ភ្នំពេញៈ ​វិទ្យា​ស្ថាន​ជាតិ​ស្ថិតិ​(NIS)រៀបចំ​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​របាយ​ការណ៍​ស្ទង់​មតិ​កសិ​កម្ម​កម្ពុជា​ឆ្នាំ​២០២១(CAS 2021)ក្រោម​គំនិត​ផ្តួច​ផ្តើម «៥០x​២០៣០»​ក្នុង​គោល​ដៅ​ពង្រឹង​សមត្ថ​ភាព​ស្ថិតិ​ជាតិ​ និង​ដើម្បី​ជំរុញ​បង្កើត​ប្រព័ន្ធ​ប្រមូល​ទិន្ន​ន័យ​កសិ​កម្ម​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់ ​និង​យូរ​អង្វែង​។​

​សិក្ខា​សាលា​នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​២០ ​ខែធ្នូ ឆ្នាំ​២០២៣ ​ដោយ​វិទ្យា​ស្ថាន​ជាតិ​ស្ថិតិ​នៃ​ក្រសួង​ផែន​ការ សហ​ការ​ជា​មួយ​ក្រសួង​កសិ​កម្ម ​រុក្ខា​ប្រមាញ់​ និង​នេសាទ ​ព្រម​ទាំង​មាន​ការ​គាំទ្រ​ផ្នែក​បច្ចេក​ទេស​ពី​អង្គការ​អា​ហារ​ និង​កសិកម្ម​នៃ​អង្គ​ការ​សហ​ប្រជាជាតិ​​(FAO)​​ដែល​គាំទ្រ​ដោយ​ធនា​គារពិភ​ពលោក​​(World Bank), អ​ង្គការ FAO និង​អង្គ​ការ​មូល​និធិ​ដើម្បី​អភិ​វឌ្ឍន៍​កសិ​កម្ម​(IFAD)​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​បាន​ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃទី​២៤​ ខែធ្នូ ឆ្នាំ​២០២៣​។​

​សេចក្តី​ប្រកាស​ព័ត៌​មាន​រួម​បាន​ឱ្យដឹង​ថា​ ក្នុង​សិក្ខា​សាលា​បង្ហាញ​របាយ​ការណ៍​ស្ទង់​មតិ​កសិកម្ម​កម្ពុជា​ឆ្នាំ​២០២១ ដោយ​បាន​ប្រមូល​ទិន្ន​ន័យ​ពី​ការ​ដាំដុះ ​ការ​ចិញ្ចឹម​សត្វ​ វារីវប្ប​កម្ម និង​ការ​នេសាទ​ ផល​ប៉ះពាល់​ខាង​ក្រៅ​ដល់​វិស័យ​កសិ​កម្ម បញ្ហា​ពល​កម្ម សេដ្ឋ​កិច្ច​កសិ​កម្ម និង​បញ្ហា​ជា​ច្រើន​ទៀត​។

​ប្រភព​ដដែល​បន្ត​ថា ​វិធី​សាស្ត្រ​ស្ទង់​មតិ​ គឺ​ជ្រើស​រើស​គំរូ​តំណាង​តាម​តំបន់​(EA) នៅ​ទូទាំង​ប្រទេស​កម្ពុជា​តាម​រយៈ​គំរូ​ជំរឿន​ប្រជា​ជន​កាល​ពី​ឆ្នាំ​២០១៩ ​រាប់​បញ្ចូល​ភូមិ​ចំនួន​ ១៤ ​៥០០ និង​តំបន់​ចំនួន ​៣៨​ ០០០ (EAs) ដោយ​ស្ទង់​មតិ​ក្នុង​ខែ​វិច្ឆិកា និង​ខែធ្នូ ​ឆ្នាំ​២០២១​។

សេចក្តី​ប្រកាស​ព័​ត៌​មា​បាន​បញ្ជាក់​ថា៖ «​ការ​ស្ទង់​មតិ​នេះវាយត​ម្លៃ​ថា ​ប្រមាណ​២ ២​៧៧​ ០០០​គ្រួសារ ឬ​ប្រមាណ ៥៧ភា​គរយ​នៃ​គ្រួសារ​សរុប​នៅ​កម្ពុជា​ ធ្វើ​កសិ​កម្ម​ដោយ​យោងតា​ម​តួ​លេខ​ពី​ជំរឿន​ឆ្នាំ​២០១៩​។ក្នុង​នោះ សកម្ម​ភាព​ដំណាំ​បាន​គ្រប​ដណ្តប់​ប្រមាណ​៩៨​ភាគ​រយ​នៃ​គ្រួសារ​សរុប​នៃ​ប្រទេស​កម្ពុជា ​ខណៈ​គ្រួសារ​ប្រមាណ ៨៣​ភាគ​រយ​ចិញ្ចឹម​សត្វ​,២១​ភាគ​រយ​ធ្វើ​សកម្ម​ភាព​នេសាទ និ​ង​ប្រមាណ៤​ភាគរ​យនៅ​ក្នុង​វិស័យ​វារី​វប្បកម្មឬ​ចិញ្ចឹម​ត្រី​»​។​

