ភ្នំពេញៈ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ក្រសួងកំពុងពិនិត្យឡើងវិញពីលទ្ធផលដំឡើងកម្រិតបរិមាណនាំចេញអង្ករចំនួន ២០ភាគរយថែមទៀត ទៅកាន់ទីផ្សារចិន ខណៈដែលពីមុននេះការនាំចេញអង្ករទៅចិន ស្ថិតនៅក្នុងបរិមាណ ៤០ ម៉ឺនតោនរួចហើយ។
លោកស្រីបានថ្លែងបែបនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៣ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។ លោកស្រីរដ្ឋមន្ត្រី បានថ្លែងថា សម្រាប់ទីផ្សារអង្ករ ជាមួយប្រទេសចិន ក្រសួងពាណិជ្ជកម្ម បាននិងកំពុងចរចារៀបចំនីតិវិធីក្នុងការចុះអនុស្សរណៈយោគយល់លើកទី៧ សម្រាប់បរិមាណកើនឡើង ២០ភាគរយ បន្ថែមទៀត សម្រាប់ឆ្នាំ២០២៣-២០២៤ ផងដែរ។
លោកស្រីបានថ្លែងថា៖«នេះជាការអនុវត្តយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា CTIS ២០១៩-២០២៣ ដែលផ្តោតសំខាន់លើការពង្រឹងទីផ្សាចាស់ និងពង្រីកទីផ្សារថ្មី គួបផ្សំនឹងការធ្វើពិពិធកម្មទំនិញ និងទីផ្សារតាមរយៈការចុះកិច្ចព្រមសេរីទ្វេភាគីកម្ពុជា-ចិន រួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វភាគី និងពហុភាគីដទៃទៀត»។
លោកស្រីរដ្ឋមន្ត្រី ក៏បានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យវិស័យស្រូវអង្ករកម្ពុជាមានភាពប្រកួតប្រជែង ដែលមានការលើកទឹកចិត្តផ្នែកពន្ធដារ ដោយលើកលែងពន្ធគ្រប់ប្រភេទ និងអាករដល់រោងម៉ាស៊ីនកិនស្រូវ និងអ្នកនាំចេញតាំងពីឆ្នាំ២០១១ ហើយបានបន្តជូនរយៈពេល ៥ឆ្នាំបន្ថែមទៀតសម្រាប់សហគ្រាសដែលអស់អាណត្តិ។
លោកស្រីចម និម្មល បានបញ្ជាក់ទៀតថា៖«ក្រសួងពាណិជ្ជកម្មបានខិតខំជំរុញ និងបើកច្រកទីផ្សារស្រូវអង្ករ និងផលិត ផលដែលកែច្នៃចេញពីស្រូវអង្ករ តាមរយៈពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) កិច្ចព្រៀមព្រៀងសេរីកម្ពុជា-កូរ៉េ (CKFTA) កិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាត់អារ៉ាប់រួម»។
ជាមួយគ្នានោះដែរ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានថ្លែងនាពិធីនោះដែរថា នៅក្នុងជំនួបជាមួយប្រធានាធិបតីចិន នាពេលកន្លងទៅ លោកទទួលការឯកភាពរួចហើយពី លោក ស៊ី ជីនភីង ក្នុងការបង្កើនការនាំចេញអង្ករទៅកាន់ទីផ្សារចិននេះ។
លោកបានថ្លែងបែបនេះថា៖«កាលពីដើមឆ្នាំ ខ្ញុំជួបជាមួយឯកឧត្តម ស៊ី ជីនភីង ប្រធានាធិបតីចិន ដោយឯកឧត្តម បានឯកភាពបង្កើន២០ភាគរយ ដោយនៅក្នុងកិច្ចការងារនេះ យើងបន្តចរចា ហើយយើងនឹងខិតខំធ្វើយ៉ាងណាឱ្យបានសម្រេចការចរចា»។
បែបនេះក្តី លោក ហ៊ុន ម៉ាណែត ក៏បានជំរុញឱ្យក្រសួងពាណិជ្ជកម្ម បន្តយកចិត្តទុកដាក់ពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មីសម្រាប់ផលិតផលរបស់កម្ពុជា ដែលជាកិច្ចការសំខាន់ និងត្រូវអនុវត្តឱ្យបានត្រឹមត្រូវគ្រប់ពេលវេលា។
លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ៖ «ការបាត់បង់ទីផ្សារ មិនមែនជារឿងល្អឡើយសម្រាប់ផលិតផលរបស់កម្ពុជា ហើយទីផ្សារដែលបើកហើយ គឺត្រូវព្យាយាមថែរក្សា ធានាគុណភាពទំនិញ ផលិតផល និងធានាភាពជឿជាក់ឱ្យបាន និងបង្កើនមុខទំនិញដែលនាំចេញនីមួយៗជាជំហានៗឱ្យបានច្រើន តាមលទ្ធភាពសម្រាប់ផលប្រយោជន៍កម្ពុជា»។
លោកបានសង្កត់ធ្ងន់ថា៖«កន្លងទៅយើងធ្លាប់មានបញ្ហានៅអឺរ៉ុប ហើយឥឡូវបញ្ហាខ្លះយើងកំពុងចរចាទាក់ទងនឹងការនាំចេញផលិតផលមួយចំនួន។ កន្លែងខ្លះដោយសារកត្តាគេ គឺដោយសារតែគេកែប្រែបច្ចេកទេសមួយចំនួន។ ឧទាហរណ៍នាំអង្ករទៅ គេមិនដឹងថានាំពីក្រុមហ៊ុនណាទេ ប៉ុន្តែគេតែនាំអង្ករពីកម្ពុជា បើសិនក្រុមហ៊ុនមួយធ្វើឱ្យខូចស្តង់ដាកម្ពុជា យើងអាចខូចទីផ្សារតែម្តង»។
ទាក់ទងនឹងបញ្ហានេះដែរ លោក ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ បានលើកឡើងថា កូតានាំចេញអង្ករថ្មីចំនួន ៤សែនតោន ដែលផ្តល់ដោយមិត្តចិន បានចាប់ផ្តើមអនុវត្តការនាំចេញ កាលពីខែធ្នូ ឆ្នាំ២០២១នេះតទៅ ដែលមានរយៈពេលចំនួន ១៧ខែ ពោលបានផុតកំណត់កាលពីមិថុនា ឆ្នាំ២០២៣កន្លងទៅ ដោយមកទល់នឹងពេលនេះ ភាគីទាំង២ កំពុងចរចាលើលក្ខណបច្ចេកទេសមួយចំនួនទៀតនៅឡើយ។
លោកបានបញ្ជាក់ថា៖«ការផ្តល់កូតានាំចូលអង្ករពីកម្ពុជារបស់មិត្តចិន បានជួយជំរុញការអភិវឌ្ឍវិស័យស្រូវអង្កររបស់កម្ពុជា។ ចាប់ពីឆ្នាំ២០១៤ មកដល់ឆ្នាំ២០២១ មិត្តចិនបានផ្តល់កូតាចំនួន ៦លើករួចមកហើយ។ ដោយឡែកលើកទី៧នេះ យើងក៏សង្ឃឹម ២០ភាគរយ ដែលយើងនឹងទទួលបានបន្ថែម នឹងជំរុញកំណើននៃការនាំចេញអង្កររបស់កម្ពុជាបន្ថែមទៀត»។
សូមជម្រាបថា ចិន បានផ្តល់កូតានាំចូលអង្ករកម្ពុជា លើកដំបូងចំនួន ១សែនតោន នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤, លើកទី២ ចំនួន ១សែនតោនដដែល នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥, លើកទី៣ ចំនួន ២សែនតោន ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦, លើកទី៤ ចំនួន ៣សែនតោន នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨, លើកទី៥ ចំនួន ៤សែនតោន នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ និងលើកទី៦ ចំនួន ៤សែនតោន នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។
បើតាមរបាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជា នៅក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញអង្ករបានជិត ៥៣ម៉ឺនតោន ដែលគិតជាទឹកប្រាក់ចំនួន ៣៧៧លានដុល្លារ។ ក្រុមហ៊ុននាំចេញអង្ករចំនួន ៥៧ក្រុមហ៊ុន បាននាំចេញអង្ករទៅកាន់គោលដៅចំនួន ៥៩ ដែលក្នុងនោះ ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តរបស់ចិនមានចំនួន ១៧៧ ២៨៥តោន ដែលគិតជាទឹកប្រាក់មានចំនួន ១១៥,៣០លានដុល្លារ៕