ភ្នំពេញៈ ក្រសួងមុខងារសាធារណៈ បានប្រកាសឱ្យដឹងថា ដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ ២០២៣ បានប្រព្រឹត្តទៅ និងបញ្ចប់ដោយជោគជ័យគួរជាទីមោទនៈ និងឆ្លើយតបនឹងគោលការណ៍នៃវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ និងការពង្រឹងអភិបាលកិច្ចមូលដ្ឋាន ដែលមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីការបញ្ចប់ដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ ដោយជោគជ័យ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ដំណើរការប្រឡងសំណេរនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ នាសម័យប្រឡងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតក្នុងមណ្ឌលប្រឡង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងកំណែសន្លឹកកិច្ចការ ដែលបាន ប្រព្រឹត្តទៅនៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាលបានបញ្ចប់ដោយជោគជ័យ។
សេចក្តីប្រកាសបានបន្តថា ៖ «ការប្រឡងនេះបានបញ្ចប់ដោយជោគជ័យ មានវិន័យ បើកចំហ សណ្តាប់ធ្នាប់ និងភាពសុក្រឹត ស្ថិតក្រោមការឃ្លាំមើលរបស់អង្គភាពប្រឆាំងអំពើពុករលួយ អ្នកសង្កេតការណ៍ និងសារព័ត៌មាន»។
ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ ជាការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលលើកទី១របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពង់ប្រកបដោយថាមពលរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផ្អែកលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។
ការប្រឡងនេះ មានបេក្ខជនចូលរួមប្រឡងប្រជែងសរុបចំនួន ៣ ១៧៣នាក់ (ស្រី ១ ៤៧៤នាក់) ដោយបានប្រើប្រាស់អគារប្រឡងចំនួន៣អគារ និងបន្ទប់ប្រឡងចំនួន ៩៣បន្ទប់។ បេក្ខជនគ្រប់ៗរូបត្រូវឆ្លងកាត់ច្រកត្រួតពិនិត្យ ចំនួន ២កន្លែង ដើម្បីទទួលបានការអនុញ្ញាតឱ្យចូលមកកាន់បរិវេណមណ្ឌលប្រឡង ហើយត្រូវបង្ហាញសលាកបត្រ ដើម្បីផ្ទៀងផ្ទាត់ព័ត៌មានយ៉ាង ហ្មត់ចត់មុនពេលអនុញ្ញាតចូលក្នុងបន្ទប់ប្រឡង។
សេចក្តីប្រកាសព័ត៌មានបានលើកឡើងថា កំណែវិញ្ញាសា និងការបូកពិន្ទុ ដែលត្រូវបានអនុវត្តតាមប្រព័ន្ធចុះលេខសម្ងាត់ និងអនាមិក បានចប់សព្វគ្រប់នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ដោយប្រើប្រាស់រយៈពេល ៥ថ្ងៃ។ ជាលទ្ធផលបេក្ខជនចំនួន ២៥០ នាក់ (ស្រី ៩៤ នាក់) ជាប់ជាស្ថាពរសម្រាប់ឃុំគោលដៅនៃការជ្រើសរើសទាំង២៥០ និងមានបេក្ខជនចំនួន ១០នាក់ ក្នុង ១ស្រុក ជាបេក្ខជនជាប់បម្រុង។
សេចក្តីប្រកាសបានបញ្ជាក់ថា ៖ «គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ សូមថ្លែងអំណរគុណដល់ស្ថាប័នអង្គភាពពាក់ព័ន្ធ និងក្រុមការងារទាំងអស់ ដែលបានចូលរួមជាចលករនាំឱ្យដំណើរការប្រឡងប្រជែងប្រព្រឹត្តទៅបានដោយជោគជ័យគួរជាទីមោទនៈ ហើយឆ្លើយតបនឹងគោលការណ៍នៃវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ និងការពង្រឹងអភិបាលកិច្ចមូលដ្ឋាន ដែលមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា»។
លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ថា អ្វីដែលជាលទ្ធផលនៃការប្រឡងនេះ គឺបញ្ជាក់ពីសមត្ថភាពជាមូលដ្ឋាន ទាំងការឆ្លងវិញ្ញាសា ទាំងចំណេះដឹងទូទៅ ទាំងជំនាញ និងភាសាជាមូលដ្ឋាន គឺអាចបញ្ជាក់ថា ពួកគាត់មានសមត្ថភាពជាមូលដ្ឋានហើយ។
លោកបានថ្លែងថា ៖ «ក្រោយពីនេះទៀត គឺយើងត្រូវការបណ្តុះបណ្តាលពួកគាត់ក្នុងរយៈពេល ១ឆ្នាំ ឱ្យស្របទៅតាមអ្វីដែលជាជំហានជាក់ស្តែង។ យើងជ្រើសរើសជាមូលដ្ឋានសិនដែលជាសមត្ថភាព ហើយបន្ទាប់ គឺការបណ្តុះបណ្តាលឱ្យជំនាញស្របទៅតាមអ្វីដែលជាគោលដៅ ដែលយើងបានដាក់ចំពោះ ២៥០នាក់ ហើយគោលដៅ គឺកំណត់លើការដាំដុះតែម្តង»។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ លោក ប៉ាង វណ្ណាសេដ្ឋ បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៤ ខែធ្នូថា ចំពោះការជ្រើសរើសមន្ត្រីកសិកម្មឃុំរបស់រាជរដ្ឋាភិបាលនៅពេលនេះ ពិតជាមានសារៈសំខាន់ សម្រាប់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។
លោកបាននិយាយថា ៖ «ដូចដែលយើងបានដឹងហើយ ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលត្រូវការកសិកម្មជាអាទិភាពនៅឡើយ និងមានទំហំធំធេង ចំពោះការបង្កបង្កើនផលរបស់កសិករនៅមូលដ្ឋាន ក៏ជាចាំបាច់ត្រូវតែយល់ពីបច្ចេក ទេសនៃការដាំដុះ។ ដូច្នេះ យើងត្រូវតែជួយពួកគាត់ (កសិករ) បន្ថែមទៀតទាក់ទងនឹងបច្ចេកទេសដាំដុះនេះ ដើម្បីឱ្យទាន់អ្វីដែលគាត់ចង់បាន»។
ទោះជាយ៉ាងណា លោក ប៉ាង វណ្ណាសេដ្ឋ បញ្ជាក់ថា លោកមិនទាន់ដឹងថា មន្ត្រីកសិកម្មឃុំដែលទើបតែប្រឡងជាប់នេះ នឹងស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់ដោយមន្ទីរកសិកម្ម ឬក្រោមការគ្រប់គ្រងផ្ទាល់របស់ក្រសួងនៅឡើយទេ ប៉ុន្តែមន្ទីរនៅតែបន្តជួយគាំទ្រ និងសហការជាមួយមន្ត្រីកសិកម្មឃុំទាំងនោះជានិច្ច៕