​ការ​ស្ទង់​មតិ​ដដែល​បាន​បន្ត​ថា ​ ​១ភា​គ​៤ឬ​ប្រមាណ​២៧ភា​គរយនៃ​​គ្រួសារ​សរុប​ទូទាំង​ប្រទេស​ អះអាង​ថា ចំណូល​ពី​វិស័យ​កសិ​កម្ម​របស់​ពួកគេ​ទាប​ជាង​ចំណូល​សរុប​ពី​បណ្តា​ឆ្នាំមុនៗ​។ ក្នុង​ការ​ប៉ាន់​ប្រមាណ​ចំណូល​កសិកម្ម​ពី​គ្រួសារ​នីមួយៗ​នេះ​ទៀត​សោត​ បញ្ជាក់​ថា ៣៥​ភាគ​រយនៃ​គ្រួសារ​សរុ​បប​ញ្ជាក់ថា​ ពាក់​កណ្តាល​នៃ​ចំណូល​សរុប​របស់​ពួក​គេ​បាន​មកពី​វិស័យ​កសិក​ម្ម​។ ចំណែក​១៨​ភា​គរយវិញ​ បញ្ជាក់​ថា ភាគច្រើ​នឬ​ស្ទើរតែ​ទាំង​ស្រុង​រំពឹង​លើ​ចំណូល​កសិកម្ម​តែ៤​ភាគរ​យប៉ុ​ណ្ណោះដែ​ល​ទទួល​ប្រាក់​ចំណូល​សរុប​បាន​មកពី​ការធ្វើ​កសិក​ម្ម​។

សម្រាប់​បញ្ហា​ប្រឈម​ក្នុង​វិស័យ​កសិ​កម្ម​វិញ ការ​ស្ទង់​មតិ​នេះ​បង្ហា​ញថា ៣០​ភាគ​រយនៃ​គ្រួសារ​កសិកម្ម ​ជួបប្រ​ទះ​ការ​យាយី​ផ្សេងៗ​  តួយ៉ាង​គ្រោះរាំ​ងស្ងួត​មាន​ជាង២​៤​ម៉ឺន​គ្រួសារ​,ទឹក​ជំនន់​ប្រមាណជា​ង​២០ម៉ឺន​គ្រួសារ និ​ង​ផល​ប៉ះ​ពាល់​ដោយ​ផ្ទាល់​ពី​វិបត្តិ​កូ​វីដ​១៩​ដល់​ជាង១​៣​ម៉ឺន​គ្រួសារ​។

​ជា​មួយ​គ្នានេះ ​លោក​ស្រី ​Rebekah Bell តំណាង​អង្គ​ការ FAO ប្រចាំ​ប្រទេស​កម្ពុជា​បាន​លើក​ឡើ​ងថា​ នៅ​ពេល​ដែល​ការ​រីក​ចម្រើន​ផ្នែក​បច្ចេក​វិទ្យា​កាន់​តែ​មាន​ល្បឿន​លឿន ​ការពឹ​ងផ្អែកលើ​ទិន្ន​ន័យ​កសិ​កម្ម​ក៏​មាន​ការ​រីក​ចម្រើន​ដូច​គ្នា​ដែរ​។ នេះ​បើ​យោង​តាម​សេច​ក្តី​ប្រកាស​ព័ត៌​មាន​រួម​ដដែល។

លោក​ស្រី​ថា៖ «​វា​គឺជា​ទំនាក់​ទំនង​ស៊ី​ចង្វាក់​ដែល​អនុញ្ញាត​ឱ្យ​យើង​សម្រប​ខ្លួនបង្កើត​ថ្មី និង​ដឹក​នាំ​វិស័យ​កសិកម្ម​កម្ពុជា​ឆ្ពោះ​ទៅ​អនា​គត​ប្រកប​ដោយ​ចីរ​ភាព​ និង​វិបុល​ភាព​»​។​

​សម្រាប់​លោក ​នរ វណ្ណឌី ​តំណាង​វិទ្យា​ស្ថាន​ស្ថិតិ​ជាតិ​នៃ​ក្រសួង​ផែន​ការ​វិញ​បាន​លើក​ឡើ​ង​ដែរ​ថា ​កិច្ច​សហ​កា​រ​រវាង​វិទ្យា​ស្ថាន​លោក​ជា​មួយ​ក្រសួង​កសិក​ម្ម អង្គការ​ FAO និង​ដៃគូ​សហ​ការ​នានា​ទៀត ​តាម​រយៈ​គំនិត​ ផ្តួច​ផ្តើម ៥០x​២០៣០​នេះ​ធ្វើឱ្យ​ការ​ស្ទង់​មតិ​កសិ​កម្ម​ក​ម្ពុ​ជា​ឆ្នាំ​២០២១​ជា​ឧទាហរណ៍​មួយ​នៃ​គំរូ​ជោគ​ជ័យ​នៃ​កិច្ច​សហ​ការ​រួម​។​

