​ន​ក្នុង​ការរៀបចំ​ធ្វើសំណើ​ជាបន្ទាន់ ដើម្បី​ដាក់ជូន​ដល់​រាជរដ្ឋាភិបាល ស្នើសុំ​ទៅ​រដ្ឋសភា សុំ​ការសម្រេច​ជា​ផ្លូវការ ព្រោះ​តំបន់​រុន​តា​ឯក​នេះ ក៏​ជា​សក្តានុពល​នៃ​វិស័យ​ទេសចរណ៍​មួយ​ផងដែរ​របស់​ខេត្ត ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ចូលទៅ​ទស្សនា​កម្សាន្ត​»​។​

ទាក់ទង​នឹង​ការបង្កើត​ក្រុង​នេះដែរ លោក ហូ វណ្ឌី ទីប្រឹក្សា​សមាគម​ទេសចរណ៍​កម្ពុជា បានឱ្យដឹង​នៅ​ថ្ងៃទី​២៤ ខែធ្នូ​ថា ទោះជា​តំបន់​ណាក៏ដោយ ឱ្យតែ​មានការ​រៀបចំ​ក្លាយជា​តំបន់​ដែលមាន​ភាព​ទាក់ទាញ​វិស័យ​ទេសចរណ៍ គឺ​វា​អាច​លក់​ផលិតផល​បាន​ហើយ​។

លោក​បាន​បន្តថា ចំណែក​ការលក់​ផលិតផល​បាន ក៏​លុះត្រាតែ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន បាន​ស្គាល់​ពី​សក្តានុពល ជាមួយនឹង​ផលិតផល​របស់ខ្លួន ហេតុនេះ​ប្រសិន​ថ្ងៃក្រោយ​តំបន់​រុន​តា​ឯក ក្លាយជា​តំបន់​ទាក់ទាញ អ្វីដែល​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​គិត​នោះ​គឺ​ប្រភេទ​នៃ​ភាព​ទាក់ទាញ​ណា​បន្ថែមទៀត​នៅក្នុង​តំបន់​នេះ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ប្រសិនជា​យើង​បានដាក់​គោលការណ៍​ហើយ​ក្នុងករណី​វា​ជា​តំបន់​ទាក់ទាញ​ស្រាប់ ក៏ប៉ុន្តែ​យើង​មិន​បង្ហាញថា​ថ្ងៃក្រោយ​យើង​នឹងធ្វើ​អី ដើម្បីឱ្យ​ក្លាយជា​តំបន់​ទាក់ទាញ​ប្រភេទ​យ៉ាងម៉េច​ដែរ ឬ​ជា​ប្រភេទ​វប្បធម៌ ប្រភេទ​កែច្នៃ ឬក៏​ប្រភេទ​ធម្មជាតិ ក៏​វា​មិន​ទទួលបាន​លទ្ធផល​ប្រសើរ​ដែរ​»​។​

លោក​បាន​បន្ថែមថា ក្រៅពីនេះ​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​តំបន់​ដែល​កែប្រែ​ឱ្យក្លាយ​ទៅជា​ទីក្រុង ក៏ត្រូវ​ស្គាល់ និង​យល់​ឱ្យ​ច្បាស់​ពី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ជាពិសេស​ការសិក្សា​រៀនសូត្រ​ម្ដង​បន្តិចៗ​ពី​ការផ្ដល់​សេវាកម្ម ឬក៏​បម្រើ​នូវ​សេវាកម្ម​ជូន​អ្នកទេសចរ​បាន​ថែមទៀត​រាល់​ផលិតផល​ដែលជា​សក្ដានុពល​របស់​ខ្លួន​។​

ចំណែក លោក ម៉ម រិទ្ធី ប្រធាន​សហព័ន្ធ​សហជីព​វិស័យ​ទេសចរណ៍ និង​សេវាកម្ម​កម្ពុជា បានឱ្យដឹង​ដែរ​ថា រាល់​ការពង្រីក និង​ការអភិវឌ្ឍ​នៅក្នុង​ខេត្តសៀមរាប គឺ​លោក​គាំទ្រ​ជានិច្ច ព្រោះ​វា​ជា​យុទ្ធសាស្ត្រ​របស់​រាជ​រា​ដ្ឋា​ភិ​បាល​ក្នុង​ការជួយ​លើកស្ទួយ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​។​

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​សូម​លើកទឹកចិត្ត​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ គួរពិនិត្យមើល​ការងារ​ចាស់​ឡើងវិញ ដើម្បី​ធានាឱ្យមាន​ការអភិវឌ្ឍ​រឹងមាំ​ហើយ​យើង​អាច​ចាប់ផ្ដើម​គិត​ទៅ​កន្លែង​ផ្សេង​មួយទៀត ដែល​មានន័យថា​ពិនិត្យមើល​ក្រុង​សៀមរាប ក្នុង​តំបន់​អង្គរ ឱ្យ​ក្លាយជា​កន្លែង​មួយ​ទាក់ទាញ​ទេសចរ និង​ជា​កន្លែង​ដែល​ភ្ញៀវទេសចរ​ចង់បាន​សិន​»​។​

លោក​បន្តថា នៅពេល​ក្លាយទៅជា​កន្លែង​មួយ​ដែល​រឹងមាំ និង​ជា​កន្លែង​ដែល​ភ្ញៀវទេសចរ​ចង់បាន នោះ​ការអភិវឌ្ឍ និង​ការពង្រីក​ក្រុង​បន្ថែមទៀត គឺ​វា​កាន់តែ​ល្អ ទាំង​ប្រជាពលរដ្ឋ​មូលដ្ឋាន និង​ភ្ញៀវទេសចរ​នឹង​ដឹង​កាន់តែច្បាស់​ពី​ផលិតផល​សេវាកម្ម និង​សក្ដានុពល​ក្នុង​តំបន់​អភិវឌ្ឍន៍​នោះ​។​

សូមបញ្ជាក់ថា ភូមិ​ធម្មជាតិ​រុន​តា​ឯក ស្ថិតនៅ​ក្នុងភូមិ​តានី ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ ៤៤២​គ្រួសារ ហើយ​ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា ធ្វើការ​អភិវឌ្ឍ​ជា​ភូមិ​ធម្មជាតិ​រុន​តា​ឯក ដោយសារតែ​ប្រជាពលរដ្ឋ​មាន​លំនៅឋាន​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ បាន​ស្ម័គ្រចិត្ត​ទៅ​រស់នៅ​ទីនោះ ដែល​បានផ្តល់​ផ្ទះ និង​ដី​សម្រាប់ធ្វើ​កសិកម្ម​ជាដើម​៕