ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា សីតុណ្ហភាពនឹងកើនឡើងកម្តៅដល់ ៤១ អង្សាសេ នៅរដូវប្រាំងឆ្នាំ ២០២៤ ខាងមុខ ដោយក្រសួងបានអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋ ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាល ចូលរួមប្រើប្រាស់ទឹកដោយសន្សំសំចៃ។
ការព្យាករបែបនេះត្រូវបានប្រកាសឱ្យដឹងតាមរយៈសេចក្តីជូនដំណឹង ស្តីពីការព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវប្រាំង (ខែធ្នូ ឆ្នាំ២០២៣ ដល់ដើមខែឧសភា ឆ្នាំ២០២៤) របស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។
ក្រសួងបានឱ្យដឹងទៀតថា បន្ទាប់ពីបានធ្វើការតាមដាន និងពិនិត្យសង្កេត និងព្យាករស្ថានភាពវិវត្តន៍នៃសីតុណ្ហភាពលើផ្ទៃសមុទ្រ ប៉ាស៊ីហ្វិកក្បែរអេក្វាទ័របង្ហាញឱ្យឃើញថា ស្ថានភាពអាកាសធាតុនៅក្នុងរដូវប្រាំងចាប់ពីខែកុម្ភៈ ដល់ដើមខែឧសភា អាកាសធាតុកើនកម្ដៅជាលំដាប់ នឹងក្តៅខ្លាំងនៅក្នុងខែមេសា ដល់ដើមខែឧសភា ជាមួយនឹងសីតុណ្ហភាពមធ្យមអតិបរមា ៣៨អង្សាសេ និងសីតុណ្ហភាពអតិបរមានៅក្នុងថ្ងៃខ្លះអាចឡើងដល់ ៤១អង្សាសេ។
ក្រសួងបញ្ជាក់ថា៖ «សូមអំពាវនាវឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន សូមចូលរួមសហការថែរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់បំផុត ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាល នៅឆ្ងាយពីប្រភពទឹក»។
បើតាមប្រភពដដែល ចំពោះការព្យាករស្ថានភាពអាកាសធាតុនៅក្នុងរដូវប្រាំងនេះដែរ គឺអាចនឹងមានភ្លៀងកក់ខែធ្លាក់តិចជាងឆ្នាំ២០២៣ និងអាចមានបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតច្រើន។ ជាមួយគ្នានេះ ក្រសួង ក៏សូមឱ្យយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលនឹងអាចកើតមានច្រើនក្នុងខែមេសា និងខែឧសភា ឆ្នាំ២០២៤ ខាងមុខ។
លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានប្រាប់ឱ្យដឹងថា ប្រជាពលរដ្ឋនៅខេត្តបាត់ដំបង ក្រៅពីពួកគាត់ពឹងទៅលើទឹកភ្លៀងហើយ ក៏មានប្រព័ន្ធប្រឡាយទឹក អាងស្ដុកទឹក និងមានស្ទឹង បឹងជាច្រើនថែមទៀតផងដែរ សម្រាប់ប្រើប្រាស់ធ្វើកសិកម្ម និងប្រើប្រាស់ប្រចាំថ្ងៃ។
លោកថ្លែងថា៖ «ដូច្នេះអាជ្ញាធរខេត្តមិនមានការបារម្ភរឿងខ្វះខាតទឹកអ្វីនោះទេ ក៏ប៉ុន្តែយើងសូមណែនាំឱ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកដោយកុំខ្ជះខ្ជាយ ជាពិសេសចំពោះតំបន់មួយចំនួនតូចនៅក្នុងខេត្តបាត់ដំបង ដែលមិនទាន់មានប្រព័ន្ធធារាសាស្ត្រសម្រាប់ប្រើប្រាស់ យើងស្នើឱ្យកសិករត្រូវចេះប្រើប្រាស់ទឹកដែលមានហ្នឹង ដោយសន្សំសំចៃផង»។
ចំណែកលោក ណុប វុទ្ធី អភិបាលរងខេត្តព្រះវិហារ បានឱ្យដឹងដែរថា កន្លងមកអាជ្ញាធរខេត្ត បានត្រៀមវិធានការរួចហើយ ដើម្បីឆ្លើយតបទៅនឹងបញ្ហាខ្វះខាតទឹកនៅតាមតំបន់ជនបទ ពីព្រោះខេត្តព្រះវិហារ បានសាងសង់ប្រព័ន្ធធារាសាស្ត្រច្រើននៅតាមតំបន់មូលដ្ឋាន ហើយថែមទាំងមានអាងស្ដុកទឹក «រក្សា» ដែលស្ថិតនៅលើដងស្ទឹងសែន សម្រាប់ទុកចែកជូន និងបើកជូនប្រជាពលរដ្ឋដែលមានការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ និងប្រជាពលរដ្ឋដែលប្រកបអាជីវកម្ម និងកសិកម្មផងដែរ។
លោកបានប្រាប់ថា៖ «នៅខាងខ្ញុំមិនមានការព្រួយបារម្ភចំពោះការខ្វះខាតទឹកនោះទេ ដោយសារយើងមានប្រភពទឹកជាច្រើន ហើយប្រសិនជាយើងមានការខ្វះខាត គឺយើងអាចបើកអាងស្ដុកទឹកហ្នឹងចែកចាយជូនប្រជាពលរដ្ឋយើងតែម្ដង»។
លោកបន្ថែមថា ជាមួយគ្នានេះ ទោះបីមិនមានការបារម្ភរឿងបញ្ហាខ្វះខាតទឹកសម្រាប់ប្រើប្រាស់ក៏ដោយ ប៉ុន្តែអាជ្ញាធរខេត្ត នៅតែបន្តណែនាំឱ្យអាជ្ញាធរមូលដ្ឋាន ចុះទៅផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានដឹងពីការព្យាកររបស់ក្រសួងធនធានទឹក ដើម្បីចូលរួមប្រើប្រាស់ទឹកដោយមានត្រូវសន្សំសំចៃផងដែរ៕