ភ្នំពេញៈ ក្រោមកិច្ចសហការជាមួយវិទ្យាស្ថានសិក្សាដើម្បីបេតិកភណ្ឌវប្បធម៌ និស្សិតជនជាតិជប៉ុន ៦នាក់ បានមកសិក្សាស្រាវជ្រាវនៅស្ថានីយឡបុរាណគោកដីឆ្នាំង ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ដោយប្រើប្រាស់ម៉ាស៊ីនស្គេន (Ground Penetrating Radar-GPR) ដើម្បីកំណត់ទីតាំងសម្រាប់ការធ្វើកំណាយ។
លោក ភិន សំណាង ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ នៃអាជ្ញាធរជាតិព្រះវិហារ បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៤ ខែធ្នូថា ជាដំបូងការងារសិក្សាស្រាវជ្រាវស្ថានីយឡបុរាណគោកដីឆ្នាំងនេះ ត្រូវបានចាប់ផ្ដើមឡើងតាំងពីឆ្នាំ២០១៩ ក្រោមការដឹកនាំដោយមន្ត្រីបច្ចេកទេសអាជ្ញាធរជាតិព្រះវិហារ ប៉ុន្តែក្រោយមកភាគីជប៉ុន ចាប់អារម្មណ៍លើការងារស្រាវជ្រាវនេះ។
លោកបន្តថា ហេតុនេះនៅឆ្នាំ២០២០ សាស្ត្រាចារ្យ Yugitsugu TABATA នាយកវិទ្យាស្ថានសិក្សាដើម្បីបេតិកភណ្ឌវប្បធម៌របស់សាកលវិទ្យាល័យ WASEDA នៃប្រទេសជប៉ុន បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយអាជ្ញាធរជាតិព្រះវិហារ ដើម្បីអនុវត្តគម្រោងទៅលើការងារកំណាយស្ថានីយឡបុរាណគោកដីឆ្នាំងនេះ។
លោកបានឱ្យដឹងទៀតថា ចំពោះនិស្សិតជនជាតិជប៉ុនទាំង ៦នាក់នេះ ស្ថិតក្រោមការដឹកនាំដោយសាស្ត្រាចារ្យ TABATA ដើម្បីធ្វើការសិក្សាស្រាវជ្រាវលើកំណាយស្ថានីយឡបុរាណគោកដីឆ្នាំងនេះ ដោយមានការប្រើប្រាស់ម៉ាស៊ីនស្គេន (GPR) ដើម្បីពិនិត្យមើលសំណល់បុរាណវិទ្យាផ្សេងៗនៅក្រោមដី និងងាយស្រួលកំណត់ទីតាំងសម្រាប់ការធ្វើកំណាយផងដែរ ខណៈដែលការសិក្សាស្រាវជ្រាវនេះ វាជាលើកទី៣ហើយ ដែលសាស្ត្រាចារ្យជនជាតិជប៉ុន បានដឹកនាំសិស្សរបស់ខ្លួនមកកម្ពុជា។
លោក ភិន សំណាង បានថ្លែងថា៖ «គោលបំណងស្រាវជ្រាវរបស់ពួកគាត់នេះ គឺដើម្បីចង់ដឹងបន្ថែមអំពីឧស្សាហកម្មផលិតកុលាលភាជន៍ ពិសេសចង់សិក្សាអំពីទ្រង់ទ្រាយរចនាសម្ព័ន្ធ និងទំហំឡដុតកុលាភាជន៍ នៅក្នុងតំបន់រមណីយដ្ឋានប្រាសាទកោះកេរ»។
បើតាមលោក ភិន សំណាង ក្រោយពីការប្រើប្រាស់ម៉ាស៊ីនស្គេននេះហើយ វានឹងកំណត់ទីតាំងសម្រាប់ការធ្វើកំណាយ ដូច្នេះនៅពេលឃើញទីតាំងទាំងនោះ គឺអាជ្ញាធរជាតិព្រះវិហារ និងជប៉ុន គ្រាន់តែកត់ត្រា ថតរូប ទីតាំងដែលរកឃើញនៃផ្នែកទាំងនោះ យកមកវិភាគសិន ដោយរង់ចាំបន្តការងារទៅឆ្នាំក្រោយទៀត ពីព្រោះការងារស្រាវជ្រាវកំណាយទាំងនេះ មិនមែន១ឆ្នាំធ្វើបានឡើយ ដោយត្រូវការពេលច្រើនដើម្បីវិភាគ និងធ្វើការបកស្រាយទៅលើកំណាយដែលបានរកឃើញនេះ។
លោកបានបញ្ជាក់ទៀតថា៖ «ចំពោះវត្ថុដែលបានមកពីកំណាយ គឺយើងយកមកកត់ត្រា ចុះបញ្ជីឱ្យត្រឹមត្រូវ ក្នុងការយកមកទុកស្រាវជ្រាវនៅការិយាល័យបន្តទៀត ដើម្បីបែងចែកនៃប្រភេទកុលាលភាជន៍ ឬប្រភេទផ្សេងៗទៀត ហើយយើងនឹងរៀបចំរបាយការណ៍ សម្រាប់ធ្វើការងារហ្នឹងទៅឆ្នាំក្រោយៗទៀត»។
លោកបន្ថែមថា ជាមួយគ្នានេះ រាល់ការរកឃើញទីតាំងកំណាយនីមួយៗ គឺវាមានសារៈសំខាន់ណាស់ ព្រោះនៅក្នុងតំបន់បេតិកភណ្ឌ មិនអនុញ្ញាតឱ្យមានការជីកកកាយឡើយ ដូច្នេះការបើកទីតាំងកំណាយណាមួយបាន លុះត្រាតែមានការសិក្សាស្រាវជ្រាវ និងការអង្កេតពីអ្នកជំនាញជាមុនសិន។
យោងតាមហ្វេសប៊ុកអាជ្ញាធរជាតិព្រះវិហារ កាលពីថ្ងៃទី២២ ខែធ្នូ បានឱ្យដឹងថា គោលបំណងគម្រោងស្រាវជ្រាវនៅស្ថានីយឡបុរាណគោកដីឆ្នាំងនេះ គឺចង់សិក្សាស្វែងយល់អំពីឧស្សាហកម្មផលិតកុលាលភាជន៍ ពិសេសចង់សិក្សាអំពីទ្រង់ទ្រាយរចនាសម្ព័ន្ធ និងទំហំឡដុតកុលាភាជន៍ នៅក្នុងតំបន់រមណីយដ្ឋានប្រាសាទកោះកេរ។
ក្នុងបេសកកម្មសិក្សាស្រាវជ្រាវនេះ ស្ថិតក្រោមកិច្ចសហការជាមួយនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ និងនាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ ជាមួយនឹងវិទ្យាស្ថានសិក្សាដើម្បីបេតិកភណ្ឌវប្បធម៌របស់សាកលវិទ្យាល័យ WASEDA នៃប្រទេសជប៉ុន លើគម្រោងកំណាយស្រាវជ្រាវនៅស្ថានីយឡបុរាណគោកដីឆ្នាំង៕