លោក​បាន​ថ្លែង​ថា​៖ «​គម្រោង​នេះ ​យើង​បាន​ឃើញ​គុណ​ភាព​កាន់​តែ​ប្រសើរ​ឡើង​ក្នុង​ការ​ងារ​វាស់​វែងរ​បស់​យើង និង​ការ​បង្កើន​ជំនាញ​ក្នុង​ការ​វិភាគ​ទិន្ន​ន័យ​ដែល​ជំហាន​ទៅ​មុខ​ដ៏​មាន​សារៈ​សំខាន់​នេះ​ ផ្តើ​មចេញ​ពី​ការ​ពង្រឹង​សមត្ថ​ភាពរ​បស់​ក្រសួង​ផែន​ការ​ ហើយ​នឹង​ជួយ​ដល់​ការ​សម្រេច​ចិត្ត​មួយ​ប្រកប​ដោយ​ព័ត៌​មាន​ច្បាស់​លាស់​ និង​ការ​បង្កើត​គោល​នយោ​បាយ​ផ្អែក​លើ​ទិន្ន​ន័យ​ដែល​អាច​ទុក​ចិត្ត​បាន​»​។

​ជា​មួយ​គ្នា​នេះ លោ​ក ម៉ក់ មុនី ប្រធាន​នាយក​ដ្ឋាន​ផែន​ការ និង​ស្ថិតិ​នៃ​ក្រសួង​កសិកម្ម ​រុក្ខា​ប្រមាញ់​ និង​នេ​សាទ លើក​ឡើង​ដែរ​ថា​ ខាង​ក្រសួង​កសិ​កម្ម​ក៏ដូច​ជា​រដ្ឋាភិ​បាល​មាន​គោលដៅ​​ពង្រឹង​ផែនកា​រ និង​កា​របង្កើត​គោល​នយោ​បាយ​ទាំង​ថ្នាក់​ក្រោម​ជាតិ ​និង​ថ្នាក់​ជាតិ​។ 

​លោក​ថា សម្រាប់​ក្រសួង​កសិ​កម្ម កំពុង​យក​ចិត្ត​ទុក​ដាក់​លើ​ការ​លើក​កម្ពស់​វិស័យនេះ​ ​តាម​រយៈ​យុទ្ធ​សាស្ត្រ​ពី​ប្រភព​ទិន្ន​ន័យ​ដែល​ប្រមូល​បាន​នៅ​ចំពោះ​មុខ​នៃ​ការ​វិវត្ត​នៃ​បញ្ហា​ប្រឈម​ជា​សកល​តួ​យ៉ាង​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ ​ការ​ប្រែ​ប្រួល​ទីផ្សារ ​ជា​ដើម​។​

​លោក​បាន​បន្តថា​៖ «​ព័ត៌​មាន​ជំរុញ​ឱ្យ​យើង​ខិត​ទៅ​ជិត​អនា​គត​កសិ​កម្ម ដែល​ធន់ និង​រីក​ចម្រើន​សម្រាប់​ប្រទេស​កម្ពុជា​»​។​

​សូម​ជម្រា​បថា គំ​និត​ផ្តួចផ្តើម​៥០x២​០៣០ ​មាន​គោល​បំណង​បំពេញ​គម្លាត​ទិន្នន័​យ​កសិកម្ម​នៅ​បណ្តា​ប្រទេស​ប្រាក់​ចំណូល​ទាប ​និង​ចំណូល​មធ្យម​កម្រិត​ទាប​ចំនួន​ ៥០​ប្រទេស​ ជុំវិញ​ពិភព​លោក​ឱ្យបា​ន​នៅត្រឹម​ឆ្នាំ​២០៣០ ដើម្បី​ផ្សារ​ភ្ជាប់​គោល​ដៅ​អភិវ​ឌ្ឍន៍​ប្រកបដោ​យ​ចីរភា​ព​(SDGs) ពាក់ព័​ន្ធ​បញ្ហា​កសិកម្ម​។ ក្នុង​នោះ​រួមមា​ន​កម្ពុជា​ផង​ដោយ​ទទួល​បាន​ជំនួយ​ការ​ផ្តល់​ទិន្ន​ន័យ​ដោយ​មិន​គិត​ថ្លៃដើម្បី​ស្ថា​ប័ន​ស្រា​វជ្រា​វ ​អ្នកបង្កើ​ត​គោល​នយោ​បាយ ដៃគូ​អភិវ​ឌ្ឍន៍​អាច​ប្រើប្រា​ស់​ទិន្ន​ន័យ​ដែល​មាន​ភាពទំ​នើប ​និង​ប្រកប​ដោយ​គុណ​ភាព​ក្នុ​ងការ​ធ្វើការ​សម្រេច​ចិត្ត​ណា​មួ​យ​៕